ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋសភា​គ្រោង​រៀបចំ​សិក្ខាសាលា ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដល់​អ្នកពាក់ព័ន្ធ​ស្វែងយល់

ភ្នំពេញ​ ៖ រដ្ឋសភា​គ្រោង​រៀបចំ​សិក្ខាសាលា ផ្សព្វផ្សាយ​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​ដល់​អ្នក​ពាក់ព័ន្ធ​បាន​ស្វែងយល់​ទាំងអស់គ្នា​។ នេះ​បើ​យោង​តាម​កិច្ចប្រជុំ​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិត ផល​ប្រេងកាត រវាង​គណៈកម្មការ​សាធារណការ​ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ដឹកនាំ​ដោយ លោកស្រី និ​ន សា​ផុន ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ លោក សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋសភា មុននឹង​ដាក់​ជូន​សម័យ​ពេញអង្គ​រដ្ឋសភា​អនុម័ត​នា​ពេល​ខាងមុខ​។

​លោក សុខ ខា​វ៉ាន់ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា សេចក្តី​ព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នេះ បាន​តាក់តែង​ឡើង​តាំងពី​ឆ្នាំ​១៩៩៩ ដោយមាន​ការចូលរួម​ពី​អ្នក​ជំនាញ​ច្បាប់​ជាតិ និង​អន្តរជាតិ​។ លោក​បន្ត​ថា នៅ​ក្នុង​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​ដើម្បី​ឲ្យ​សេចក្តី​ព្រាងច្បាប់​នេះ បាន​អនុម័ត​ក្លាយ​ជា​យន្តការ​ច្បាប់​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធាន​ប្រេងកាត​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យ​ភាព ព្រមទាំង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នកវិនិយោគទុន ដែល​វិនិយោគ​នៅក្នុង​ឧស្សាហកម្ម​ប្រេងកាត​នេះ​។

លោក​រដ្ឋលេខាធិការ​បា​ន​បន្ថែម​ថា សេចក្តី​ព្រាងច្បាប់​នេះ​តាក់តែងឡើង​ស្របតាម​បទដ្ឋាន និង​ឧត្ដមានុភាព​ជា​អន្តរជាតិ​ក្នុង​វិស័យ​រ៉ែ និង​បានការ​ពារ​ដល់​បរិស្ថាន និង​ធនធានធម្មជាតិ​ដោយ​និរន្តរភាព​។

នៅ​ក្នុង​ឱកាស​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នេះដែរ ក្រសួង​រ៉ែ និង​ថាមពល បានធ្វើ​បទ​បង្ហាញ​យ៉ាង​លម្អិត​ពី​យុទ្ធសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ធនធាន​រ៉ែ និង​ប្រេងកាត​នៅ​កម្ពុជា និង​ពី​ដំណើរការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រេងកាត​នេះ ព្រមទាំង​បានធ្វើ​បទ​បង្ហាញ​ពី​យន្តការ​លើកកម្ពស់​កា​រ​ចូលរួម និង​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ធនធាន​រ៉ែ និង​ប្រេងកាត ជូន​ដល់​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ផងដែរ​។

លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការខិតខំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ចងក្រង​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង និង​បាន​សម្តែង​សុ​ទិដ្ឋិ​យម​ថា សេចក្តីព្រាងច្បាប់​ខាងលើនេះ នឹង​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​មួយ សម្រាប់​ធានា​ការពារ​ដល់​ការអភិវឌ្ឍ​ធនធាន​ប្រេងកាត​របស់​កម្ពុជា​ឲ្យ​មាន​តម្លាភាព ប្រសិទ្ធភាព ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ ជីវភាព​ប្រជាពលរដ្ឋ​។ លោកស្រី​មាន​ជំនឿ​មុតមាំ​ថា សេចក្តីព្រាងច្បាប់​នេះ​នឹង​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​កាន់តែ​លឿន សំដៅ​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​ប្រជាជន​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​ថែមទៀត​។ លោកស្រី បាន​ជំរាប​ជូន​ថា បន្ទាប់​ពីនេះ​រដ្ឋសភា​គ្រោង​រៀបចំ​សិក្ខាសាលា ដើម្បី​ផ្សព្វផ្សាយ​សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​នេះ ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ស្វែងយល់ និង​ចូលរួម​មតិ ដើម្បី​រួមចំណែក​ជួយ​កសាង​សេចក្តីព្រាងច្បាប់​នេះ​ឲ្យ​បាន​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114