ព័ត៍មានទាន់​ហេតុការណ៏
Search

ជំនាញ​ជលផល​ខេត្ត​ ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​ ត្រូវ​ផ្អាក​ជាបន្ទាន់​នូវ​ការ​នេសាទ​ខុសច្បាប់

ស្ទឹងត្រែង ៖ នាយ​ខណ្ឌ​ជលផល​ខេត្ត​ស្ទឹងត្រែង ​និង​មន្ត្រី​ប៉ុស្តិ៍​នគរបាល​ ព្រមទាំង​ប្រជា​សហគមន៍​បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នា​រដូវ​បិទ​នេសាទ ​ក្នុង​ខែ​ឧសភា​នេះ​។​

ការបន្ត​ផ្សព្វផ្សាយ​នោះ បាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី 20 ខែ​ឧសភា ​ឆ្នាំ2019​ ស្ថិតនៅ​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ ​ក្រុង​ស្ទឹងត្រែង ​ខេត្ត​ស្ទឹងត្រែង​។​

លោក ទុង នី​រ៉ូ នាយ​ខណ្ឌ​ជលផល​ខេត្ត​ស្ទឹងត្រែង​បាន​ឲ្យ​ដឹង​ថា ​សកម្មភាព​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ ដែល​ក្រុមការងារ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជា​នេសាទ​ទាំងអស់ ​ត្រូវ​ផ្អាក​នេសាទ ​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​ឧសភា ​រហូតដល់​ថ្ងៃ​ទី​៣១ ខែ​កញ្ញា​ ឆ្នាំ​២០១៩ ទើប​បើក​ឲ្យ​នេសាទ​វិញ​ធម្មតា​។

​លោ​កថា ​ការចុះ​ផ្សព្វផ្សាយ​នេះ​ ក្រុមការងារ​ ក៏ដូចជា​ប្រជា​សហគមន៍​ បាន​ប្រកាស​ដាក់​មេ​ក្រូ​ ព្រម​ទាំង​វិទ្យុ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ធ្វើការ​នេសាទ​នៅ​លើ​ដង​ទន្លេ​ខេត្ត​ស្ទឹងត្រែង​ ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់​។​

លោក​បន្ត​ថា ​ការធ្វើ​បែបនេះ ​មិនមែនជា​ផលប្រយោជន៍​របស់​លោក​ផ្ទាល់ខ្លួន​ទេ វា​គឺជា​ផល​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ​ដូច្នេះ​យើង​គួរ​ចូលរួម​ទប់ស្កាត់​នូវ​ការ​នេសាទ​ខុស​ច្បាប់​នា​រដូវ​ត្រី​ពង​នេះ​។​

លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ប្រជា​នេសាទ​នៅតែ​បន្ត​នេសាទ​នា​រដូវ​ត្រី​ពង​នោះ​ វា​អាចធ្វើ​ឲ្យ​ប៉ះ​ពាល់​ និង​បាត់បង់​មច្ឆា​ជាតិ​របស់​យើងទាំងអស់គ្នា​។​

លោ​កថា ​តាម​វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា​ ត្រី​វា​មាន​ពី​រ​ក្រុម ដោយ​មួយ​ក្រុម​ធ្វើដំណើរ​មកពី​ខេត្ត​ខាង​ក្រោម​ដូចជា​ ខេត្ត​ក្រចេះ​កំពង់ចាម​ហែល​មក​ខាងលើ ​ដើម្បី​ទៅ​ពង​នៅ​ឃុំ​កោះ​ស្នែង និង​ឃុំ​ព្រះ​រំកិល ឬក៏​តំបន់​ព្រំដែន​ឡាវ ​ឬក៏​ទន្លេ​សេកុង​សេ​សាន​ជាដើម ​និង​មួយក្រុម​ទៀត ​ហែល​មកពី​ប៉ែក​ព្រំដែន​ឡាវ​ចុះទៅ​ទន្លេ​ខាងក្រោម ​គឺ​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ​កំពង់ចាម​។ ​ចំពោះ​ខេត្តស្ទឹងត្រែង​យើង​នេះ ​គឺជា​តំបន់​ពិសេស​សម្រាប់​ត្រី​ជួប​ជុំគ្នា​។​

លោកនាយ​ខណ្ឌ​បន្ថែមថា​ ប្រសិនបើ​ប្រជា​នេសាទ​នៅ​បន្ត​នេសាទ​ខុសច្បាប់​នា​រដូវ​ត្រី​ពង​ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114