ព័ត៍មានទាន់​ហេតុការណ៏
Search

ជញ្ជាំង​ផ្នែក​ខាងជើង​នៃ​ប្រាសាទ​បន្ទាយឆ្មារ​ត្រូវ​បាន​រៀបចំ​ជួសជុល ដំឡើង​កែលម្អ​ឡើងវិញ​

បន្ទាយ​មាន​ជ័​យ ៖ ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន អមដំណើរ​ដោយ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និង​លោកស្រី ព្រមទាំង​ក្រុមការងារ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ជាពិសេស​ទសបារមី​ដែល​ថែរក្សា​នូវ​ប្រាសាទបន្ទាយឆ្មារ និង​បារមី​ថែរក្សា​នូវ​ប្រាសាទ​រណប​ប្រាសាទបន្ទាយឆ្មារ​ទាំងអស់​ដើម្បី​រៀបចំ​ជួសជុល តំឡើង កែលម្អ​ឡើងវិញ​នៅ​ជញ្ជាំង​ផ្នែក​ខាងជើង។

ក្នុង​ឱកាស​នោះ លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រាសាទបន្ទាយឆ្មារ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ​នេះ​ជា​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​របស់​ខ្មែរ​ដែល​ត្រូវ​បាន​ទទួលរង​នូវ​ការខូចខាត​យ៉ាងដំណំ ដោយសារ​កត្តា​ធម្មជាតិ សង្គ្រាម​ស៊ីវិល និង​កត្តា​មនុស្ស​បំផ្លិចបំផ្លាញ​លួច​គាស់​កាត់​យក​ទៅ​លក់​ឲ្យ​ប្រទេសជិតខាង​។

លោកស្រី ឲ្យ​ដឹង​បន្ថែម​ថា ការរៀបចំ​គម្រោង​ផែនការ​រៀបចំ ជួសជុល ដំឡើង កែលម្អ​ប្រាសាទ​ឡើងវិញ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រាសាទ​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​សម្រាប់​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​មួយ​នេះ​បន្ត​ឈរ​នៅ​គង់វង្ស​បង្អួត​សម្រស់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​ទស្សនា​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ និង​ជួយ​ផ្តល់នូវ​ប្រាក់ចំណូល​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង​នៅ​តំបន់​នេះ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

សូម​បញ្ជាក់​ថា ការរៀបចំ​ជួសជុល ដំឡើង កែលម្អ ប្រាសាទ​បន្ទាយឆ្មារ​ឡើងវិញ​នេះ គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ដោយ​ប្រើប្រាស់​ការ​ចំណាយ​ថវិកា​ផ្ទាល់​របស់​លោក​ស្រី ព្រមទាំង​ក្រុមការងារ ញាតិមិត្ត​ជិត​ឆ្ងាយ ក្នុង​ប្រទេស ក្រៅ​ប្រទេស​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114