ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​បរទេស​ម្នាក់ ​លេង​ថ្នាំ​លើស​កម្រិត ​ក្នុង​បន្ទប់​សណ្ឋាគារ​ ធ្វើ​ឲ្យ​គាំងបេះដូង​ស្លាប់​

ភ្នំពេញ ​៖​ បុរស​ជនជាតិ new zealand ម្នាក់ ​ព្រោះ​តែ​មាន​សេរីភាព​ក្នុង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នោះ បាន​បណ្ដាលឲ្យ​គាំងបេះដូង​ស្លាប់​ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី ចំណុច​ផ្ទះ​លេខ​១២ សណ្ឋាគារ​ខា​វី វីឡា (Khavi Villa) បន្ទប់​លេខ​២០១ ជាន់​ទី​២ ផ្លូវ​លេខ​២៥៨ ក្រុម​ទី​៨ ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​សព ឈ្មោះ HAZLETT JANN NICHOLAS ជនជាតិ​នូវែលហ្សេឡង់​ (NEW ZEALAND) ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ LH998308​។​

​ក្រោយពី​សភាពការណ៍​កើតឡើង​ កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែង​កើត​ហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ និង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​។​

ជា​លទ្ធផល​តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា ​ជនបរទេស​រូបនោះ ​ស្លាប់​ដោយសារ​គាំងបេះដូង (​បណ្ដាល​មក​ពី​ប្រើប្រាស់​សារធាតុ​ញៀន​ប្រភេទ​ម៉ក​ហ្វី​ន​)​។ ​ចំណែក​សម្ភារៈ​សព​រួមមាន លិខិតឆ្លងដែន​ចំនួន​០១​ក្បាល លេខ LH998308​ ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង​ កាត​ធនាគារ​(ATM) ចំនួន​០៤​សន្លឹក ​លុយ​ចំនួន​៥២​ដុល្លារ​អាមេរិក ​អត្តសញ្ញាណប័ណ្ណ​ចំនួន​០២​សន្លឹក ​និង​ខោអាវ​មួយ​ចំនួន បាន​ប្រគល់​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ជា​អ្នកគ្រប់គ្រង​។​

សមត្ថកិច្ច​បញ្ជាក់​ថា ​ក្រោយពី​ពិនិត្យ​រួច ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុស្សី​) ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114