ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្ចីម៉ូតូមិត្តភក្តិ​​ទៅ​ទិញ​ទឹកកក​សោះ​ ឈាន​ដល់​យក​ម៉ូតូ​ទៅ​បញ្ចាំ​យកលុយ​ទៅលេង​ល្បែង

បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​១​ក្រុម​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​ភូមិ​អូរ​នាង សង្កាត់​ផ្សារកណ្តាល ក្រុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រោះ​ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ​១​គ្រឿង​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​និង​វត្ថុ​តាង​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា យោង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ទ្រី ចាន់​រដ្ឋ ភេទ ប្រុស អាយុ ២៥​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​អូរ​នាង សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បំភ្លឺ​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃកើតហេតុ​ខ្លួន និង​ជនសង្ស័យ​មានឈ្មោះ​រ៉េត​ចំណាន ប្រុស អាយុ​២២ ឆ្នាំ​ជា​មិត្តភក្តិ​និង​គ្នា រួម​ជា​មួយ​មិត្តភក្តិ​ផ្សេងទៀត បាន​ផឹកស៊ី​ជាមួយគ្នា​ពេលនោះ​ផឹក​អស់​ទឹក​ក បាន​ប្រើ​ជនសង្ស័យ​ឲ្យ​ទៅ​ទិញ​ទឹកកក​យកមក​ផឹក​បន្ត​ដោយ​ឲ្យ​ម៉ូតូ​របស់​ខ្លួន​ទៅ​ជិះ ពេល​ជនសង្ស័យ​ជិះ​ទៅ​ស្រាប់តែ​បាត់​ដំណឹង​ឈឹង អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយ​សង្ស័យ​ខ្លួន​បាន​មក​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តែម្តង។

ចំណែក​ជនសង្ស័យ​នៅមុខ​អាវុធហត្ថ​បាន​និយាយ​ថា ​ខ្លួន​ពិតជា​បាន​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​ទិញ​ទឹកកក​អនាម័យ​មែន ពេល​ជិះ​ទៅ​ខ្លួន​មិនបាន​ទៅ​ទិញ​ទឹកកក​នោះ​ទេ គឺ​ខ្លួន​បាន​ចូល​ទៅលេង​បាញ់​ត្រី លុះ​លេង​ចាញ់​ក៏​បែកគំនិត​ដាក់​ម៉ូតូ​បញ្ចាំ​យក​លុយ​ដើម្បី​លេង​បន្ត លុះ​លេង​ចាញ់​អស់​ក៏​គេច​មុខ​មិន​ហ៊ាន​ទៅ​ជួប​ម្ចាស់​ម៉ូតូ មកដល់ពេលនេះ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​តែម្តង​។ ដោយ​ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ឃើញ​ថា ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពី​បទ រំលោភ​លើ​ទំនុក​ចិត្ត​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុ​តាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ ចំណែក​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ ធ្វើការ​ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114