ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្សានុសិស្ស​ជាង​១០០​នាក់​ចូលរួម​ក្នុង​ទិវា​បាល់ទាត់​ដែល​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន រៀបចំ​នៅ​ខេត្តសៀមរាប

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​រៀបចំ​ទិវា​បាល់ទាត់ (Football Clinic) នៅ​ខេត្តសៀមរាប កាលពី​ចុង​សប្ដាហ៍​ថ្មីៗ​នេះ គឺ​ស្រប​ពេលដែល​ក្រុម​ក្នុង​រាជធានី​ភ្នំពេញ មួយ​នេះ​ធ្វើដំណើរ​ទៅ​ប្រកួត​ក្នុង​សប្ដាហ៍​ទី​៨​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្នុង​ខេត្តសៀមរាប​ផងដែរ​។

​យោង​តាម​ការ​បញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​លើក​ឡើង​ថា ​ក្រុម​គ្រូបង្វឹក កីឡាករ បុគ្គលិក និង​ក្រុម​អ្នកគាំទ្រ (The RED) នៃ​ក្លិប​ភ្នំពេញ​ក្រោ​ន បានរៀបចំ​កម្មវិធី Football Clinic នៅ​វិទ្យាល័យ​សម្តេចឪ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៩ ខែឧសភា ឆ្នាំ​២០១៩ ដោយ​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​រីករាយ និង​ជោគជ័យ​។ ស្ថិតក្នុង​បរិយាកាស​ដែល​គួរ​ឲ្យ​រីករាយ​នេះ​សិស្សានុសិស្ស​ប្រមាណ​ជាង​១០០​នាក់ ដែល​សិក្សា​នៅ​វិទ្យាល័យ​សម្តេចឪ បាន​រៀន​សូត្រ​ច្រើន​ទាក់ទង​ទៅនឹង​ការ​លេង​បាល់ទាត់ (​ការប៉ះបាល់ ការ​សហការ​គ្នា​ជា​ក្រុម ការ​ទាត់​ទី ការ​បណ្តើ​របាល់​) និង​ការអប់រំ​លើ​បញ្ហា​បរិស្ថាន​ផងដែរ​។

លោក ឈិន តៃ​ឈាង នាយក​សាលា​វិទ្យាល័យ​សម្តេចឪ បាន​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​ការរៀបចំ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន នៅ​ក្នុង​បរិវេណ​សាលា​របស់លោក ហើយ​លោក​សង្ឃឹមថា​ចំណងមិត្តភាព​រវាង​សាលា​និង​ក្លិប​កាន់​តែ​មាន​ភាព​រឹងមាំ​បន្ថែមទៀត ហើយក៏​មានបំណង​ចង់​បន្តសកម្មភាព​បែបនេះ​ជាមួយ​ក្លិប​នាពេល​អនាគត​ផងដែរ​។

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានសម្រេច​ជ្រើស​រើសយក វិទ្យាល័យ​សម្តេចឪ ដោយសារតែ​សង្កេត​ឃើញ​ថា ​វិទ្យាល័យ​ដែលជា​ស្នា​ព្រះហស្ត​ដ៏​ឧត្ដុង្គឧត្ដម​នៃ​ព្រះករុណា​សម្តេច​តា ព្រះ​បរម​រតន​កោដ្ឋ​នេះ បាន​ដើរ​តួនាទី​យ៉ាងសកម្ម និង​ប្រកបដោយ​សក្តានុពល​ក្នុង​ការ​កសាង​ធនធានមនុស្ស​រាប់ពាន់​នាក់​បន្ទាប់ពី​ត្រូវ​បាន​បង្កើតឡើង​តាំងតែ​ពី​ឆ្នាំ​១៩៩៦ មក​នោះ​។ ចំណែក​លទ្ធផល​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៨​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា វិញ​គឺ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ចាញ់​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​ស្វាយ​ធំ (​កីឡដ្ឋាន​ខេត្តសៀមរាប​) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៨​ខែឧសភា ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114