ព័ត៍មានទាន់​ហេតុការណ៏
Search

AFF U15 Girl ៖ ក្រុម​ឡាវ ឡើងទៅ​ប៉ះ​ម្ចាស់ផ្ទះ​ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​

ពានរង្វាន់ AFF U15 Girls’ Championship 2019 កំពុងតែ​រៀបចំឡើង​នៅ​ខេត្ត​ឈុន​បូរី ក្រោម​ការ​សហការ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ បាន​បញ្ចប់​វគ្គ​ជម្រុះ​តាម​ពូ​ល​ហើយ​ដោយ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​១៥​ឆ្នាំ ​នារី​របស់​កម្ពុជា​(U-15) ធ្លាក់​តាំងពី​វគ្គ​ជម្រុះ​តាម​ពូ​ល ហើយ​ក្រុម​ឡាវ​និង​ថៃ បាន​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

សរុប​លទ្ធផល​ប្រចាំ​វគ្គ​ពាក់កណ្ដាល​ផ្តាច់​ព្រ័ត្រ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី ១៩ ខែឧសភា ឆ្នាំ២០១៩​ថ្មីៗ​នេះ​ គឺ​ក្រុម​ថៃ បាន​យកឈ្នះ​លើ​ក្រុម​វៀតណាម ១​ទល់​០ ហើយ​ក្រុម​ឡាវ បាន​យកឈ្នះ​លើ​ក្រុម​ហ្វីលីពីន ៣​ទល់​១​។ ដូច្នេះ​ក្រុម​វៀតណាម​ត្រូវ​ជួប​ក្រុម​ហ្វីលីពីន ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​អង្គារ ទី​២១ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន IPE1 ហើយ​ក្រុម​ថៃ ត្រូវ​ប៉ះ​ក្រុម​ឡាវ នៅ​វេលា​ម៉ោង​៦​ល្ងាច​ដើម្បី​ដណ្តើម​ជើងឯក​។

​សូម​បញ្ជាក់​ថា ​ពានរង្វាន់ AFF U-15 Girl’s Championship មាន​ក្រុម​ចូលរួម​ចំនួន​៩​ក្រុម​ប៉ុណ្ណោះ​ក្រោយ​ក្រុម​ឥណ្ឌូណេស៊ី ប្រកាស​ដកខ្លួន​ចេញ ខណៈ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា​,​វៀតណាម​,​ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត ខណៈ​ពូ​ល B មាន​ថៃ​,​ឡាវ​,​ម៉ាឡេស៊ី​,​សឹង្ហ​បុរី និង​កម្ពុជា​។ សហព័ន្ធ​កីឡាបាល់ទាត់​ថៃ បានសម្រេច​ជ្រើសរើស​ខេត្ត​ឈុន​បូរី ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​នេះ​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៩ ដល់​២១ ខែ ឧសភា ឆ្នាំ​២០១៩​។ ក្រុម​ខ្លាំង​ពូ​ល A វៀតណាម និង​ហ្វីលីពីន ខណៈ​ក្រុម​ខ្លាំង​ពូ​ល B មាន​ថៃ និង​ឡាវ​។

​ពានរង្វាន់​កម្រិត U-15 នារី​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) ទើបតែ​រៀបចំ​បាន​៣លើក​ប៉ុណ្ណោះ ដោយ​នៅ​ឆ្នាំ​២០០៩ ដែល​ធ្វើឡើង​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជើងឯក​បាន​ទៅ​អូស្ត្រាលី ហើយ​ក្រោយមក​ពានរង្វាន់​នេះ​ក៏​ខកខាន​រៀបចំឡើង​មួយ​រយៈ​រហូត​នៅ​ឆ្នាំ​២០១៧ ពានរង្វាន់​នេះ​រៀបចំឡើង​ម្តង​ទៀត​នៅ​ប្រទេស​ឡាវ ហើយ​ជើងឯក​បាន​ទៅ​ថៃ ស្រប​ពេល​ក្រុម​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ចាញ់​មី​យ៉ាន់​ម៉ា ៣​ទល់​១ ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​។ នៅ​ឆ្នាំ​២០១៨ កន្លងទៅ​ធ្វើឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ជើងឯក​បន្តបាន​ទៅ​ប្រទេស​ថៃ ហើយ​កម្ពុជា ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114