ព័ត៍មានទាន់​ហេតុការណ៏
Search

បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​ចៅក្រម​តេ​ក្វាន់​ដូ WT​ចំនួន​១០​រូប​

បណ្ឌិត្យសភា​តេ​ក្វាន់​ដូ WT(World Taekwondo) កម្ពុជា សហការ​ជាមួយ​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT (World Taekwondo) បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល និង​ចៅក្រម​របស់​ខ្លួន​ចំនួន​១០​រូប។​

​វគ្គ​នេះ មាន​រយៈពេល​៥​ថ្ងៃ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣​ឧសភា។ លោក ​គង់ ស​ក្ខិ​ដា​ ដែលជា​អគ្គ​លេខាធិការ​សហព័ន្ធ​បាន​និយាយ​ថា នេះ​ជា​ការ​កសាង​ធនធានមនុស្ស ដើម្បី​ត្រៀម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​ថ្នាក់ជាតិ។

លោក ហែម សំណាង អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ និង​អាជ្ញាកណ្ដាល​អន្តរជាតិរ​បស់​កម្ពុជា​ជា​អ្នក​បង្រៀន អំពី​ទ្រឹស្ដី។​

លោក​គង់ ស​ក្ខិ​ដា បន្តថា នេះ​ជាការ​ពង្រឹង​ដល់​ធនធាន​អាជ្ញាកណ្ដាល ចៅក្រម លើ​វិញ្ញាសា​មេគុន​(Poomsae) ។ វគ្គ​នេះ សង្កត់ធ្ងន់​ទៅលើ​វិធីសាស្ត្រ​ក្នុងការ​ផ្ដល់​ពិន្ទុ ក្នុងការ​ប្រកួត​វិញ្ញាសា​មេគុន កាយវិការ​របស់​អាជ្ញាកណ្ដាល របៀប​ពិន័យ ការផ្ដល់​ពិន្ទុ​ដោយ​យុត្តិធម៌​(Fair-Play) ជាដើម។​

​តួនាទី​របស់​អាជ្ញាកណ្ដាល​មុនពេល​ប្រកួត ក្នុង​អម្លុងពេល​កំពុង​ប្រកួត និង​ក្រោយ​ការប្រកួត​មាន​សារសំខាន់​ខ្លាំងណាស់។ បើ​អាជ្ញាកណ្ដាល​មាន​ភាពមិនច្បាស់លាស់​នោះ វា​នឹង​ប៉ះទង្គិច​ដល់​អារម្មណ៍​របស់​កីឡាករ​-​កីឡា​ការិនី។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​របស់ ​លោក​ គង់ ស​ក្ខិ​ដា ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ។​

សូមបញ្ជាក់ថា សិក្ខាកាម​ ត្រូវ​មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ​២​ដាន់​ឡើង និង​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង តម្រូវ​ឲ្យ​ចេះ​មេគុន​ទី​១​ ដល់​មេគុន​ទី​១១ ដោយមាន​ការអនុវត្ត និង​ទ្រឹស្ដី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114