ព័ត៍មានទាន់​ហេតុការណ៏
Search

២០​ឧសភា ទិវា​ជាតិ​នៃ​ការ​ចងចាំ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍​កើតមាន​ជាថ្មី​នៅ​កម្ពុជា

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ជាថ្មី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សូម​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ទប់ស្កាត់​កុំ​ឲ្យ​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​វិល​មក​កម្ពុជា​ជាថ្មី​។ ខណៈ​ថ្ងៃនេះ​ជា​ថ្ងៃទី​២០ ខែឧសភា ជា «​ទិវា​ជាតិ​នៃ​ការចងចាំ​»​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា ​មានតែ​សន្តិភាព​ទេ​ទើប​ផ្តល់ឱកាស​គ្រប់បែបយ៉ាង​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ​សហគមន៍​និង​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចំរើន​ឆាប់រហ័ស​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ថា «​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​ដល់​ពលរដ្ឋ​ក្នុង​ការកសាង​សង្គម​គ្រួសារ​,​សហគមន៍​និង​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ឆាប់រហ័ស​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឲ្យបាន​គង់វង្ស​ជា​រៀងរហូត ហើយ​នាំគ្នា​ទប់ស្កាត់​កុំ​ឲ្យ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​វិល​មក​កម្ពុជា​សាជាថ្មី​»​។

​សម្តេច​បាន​បន្តទៀតថា សព្វថ្ងៃនេះ​ក្រោយពី​កម្ពុ​ជាមាន​សន្តិភាព​ផុតពី​សង្គ្រាម​គឺ​ពលរដ្ឋ​រស់នៅ​សុខ​ស្រួល​ជាមួយ​ក្រុមគ្រួសារ​ហើយ​មានការ​ងារ​និង​មុខ​របបរ​ធ្វើ​ទៅតាម​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​ជាមួយនឹង​ជីវភាព​រស់នៅ​ធូរធារ​សមរម្យ​។

​ថ្ងៃ​ទី​២០ ឧសភា​នេះ គឺជា «​ទិវា​ជាតិ​នៃ​ការចងចាំ​»​ដែល​រំលឹក​ដល់​ជនរងគ្រោះ​និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៧ មេសា ១៩៧៥ -៧ មករា ១៩៧៩)​។ គោល​បំ​ណង​នៃ​ទិវា​ជាតិ​នៃ​ការ​ចងចាំ​គឺ​បង្កើតឡើង​ដើម្បី​រំលឹក​និង​គោរព​វិញ្ញាណក្ខន្ធ​និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់​នៅក្នុង​របប​ប៉ុលពត​ដ៏​ឃោរឃៅ​នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើ​កថា​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បាន​ដឹង និង​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់​ដែល​ប្រជា​ជា​ពលរដ្ឋ​ខ្មែរ​មួយ​ប្រទេស​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​និង​ទឹកភ្នែក​ការ​កាប់សម្លាប់​បំផ្លិចបំផ្លាញ​ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ​និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ដូច​សត្វ​គ្មាន​ពេល​សម្រាក ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព​គ្មាន​លទ្ធិប្រជាធិបតេយ្យ​ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន មាន​តាំងពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។

​គួរ​បញ្ជាក់​ថា នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ «​ទិវា​ជាតិ​នៃ​ការចងចាំ​» នៅ​រាជធានី​ភ្នំពេញ​មាន​ប្រារព្ធ​ទិវា​នៃ​ការចងចាំ​ដែលមាន​មហាជន​រហូត​រាប់ពាន់​នាក់​បាន​ជួបជុំគ្នា​នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើង​ឯង​ក្រោម​អធិបតីភាព​របស់លោក ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

នៅក្នុង​ពិធី​នៅថ្ងៃនេះ​មានការ​សម្តែង​នូវ​ឈុត​ឆាក​មួយចំនួន​បង្ហាញ​ទង្វើ​ដ៏​សែន​ព្រៃផ្សៃ​របស់​បន​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​នៅ​ចុងក្រោយ​នៃ​កម្មវិធី​មាន​ពិធីសូត្រមន្ត​បង្សុកូល​និង​រាប់បាត្រ​ព្រះសង្ឃ​ប្រមាណ ២០៧​អង្គ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ស្លាប់​ក្នុង​របប​ពិឃាដ​ឃោរឃៅ​នេះ​ជាង​៣​លាន​នាក់​។

​«​ទិវា​ជាតិ​នៃ​ការចងចាំ​»​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​ថ្ងៃបុណ្យ​ជាតិ​កាលពី​ឆ្នាំ​២០១៨​។ ការកំណត់​យក​ថ្ងៃនេះ​ធ្វើជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​សម្រាប់​ជាការ​រំឭក​ដល់​ជនរងគ្រោះ​និង​ការ​ឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។

រាជរដ្ឋាភិបាល​បាន​កំណត់​ជា​ទិវា​ជាតិ​នៃ​ការចងចាំ​នេះ​ធ្វើឡើង​ដើម្បី​លើក​តម្កើង​ការ​គោរព​វិញ្ញាណក្ខន្ធ និង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំឭក​ដល់​ជនរងគ្រោះ​ការស្តារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ប៉ះប៉ូវ​ការឈឺចាប់ ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជន រងគ្រោះ និង​ក្រុមគ្រួសារ​ចូល រួម​ក្នុងការ​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ដើម្បី​កុំ​ឲ្យ​វា​កើតមាន​សាជាថ្មី​។ ទិវា​ជាតិ​នៃ​ការចងចាំ​នេះ​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​។ ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ​សាសនា ឬ​ទំនៀមទម្លាប់​របស់ខ្លួន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114