ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ថ្ងៃ​ទី​៤ នៃ​ការឃោសនា​រក​សំឡេងឆ្នោត មាន​គណបក្សនយោបាយ​ចំនួន​៦ បានធ្វើ​សកម្មភាព​ឃោសនា​នៅតាម​មណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ ដែល​ត្រូវជា​ថ្ងៃទី​៤ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​គណបក្សនយោបាយ​ចំនួន​៦ បាន​ធ្វើ​សកម្មភាព​ឃោសនា​នៅតាម​មណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ​បើតាម​ការបញ្ជាក់​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។

គណបក្សនយោបាយ​ចំនួន​៦ ដែល​បាន​ធ្វើ​សកម្មភាព​ឃោសនា​នោះ​រួមមាន ទី​១. គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ប្រជុំ​ជាមួយ​សមាជិក សមាជិកា​បក្ស បេក្ខជន​ឈរឈ្មោះ ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​នៅតាម​ទីស្នាក់ការ​បក្ស​ក្នុង​រាជធានី ខេត្ត​ចំនួន ១៧ រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​ត្បូងឃ្មុំ សៀមរាប ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង រតនគិរី ពោធិ៍សាត់ ឧ​ត្ត​រ​មានជ័យ កែប មណ្ឌលគិរី ព្រៃវែង តាកែវ ប៉ៃលិន ព្រះសីហនុ ក្រចេះ និង​ខេត្តកំពង់ស្ពឺ ដោយមាន​អ្នកចូលរួម​សរុប ៥,៣៤៦​នាក់​។

ទី​២. គណបក្ស ឆន្ទៈ​ខ្មែរ បានធ្វើ​សកម្មភាព​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ចល័ត នៅ​ខណ្ឌដូនពេញ និង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ ១០​នាក់ រថយន្ត ១​គ្រឿង ម៉ូតូ ៧​គ្រឿង និង​រ៉ឺម៉ក​កង់​បី ៦​គ្រឿង​។

ទី​៣. គណបក្ស​សញ្ជាតិ​កម្ពុជា បានធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​នៅ​តាម​ក្រុង ស្រុក ក្នុង​ខេត្ត​ត្បូងឃ្មុំ ពោធិ៍សាត់ រតនគិរី និង​ខេត្ត​កំពង់ស្ពឺ និង​ធ្វើការ​ជួប​ប្រជុំ​នៅ​ទីស្នាក់ការ​បក្ស និង​ចែក​ខិត្តប័ណ្ណ នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តតាកែវ ដោយមាន​អ្នកចូលរួម​៣១០​នាក់ រថយន្ត​១២​គ្រឿង និង​ម៉ូតូ ៧​គ្រឿង​។

ទី​៤. គណបក្ស​យុវជន​កម្ពុជា បានធ្វើ​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​គោលនយោបាយ នៅ​ឃុំ​ចំនួន ៤ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​អ្នកចូលរួម​សរុប​៦​នាក់​។

ទី​៥. គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ធ្វើ​សកម្មភាព​ជួប​ប្រជុំ​សមាជិក សមាជិកា​បក្ស បេក្ខជន​ឈរ​ឈ្មោះ នៅ​ឃុំ​ព្រៃ​ក្មេង ក្នុងស្រុក​ភ្នំស្រួច និង​ឃុំ​ស្វាយ​រំពារ​ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ និង​ចែក​ខិត្តប័ណ្ណ និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ នៅ​ខេត្ត​ក្រចេះ ដោយមាន​អ្នកចូលរួម​សរុប​៩៨​នាក់​។

ទី​៦. គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា ចេញពី​ភូមិ​បាញ់​កង្កែប ឃុំ​ត្រពាំង​កង ទៅ​ស្រុក​ឧដុង្គ និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយមាន​អ្នកចូលរួម​សរុប​២០​នាក់ រថយន្ត​២​គ្រឿង និង​ជួបជុំ​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រៃ​ស និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម គ​.​ជ​.​ប ជារួម​បរិយាកាស សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នា​ឱកាស​ឃោសនាបោះឆ្នោត របស់​គណបក្ស​នយោបាយ នៅ​ថ្ងៃទី​៤ ត្រូវ​បាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

ដោយឡែក នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​៣ នៃ​ការឃោសនា​រក​សំឡេងឆ្នោត មាន​គណបក្ស​នយោបាយ​ចំនួន​៦ បានធ្វើ​សកម្មភាព​ឃោសនា​នៅតាម​មណ្ឌល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមមាន ទី​១. គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​សកម្មភាព ប្រជុំ​ជាមួយ​សមាជិក សមាជិកា​បក្ស បេក្ខជន​ឈរឈ្មោះ ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ នៅតាម​ទីស្នាក់ការ​បក្ស​ក្នុង​រាជធានី ខេត្ត​ចំនួន ១៤ រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ ស្វាយរៀង ព្រះវិហារ ស្ទឹងត្រែង ពោធិ៍សាត់ កំពង់ស្ពឺ រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ឆ្នាំង មណ្ឌលគិរី និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយមាន​អ្នកចូលរួម​សរុប​៤,៥៦៦​នាក់​។

ទី​២. គណបក្ស​ឆន្ទៈ​ខ្មែរ បានធ្វើ​សកម្មភាព​ហែ​ក្បួន នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​សរុប ប្រមាណ​១០០​នាក់ រថយន្ត​១០​គ្រឿង ម៉ូតូ​២០​គ្រឿង និង​រ៉ឺម៉ក​កង់​បី​៦​គ្រឿង​។

ទី​៣. គណបក្ស​សញ្ជាតិ​កម្ពុជា បានធ្វើ​សកម្មភាព​ហែ​ក្បួន នៅ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ មណ្ឌលគិរី និង​ស្ទឹងត្រែង ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ ២៤០​នាក់ រថយន្ត ២១​គ្រឿង និង ម៉ូតូ ២៣​គ្រឿង និង​ធ្វើការ​ជួបប្រជុំ​នៅ​ទីស្នាក់ការ​បក្ស ខេត្ត​ប៉ៃលិន ដោយមាន​អ្នកចូលរួម ៥២​នាក់​។

ទី​៤. គណបក្ស​យុវជន​កម្ពុជា បានធ្វើ​សកម្មភាព ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយមាន​អ្នកចូលរួម​សរុប​៦​នាក់​។

ទី​៥. គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានធ្វើ​សកម្មភាព ជួប​ប្រជុំ​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ ដោយមាន​អ្នកចូលរួម​សរុប​៣៦​នាក់​។​
​ទី​៦. គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​សកម្មភាព ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយ​ជារួម​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ នៅ​ថ្ងៃទី​៣ នេះ ត្រូវបាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។

​សូម​បញ្ជាក់​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​៨​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា និង​មាន​គណបក្ស​ចំនួន​៧ បាន​ចុះបញ្ជី​ឈរ​ឈ្មោះ ដើម្បី​ចូលរួម​ប្រកួតប្រជែង ហើយ​ជារួម រហូតមកដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៩ ដែល​ជា​ថ្ងៃ​ទី​៤ នៃ​យុទ្ធនា​ការឃោសនា​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​គ្មាន​អំពើហិង្សា​ណាមួយ​កើតឡើង​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114