ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អង្គការ​គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការរើសអើង​ដល់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​

​ភ្នំពេញ ​៖ ​ក្រុម​អង្គការ​គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ដូចជា​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AH F)​និង​ស្ថាប័នឯកជន​មួយចំនួនទៀត​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការរើសអើង​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​សិទ្ធិ​ពេញលេញ​នៅក្នុង​សង្គម​។​

ថ្លែង​នៅក្នុង​ទិវា​មោទនភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្រោម​ប្រធានបទ​” ក្ដី​ស្រឡាញ់ ជា​សិទ្ធិ​របស់​អ្នក​” លោក នូ វិចិត្រ ស្ថាបនិក​អង្គការ​ខ្ញុំ​គឺ​ខ្ញុំ​បាន​ឲ្យ​ដឹងថា ​ការកាត់បន្ថយ​ការរើសអើង​ទៅលើ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ នឹង​ជួយ​ឲ្យ​ពួកគេ​ហ៊ាន​ចេញមុខ​និង​ធ្វើ​សកម្មភាព​ផ្សេងៗ​នៅក្នុង​សង្គម​ពិសេស​មាន​ភាពក្លាហាន​ទៅ​ពិភាក្សា​ជា​មួយ​មន្ត្រី​សុខាភិបាល​ដើម្បី​ស្វែងយល់​ពី​វិធី​ការពារ​ខ្លួន​ជៀស​ផុតពី​ការឆ្លង​ជំងឺ​កាមរោគ​និង​ជំងឺអេដស៍​។​

ការអំពាវនាវ​របស់​ក្រុម​អង្គការ​គាំទ្រ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នានេះ​ ដោយសារតែ​បច្ចុប្បន្ននេះ​ក្រុម​ស្រលាញ់​ភេទ​ដូចគ្នា​កំពុង​ប្រឈម​នឹង​ការរើសអើង​នៅក្នុង​សង្គម​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​ពួកគេ​មិន​ហ៊ាន​ចេញមុខ​នៅក្នុង​សង្គម​បាន​ពេញលេញ​និង​ប្រឈម​នឹង​ការឆ្លង​ជំងឺអេដស៍​និង​កាមរោគ​ខ្ពស់​ក្នុងចំណោម​ក្រុម​ប្រឈម​ផ្សេងៗ​ទៀត​។​

លោក​បាន​បន្តថា​ ការ​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​របស់​ក្រុម​ស្រលាញ់​ភេទ​ដូចគ្នានេះ​ដោយសារតែ​ក្រុម​នេះ​ចូលចិត្ត​ប្រព្រឹត្តិ​ការ​រួម​ភេទ​ជា​ក្រុម​តាម​ទ្វារ​គូទ​ ដែល​ងាយ​នឹង​ដាច់​រលាត់​និង​ងាយ​ឆ្លង​មេរោគ​អេដស៍​ឬ​ជំងឺ​កាមរោគ​ដោយសារ​មិនបាន​ប្រើប្រាស់​ស្រោមអនាម័យ​ឬ​ទឹករំអិល​ត្រឹមត្រូវ​។​

មន្ត្រី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ដែល​ហៅ​កាត់​ថា​(AHF)​ដែល​បាន​ចូលរួម​នៅក្នុង​ទិវា​មោទនភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ត្រូវ​ក្លាហាន​ហ៊ាន​ចេញមុខ​នៅក្នុង​សង្គម​ដើម្បី​ទទួល​សេវា​ពិគ្រោះ​ពី​វិធី​ការពារ​ប្រឆាំង​ជំងឺអេដស៍ ​ខណៈ​ក្រុម​នេះ​មាន​អត្រា​ផ្ទុកមេរោគ​អេដស៍​រហូតដល់​ទៅ​២,១​ភាគរយ​នៃ​ចំនួន​អ្នក​ផ្ទុក​សរុប​ជិត​៧​ម៉ឺន​នាក់​។​

ចំណែក​លោក វេជ្ជបណ្ឌិត តែង​គ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ធ្លាប់បាន​ជំរុញ​ឲ្យ​អង្គ​ការដែល​ធ្វើ​ការងារ​ផ្នែក​ជំងឺ​អេដស៍​បន្ត​ខិតខំ​ស្រាវជ្រាវ​រក​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នានេះ​ឲ្យ​បាន​ច្រើន​ហើយ​ចងក្រង​ជា​បណ្តាញ​ដើម្បី​ងាយស្រួល​ក្នុង​ផ្តល់​សេវា​ផ្សេងៗ​ដល់​ពួកគេ​ពិសេស​សេវា​សុខភាព​ផ្លូវភេទ​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា បច្ចុប្បន្ននេះ​តាម​ការប៉ាន់ស្មាន​នៅ​ប្រទេស​កម្ពុ​ជាមាន​ក្រុម​បុរស​ស្រលាញ់​បុរស​ប្រហែល​៣​ម៉ឺន​នាក់នៅ​ទូទាំងប្រទេស​ក្នុងនោះ​មាន​២,១%​មាន​ផ្ទុកមេរោគ​អេដស៍​ក្នុងចំណោម​អ្នក​ផ្ទុក​ប្រមាណ​ជិត​៧​ម៉ឺន​នាក់​។​

គួរបញ្ជាក់​ថា​ ទិវា​មោទនភាព​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្រោម​ប្រធានបទ​” ក្ដី​ស្រឡាញ់ ជា​សិទ្ធិ​របស់​អ្នក​”​បាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១១​ដល់​ថ្ងៃទី​២៧​ខែឧសភា ឆ្នាំ ២០១៩​ក្នុងការ​គោលបំណង​ដើម្បី​លើកកម្ពស់​សិទ្ធិ​និង​បញ្ឍប់​រា​ល់​ការ​មាក់ងាយ​និង​ការរើសអើង​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ក៏ដូចជា​ដើម្បី​លើកទឹកចិត្ត ដល់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ទទួល​ការអបរំ ការបង្ការ ការឆ្លង​មេរោគ​អេដស៍​ជាមួយនឹង​ការទទួល​ការធ្វើ​តេស្ត​ឈាម​និង​ការព្យាបាល​មេរោគ​អេដស៍​គ្រប់​ជ្រុងជ្រោយ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114