ព័ត៍មានទាន់​ហេតុការណ៏
Search

ម្ចាស់​ចម្ការ​ដំណាំ​ទុរេន​សូម​សំណូមពរ​ដល់​ក្រសួង​រ៉ែ ឲ្យ បញ្ចុះតម្លៃ​អគ្គីសនី តាម​អនុសាសន៍​របស់ សម្តេច​តេ​ជោ​សែន

ភ្នំពេញ​៖ នា​ឪ​កាស​ចុះ​ពិនិត្យ ទៅពិនិត្យ​ចម្ការ​ទុរេន​របស់​លោក ស៊ីវ ផាន់​នី នៅ​ឃុំ​អារ​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បងប្អូន​ម្ចាស់​ចម្ការ តាមរយៈ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម បាន សូម​សំណូមពរ​ដល់​ក្រសួង​រ៉ែ និង​ថាមពល មេត្តា​ពិនិត្យ​ពិចារណា​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពី​ការ​បញ្ចុះ​តម្លៃ​អគ្គីសនី ដើម្បី​ឲ្យ​ពួកគាត់​អាច​បូមទឹក ស្រោចស្រព។

ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កម្មវិធី​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ នៅ​ស្នាក់​ការ​បក្ស​ស្រុក​ត្បូងឃ្មុំ កាលពី​ចុង​ស​ប្តា​ហ៍នេះ លោក រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​ចុះ​ទៅពិនិត្យ​ចម្ការ​ទុរេន​របស់​លោក ស៊ីវ ផាន់​នី នៅ​ឃុំ​អារ​ត្នោត ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ នា​ឱកាស​នេះ លោក​បាន​សួរនាំ​ពី​សុខទុក្ខ បញ្ហា​ជីវភាព ការងារ​បង្កបង្កើនផល និង​ជាពិសេស​ដំណាំ​ទុរេន​ដែល​កំពុង​ពេញនិយម​នៅលើ​ទីផ្សារ​នា​បច្ចុប្បន្ន​នេះ​។

បងស្រី​ស៊ីវ ផាន់​នី ម្ចាស់​ចំការ​បាន​ជម្រាប​ជូន​លោក រដ្ឋមន្ត្រី​ថា​បច្ចុប្បន្ន​បាន​ដាំ​ទុរេន​លើ​ផ្ទៃដី ៤,៥​ហ​ត ប្រមូល​ផល​បាន​១​រដូវ​ចំនួន ១០​ត​/​ហ​ត មាន​ទីផ្សារ​ល្អ តម្លៃ​បោះ​ដុំ ២​ម៉ឺន​រៀល ក្នុង​មួយ​គីឡូ ។ ចំពោះ​ទិន្នផល​ឡើង​ចុះ​ទៅតាម​រដូវ ឆ្នាំនេះ​ដោយសារ​អាកាសធាតុ​ក្តៅ​ពេក ឃើញ​ថា ​ទិន្នផល​មានការ​ធ្លាក់ចុះ​។ បងស្រី​បាន​បន្ថែមថា​ភាគច្រើន​ម្ចាស់​ចំការ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ និង​ឥណទាន​ការប្រាក់​ខ្ពស់​។

ក្ដាប់​បាន​ពី​បញ្ហា​របស់​ម្ចាស់​ចម្ការ លោក​រដ្ឋមន្ត្រី​បាន​បកស្រាយ​ជូន​បងប្អូន​ម្ចាស់​ចម្ការ​នូវ​រឿង ០៤ សំខាន់​គឺ​ទី​១.​ការងារ​បច្ចេកទេស​ដាំ បញ្ហា​ជំងឺ និង​ការ​ប្រមូល​ផល​ទុរេន ទី​២.​នីតិវិធី​នៃ​ការនាំចេញ​កសិផល​កម្ពុ​ជា​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ ទី​៣. ការរៀបចំ​ចងក្រង​សហគមន៍​ផលិត​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់ គុណភាព និង​បង្កើន​តម្លៃបន្ថែម ជាពិសេស​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ទី​៤. ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម​ទាក់ទង​ជាមួយ​ធនាគារ​កសិកម្ម​វៀតណាម​ដែល​ធនាគារ​នេះ​កំពុង​មាន​កិច្ចសហការ​ជាមួយ​ក្រសួង​ដើម្បី​សិក្សា​ពី​កម្ចី​ឥណទាន​ដែល​មាន​ការប្រាក់​ទាប​ជាង​បច្ចុប្បន្ន​។

​តាមរយៈ​លោក​រដ្ឋមន្ត្រី បងប្អូន​ម្ចាស់​ចម្ការ​សូម​សំណូមពរ​ដល់​ក្រសួង​រ៉ែ និង​ថាមពល​មេត្តា​ពិនិត្យ​ពិចារណា​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពី​ការ​បញ្ចុះ​តម្លៃ​អគ្គីសនី ក្នុងការ​បូម​ទឹក ដែល​តម្លៃ​បច្ចុប្បន្ន​បាន​ប៉ះពាល់​ដល់​តម្លៃ​បន្ថែម​ក​សិ​ផល​យ៉ាងខ្លាំង ហើយ​តំបន់​នេះ​មិនទាន់បាន​អនុវត្ត​នៅឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114