ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​រើស​អេតចាយ​លំដាប់​វី​អាយ​ភី ​ជិះ​រ៉ឺ​ម៉ក​ដើរ​ប្រមូល​របស់របរ​ពេលយប់​ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់​ចាប់​ឲ្យ​ប៉ូលិស

កណ្ដាល ៖ ក្រុម​អ្នករក​ស៊ី​ដើរ​រើស​អេតចាយ​ពេលយប់ ប្រើ​ប្រភេទ​រ៉ឺម៉ក ជិះ​ដើរ​ពេញ​ភូមិ​ឃើញ​អី​យក​នឹង តែ​មក​ប្រមូល​យក​ទ្វារ​ដែក​និង​ជណ្ដើរ​ដែក របស់គេ ម្ចាស់​គេ​ភ្ញាក់​ដឹងខ្លួន​ឃើញ​ទាន់​នាំគ្នា​ជិះ​ម៉ូតូ​ដេញតាម​៤​ ឬ ៥​គីឡូ​ដី​ទើប​ចាប់​បាន​ប្រគល់​ឲ្យ​ប៉ូលិស កាលពី​ព្រឹក​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ភូមិ​ត្រពាំងវែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ម្ចាស់ផ្ទះ​មានឈ្មោះ​ហេង ផល្លី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ នៅ​ភូមិ​ត្រពាំងវែង ឃុំ ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​ តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ​របស់របរ​ដែល​បាត់​នោះ​រួមមាន​១-​ជណ្តើរ​ដែក​ចំនួន​២-​ដែក​ចំ​រ៉ឹង​បង្អួត​១​ផ្ទាំង​៣-​ដែក​ទ្វារ​១​ផ្ទាំង​។

មុន​ពេល​កើតហេតុ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់ ​ជិះ​ម៉ូតូ​រ៉ឺម៉ក​ដើរ​រើស​អេតចាយ​ពេលយប់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ លុះ​មកដល់​ចំណុច​កើតហេតុ​មុខផ្ទះ​របស់​ជនរងគ្រោះ ក្រុម ជនសង្ស័យ បាន​ចូល​លួច​ដែក​ដែល​ជនរងគ្រោះ រុះរើ​ទុក​មុខ​ផ្ទះ លើក​យក​ដែក​ដាក់​លើ​រ៉ឺម៉ក​រួច​ជិះ​ចេញ ទៅ​យ៉ាង​លឿន ទើប​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់​ជិះ​ម៉ូតូ​ដេញទាន់​ដល់​មុខ​សាលាក្តី ខ្មែរក្រហម សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ស្រុក​អង្គស្នួល តែម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា​ ជនសង្ស័យ​ទាំង​បី​នាក់​ មានឈ្មោះ ១​ឈ្មោះ កុយ គក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រើស​អេតចាយ​(​ពេលយប់​) ស្នាក់នៅ ភូមិ​ចាក់​ជ្រូក សង្កាត់​ចោមចៅ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ២-​ឈ្មោះ កុយ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​ភូមិ ចាក់​ជ្រូក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​គេចខ្លួន​)។

៣-​ឈ្មោះ​មិន​ស្គាល់​គេចខ្លួន​។ ជនសង្ស័យ​នឹង​វត្ថុតាង​ត្រូវ​បាន​កម្លាំង សមត្ថកិច្ច​កសាង​សំណុំរឿង​នឹង​បញ្ជូន​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114