ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រឿងញៀន​១​កញ្ចប់​ធំ​ និង​ជនសង្ស័យ​ម្នាក់​ ត្រូវ​ប៉ូលិស​ឃាត់​

ភ្នំពេញ ៖ គ្រឿងញៀន​១​កញ្ចប់​ធំ ​ស្មើនឹង​១​ជី ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក ​ធ្វើការ​បង្ក្រាប​ទាន់​ពេល​វេលា​ ខណៈ​ជនសង្ស័យ​ចេញ​ធ្វើ​សកម្មភាព​លក់​ និង​ចែកចាយ​បន្ត​ទៀត​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ​​ ប្រតិបត្តិ​ការ​ខាងលើ ​​ដោយ​អនុលោម​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក ស ថេត អគ្គ​ស្នង​ការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ និង​​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ​តម្រូវ​ឲ្យ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ ​​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះ​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ។

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី​ក្រោយ​ពី​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​រួចមក សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ចំពោះ​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ប្រចាំ​តំបន់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ស្ថិតនៅ​ចំណុច​លើ​ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ផល សុ​ភី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​​ ​ព្រមទាំង​ដកហូត​វត្ថុតាង​ទី​១/​ក្រាម ​ពណ៌​ស​ថ្លា ​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​ធំ​(​មួយ​កញ្ចប់​ធំ​)​។ ទី​២/​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ម៉ាក​សាំ​សុង ពណ៌​ស។ ​ទី​៣/​បំពង់​ជ័រ ពណ៌​ស្វាយ​មួយ សម្រាប់​ចូក​គ្រឿងញៀន ​និង​ទី​៤/​កូន​ថង់​ប្លាស្ទិក​មួយ​ចំនួន។

សមត្ថកិច្ច​បញ្ជាក់​ថា​ ចំពោះ​មុខ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក ​និង​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​ និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​ និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​ មិនថា​បទល្មើស​អ្វី​នោះ​ទេ​ ពោល​ត្រូវតែ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114