ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​យោធា​ម្នាក់​ បាញ់​សម្លាប់​ខ្លួន ពេល​ឃើញ​ឃ្លាំង​ដាក់​អាវុធ ចំហ​ទ្វារ

​បាត់ដំបង ៖ មន្ត្រី​យោធា​ម្នាក់ ដែល​គេ​ស្គាល់​ថា អាច​មាន​ជំងឺ​សរសៃ​ប្រសាទ​ប្រចាំ​កាយ​ផង​នោះ បាន​យក​អាវុធ​ធុន អាការ​៤៧ មក​បាញ់​ក្បាល​ខ្លួនឯង ដើម្បី​បញ្ចប់ជីវិត ខណៈដែល​ទ្វារ​ឃ្លាំង​ដាក់​អាវុធ​មានការ​ចំហ​ទ្វារ។

ការធ្វើ​អត្តឃាត​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង១និង២៥នាទី​រសៀល ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ ២០១៩ នៅ​ចំណុច​ក្នុង​កងពលតូច​លេខ​៥៣ តែម្តង ​ដែល​ស្ថិត​ក្នុងភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្ត​បាត់ដំបង។​

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ​ខាងលើ​ គឺមាន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ធិ​ប ខុម បាន​ចាក់សោ​ទ្វារ​ឃ្លាំង​ដាក់​អាវុធ A.k ដើម្បី​បោសសម្អាត ដែល​ការ​បោសសម្អាត ឃ្លាំង​នេះ គឺ​មាន​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយក៏​បាន​យក​សំរាម​ទៅ​ចោល។​

​ខណៈ​ពេល​ដែល​យក​សំរាម​ចោល​នោះ ក៏មាន​មន្ត្រី​យោធា​ម្នាក់ ឈ្មោះ ឡុ​ច បញ្ញា បាន​រត់​ចូល​ក្នុង​ឃ្លាំង​អាវុធ​ហើយ​ទាញ​ទ្វារ​ឃ្លាំង​បិទ​ចាក់សោ ព្រមទាំង​បាន យក​កាំភ្លើង A.K ៤៧ បាញ់​ក្បាល ខ្លួន​ឯង​ចំនួន៤គ្រាប់​ ដើម្បី​សម្លាប់ខ្លួន​តែម្តង ដោយ ​ឃ្លាំង​នេះ​ស្ថិតក្នុង​កងអនុសេនាធំ​បញ្ជូន​សារ។​

​ប្រភព​មួយចំនួន​បាន​អះអាងថា មូលហេតុ​នៃ​ការបាញ់សម្លាប់​ខ្លួន​ គឺ​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​(​ជំងឺ​សរសៃ​ប្រសាទ​) ហើយ​បច្ចុប្បន្ន​សព​ដែល​ដេក​ដួល ក្នុង​ថ្លុកឈាម​នោះ ត្រូវបាន​កម្លាំង​ជំនាញ​ចុះ​ពិនិត្យ និង​ប្រគល់​ទៅឲ្យ​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114