ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខេត្ត​រតនគិរី​បាន​ចាត់ទុក​ការ​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​២០​ឧសភា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប

រតនគិរី ៖ លោក ថង សាវុន បាន​មានប្រសាសន៍​បែបនេះ​ក្នុង​ឱកាស​ដែល​រដ្ឋបាល​ខេត្តរតនគិរី រៀបចំ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​និង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​២០​ឧសភា​ឆ្នាំ​២០១៩​និង​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក តំណាងរាស្ត្រ និង​លោកជំទាវ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​យុវជន​ស​.​ស​.​យ​.​ក យុវជន​ស្ម័ក្រចិត្ត​កាកបាទក្រហម និង​ប្រជាពលរដ្ឋ​ដែល​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​ស្តូប​អនុស្សាវរីយ៍​មិត្តភាព​កម្ពុជា​-​វៀតណាម​ស្ថិតនៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង នា​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។

 

​លោក ថង សាវុន អភិបាលខេត្ត​បាន​បន្តថា ទិវា​នៃ​ការ​ចងចាំ​ដែល​យើងទាំងអស់គ្នា​ប្រារព្ធ​ធ្វើជា​រៀង​រាល់​ឆ្នាំនេះ ក៏​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ ជូន​ចំពោះ​ប្រជាជន ព្រះសង្ឃ វីរជន​ស្នេហា​ជាតិ និង​ប្រជារាស្ត្រ​ស្លូតត្រង់ ដែល​បាន​បាត់បង់​ជីវិត ក្រោម​ស្នាដៃ​ដ៏​ឃោរឃៅ​នៃ​របប​ប្រល័យពូជសាសន៍ ដែល​បាន​កាន់កាប់​ត្រួតត្រា​ដឹកនាំ​ប្រទេស​រយៈពេល​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ជីវិត​ប្រជារាស្ត្រ​ជាង​៣​លាន​នាក់​បាត់បង់ និង រាប់លាន​នាក់​ទៀត​ត្រូវ​ព្រាត់ប្រាស បែកបាក់​គ្រួសារ បងប្អូន ក្លាយជា​ស្ត្រី​មេម៉ាយ ក្មេង​កំព្រា និង ជនពិការ​ជាដើម​។ ហើយ ការ​បាត់​បង់​អាយុជីវិត​ប្រជាជន​ជាង​៣​លាន់​នេះ​មិនមែនជា​ការកំណត់​ដោយ​កត្តា​ធម្មជាតិ​ទេ គឺជា​អត្តនោម័តិ​យ៉ាង​ពិត​ប្រាកដ​របស់​ពួក​មេ​ឃាតករ​ប្រល័យពូជសាសន៍ ជា​ទមិឡ​ឥត​សាសនា គ្មាន​មនោសញ្ចេតនា គ្មាន​មនុស្សធម៌ សីលធម៌ មានតែ​ចិត្ត​ខ្មៅ​ឧក្រិដ្ឋ សហាវ​ព្រៃផ្សៃ​យង់ឃ្នង​ផ្តាច់ការ​តែប៉ុណ្ណោះ។

ដោយ​នឹកឃើញ​ឡើយ​វិញ​នូវ សកម្មភាព និង ទង្វើ​ដ៏​ឈឺចាប់​នេះហើយ ​ដែល​ធ្វើឲ្យ​កូន​ខ្មែរ​នៅ​សេសសល់​ពី​ការ​កាប់សម្លាប់ នៅមាន​អារម្មណ៍​រន្ធត់​ក្ដុកក្ដួល​នៃ​វិនាសកម្ម ​ដែល​មិន​អាច​ភ្លេច​បាន និង​ចងចាំ​អស់​មួយ​ជីវិត​ចំពោះ​ការ​ពលី​ជីវិត របស់​វីរជន​កងទ័ព​ស្នេហា​ជាតិ។

ដើម្បី​ជា​ការ​តបស្នង​សងគុណ​ដល់​វិញ្ញាណក្ខន្ធ​របស់​យុទ្ធជន​យុទ្ធ​នារី​និង​ប្រជាជន​ទាំងអស់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​វេទនា​ខ្លោចផ្សា​ជាទីបំផុត​នោះ​ យើង​ទាំងអស់​គ្នា​ត្រូវ​បន្ត​ពង្រឹង​និង​លើកកម្ពស់​ភារកិច្ច​ចូលរួម​ថែរក្សា​សុខ​សន្តិភាព ថែរក្សា​នូវ​រាល់​សមិទ្ធផល​ជាតិ ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ​និង​ការ​ពង្រឹង​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​គ្រប់​ថ្នាក់ រក្សា​ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង ការ​អភិវឌ្ឍន៍​ដែល​កំពុង​ធ្វើ​ដំណើរ​តែ​ឆ្ពោះ​មុខ​ឥត​ឈប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114