ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2019 ៖​ ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ណាហ្គា​វើ​ល ដណ្តើម​កៅអី​កំពូល​តារាង​ពី​ព្រះខ័ន​រាជ​ស្វាយរៀង

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបញ្ចប់​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​៨​របស់ខ្លួន​ថ្មីៗ​នេះ ខណៈ​ក្រុម​ណាហ្គា​វើ​ល បាន​ដណ្តើម​កៅអី​កំពូល​តារាង​ពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​ក្រុម​ខេត្តកំពង់ចាម ស្ថិតនៅ​បាត​តារាង​ដដែល​។

សម្រាប់​លទ្ធផល​សរុប​ប្រចាំ​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​២០១៩​នេះ​គឺ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែឧសភា ឆ្នាំ​២០១៩ គឺ​ក្រុម​សូល​ទី​ឡូ​អង្គរ យកឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​វិសាខា ឈ្នះ​ក្រុម​សាលា​កីឡាបាល់ទាត់​ជាតិ​បាទី​៥​ទល់​១​លើ​ទីលាន​កីឡដ្ឋាន​វិសាខា និង​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​)​។ ចំណែក​៤​គូ​ទៀត​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែឧសភា ឆ្នាំ២០១៩ គឺ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ស្មើគ្នា​ជាមួយ​ក្រុម​បឹងកេត ២​ទល់​២​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈ្នះ​ក្រុម​ក្រសួងការពារជាតិ ៤​ទល់​១​លើ​ទីលាន​កីឡដ្ឋាន​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី ក្រុម​អាស៊ី​អឺរ៉ុប ឈ្នះ​ខេត្តកំពង់ចាម ៥​ទល់​០​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈ្នះ​អគ្គីសនី​កម្ពុជា លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​៨​លើក​នេះ​មក​ឃើញថា​ ក្រុម​ណាហ្គា​វើ​ល ឈរ​លេខ​១ មាន​២១​ពិន្ទុ​ហើយ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​២ មាន​២០​ពិន្ទុ ក្រុម​វិសាខា ឈរ​លេខ​៣ មាន​១៩​ពិន្ទុ ហើយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​៤ មាន​១៥​ពិន្ទុ​ក្រុម​បឹងកេត ឈរ​លេខ​៥ ក្រុម​ក្រសួងការពារជាតិ ឈរ​លេខ​៦ មាន​១៤​ពិន្ទុ​ស្មើគ្នា​។ ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​៧​មាន​១០​ពិន្ទុ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​៨ ក្រុម​ភ្នំពេញ​ក្រោ​ន ឈរ​លេខ​៩ ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១០ មាន​៩​ពិន្ទុ​ដូចគ្នា ក្រុម​លេខ​១១ អគ្គីសនី​កម្ពុជា មាន​ពិន្ទុ​៧​ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ឈរ​លេខ​១៣ ក្រុម​ខេត្តកំពង់ចាម លេខ​១៤​មាន​៣​ពិន្ទុ​ស្មើគ្នា​។

​សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​៩ នឹង​បន្ត​ធ្វើឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែឧសភា ឆ្នាំ​២០១៩ ក្រុម​ក្រសួងការពារជាតិ ជួប​ក្រុម​វិសាខា នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ហើយ​ក្រុម​បឹងកេត ជួប​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​បឹងកេត (​បឹង​ស្នោ​) និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។

ចំណែក​៤​គូ​ទៀត​ត្រូវ​ប្រកួត​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ដោយ​ក្រុម​ខេត្តកំពង់ចាម ទទួល​ក្រុម​ណាហ្គា​វើ​ល នៅ​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់ ហើយ​ក្រុម​សាលា​បាល់ទាត់​ជាតិ ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium និង​ក្រុម​អគ្គីសនី​កម្ពុជា ជួប​ក្រុម​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា​។

​តាម​គម្រោង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ថ្មី​ឆ្នាំ ២០១៩ នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​មានឱកាស​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​មួយចំនួន​ដូចជា​ពានរង្វាន់ AFC Cup, Mekong Championship និង​ពានរង្វាន់​មួយចំនួនទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114