ព័ត៍មានទាន់​ហេតុការណ៏
Search

ផល ​សោ​ភ័​ណ្ឌ ជួប កូ​លាប​ ដាំ ឯ យ៉េន ឌី​ណា ជួប យុគ​ផេ​ត នៅ​សង្វៀន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​ផល សោ​ភ័​ណ្ឌ និង យ៉េន ឌី​ណា នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃ​សុក្រ​ទី​២៤ ខែ​ឧសភា ឆ្នាំ​​២០១៩​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​នោះ គឺ​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​កូ​លាប ដាំ ប្រាន​២៦(Kolabdam Phran26 )​។ ​អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។ រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ និង កូ​លាប​ដាំ ប្រាន​២៦​នេះ ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ផល សោ​ភ័​ណ្ឌ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់ សម្រាប់​ពេល​បច្ចុប្បន្ននេះ។ សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មក​ហើយ​នាពេល​កន្លងមក ដែល​ភាគច្រើន​ឈ្នះ​សឹងតែ​ទាំងអស់​រាល់ពេល​ជួប​ជាមួយ​ថៃ​នោះ លើកលែងតែ​ការឡើង​ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ កាលពី​ថ្ងៃទី​០៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ សោ​ភ័​ណ្ឌ​ វាយ​ចាញ់​យុគ​ផេ​ត ផេ​ត​កា​សាម ដោយ​ពិន្ទុ។​

សោ​ភ័​ណ្ឌ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ កណ្ដាប់ដៃ ហើយ​ សោ​ភ័​ណ្ឌ ​នៅមាន​ស្នៀត​ទាត់​ល្អ​ខ្លាំង ​និង​ធ្ងន់​ថែមទៀត។ ឯ បញ្ហា​កម្លាំង​ស៊ុ​ហ្វ​វិញ សោ​ភ័​ណ្ឌ ក៏​រឹងមាំ​មិន​ងាយ​ស្រុត​ខ្សោយ​នោះដែរ ។ ​ផល សោ​ភ័​ណ្ឌ មាន​ប្រវត្តិ​ប្រកួត​មិនតិចជាង​១០០​លើក​នោះទេ​។ សោ​ភ័​ណ្ឌ​ មាន​កំណត់ត្រា​ប្រកួត​ចំនួន​១៤១​លើក ក្នុងនោះ​សោ​ភ័​ណ្ឌ វាយ​ឈ្នះ​១២៤​លើក​ហើយ ដោយ​ចាញ់​តែ​១៥​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​៤៥​លើក។

និយាយ​ជារួម សោ​ភ័​ណ្ឌ​ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល និង កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ថៃ​កូ​លាប​ដាំ ប្រាន​២៦ បាន​ទៀត​មិន​ខាន ព្រោះ​គេ​ធ្លាប់​ឈ្នះ​កូ​លាប​ដាំ​ដោយ​ពិន្ទុ​ម្តង​រួចមកហើយ កាលពី​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០១៩ ។

ចំពោះ កូ​លាប ដាំ ប្រាន​២៦ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើន​លើក​ហើយ​កន្លងមក ដែល​ក្នុង​នោះ​គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​ធន ចាន់​តាក់ ចំនួន​២​ដង ដោយ​ឈ្នះ​ពិន្ទុ​និង​ចាញ់​ពិន្ទុ​ចាន់​តាក់ ពោល​គឺ​ឈ្នះ​ចាញ់​ម្តងម្នាក់។

អ្នក​ប្រដាល់​ថៃ​នេះ កាលពី​បី​ឆ្នាំមុន គេ​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​បី​រូប ដែល​មក​លើក​ទី​១ គេ​បាន​វាយ​ឈ្នះ​ផាន់​គ្រាន់​ដោយ​ពិន្ទុ​(២៤​មេសា​២០១៦) លើក​ទី​២ បាន​វាយ​ឈ្នះ​សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​(២៤​កក្កដា​២០១៦ ) លើក​ទី​៣ ​ថ្ងៃទី​០៩​ ខែ​តុលា ឆ្នាំ​២០១៦ គេ​បាន​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ លើក​ទី​៤ គេ​បាន​វាយ​ឈ្នះ​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មាសរ​ថ្ង​ក ​ខេត្ត​ស្វាយរៀង​ក្នុង​ទឹក​ទី​៤ ឈ្នះ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ ហើយ​ថ្មីៗ​កន្លងទៅនេះ គេ​វាយ​ឈ្នះ​ផល សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ និង​ចុង​ក្រោយនេះ​(០៣​ឧសភា​២០១៩) គេ​វាយ​ចាញ់​ធន ចាន់​តាក់ ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩៦​លើក ឈ្នះ​៧៨​លើក ចាញ់​១៦​លើក និង ស្មើ​០២​លើក។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​ចាញ់​ ផល សោ​ភ័​ណ្ឌ​ នោះឡើយ ព្រោះថា​ កូ​លាប​ដាំ​ នេះ គេ​រឹងមាំ​ទាំង​កាយសម្បទា ខ្លាំង​ទាំង​ស្នៀត​ប្រដាល់ ហើយ​វាយ​មិន​ងាយ​អស់​ស៊ុ​ហ្វ​នោះ​ឡើយ ទោះជា​យ៉ាងណា​ផល សោ​ភ័​ណ្ឌ ដែល​ជួប​ប្រកួត​ជាមួយ​កូ​លាប​ដាំ​នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា សោ​ភ័​ណ្ឌ ​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​ទេ។ ចាំមើល តើ​ផល សោ​ភ័​ណ្ឌ​ ឈ្នះ​ឬមួយ​ក៏​កូ​លាប​ដាំ ប្រាន​២៦​ឈ្នះ សម្រាប់​ការជួបគ្នា​លើក​ទី​២​នេះ?។​

យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូផ្គងឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ យុគ​ផេ​ត ផេ​ត​កា​សាម (Yokpetch Petchkarsam) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ ។

ឌី​ណា ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ជើងចាស់​ម្នាក់​។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​មិនតិច​លើក​នោះទេ។ ឌី​ណា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៣​លើក ចាញ់​១២លើក និង ស្មើ​០៤​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ ដែលមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ឌី​ណា ​អាច​យកឈ្នះ​យុគ​ផេ​ត ផេ​ត​កា​សាម បាន​ឬក៏​អត់​នោះទេ?។ យ៉េន ឌី​ណា គេ​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ​(១១​ឧសភា​២០១៩) វាយ​ឈ្នះ​លំ ឡេង (Loom Leng) ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​ថៃ​យុគ ផេ​ត នេះ ក៏​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ស្រុកថៃ​ដែរ។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង ហើយ​បទពិសោធន៍​លើ​រេញ​របស់គេ​គួរសម​ដែរ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២​លើក ឈ្នះ​៦៨​លើក និង ចាញ់​១៤​លើក មិនដែល​ស្មើ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប្រមាណ​៤-៥​ដង​ហើយ ក្នុង​នោះគេ​ធ្លាប់​ប៉ះ​ជាមួយ​ឃុន ឌី​ម៉ា​ពីរដង ដោយ​វាយ​ស្មើ​ពិន្ទុ​គ្នា​ម្តង និង​ចាញ់​ឌី​ម៉ា ក្នុង​ទឹក​ទី​២​ម្តង ឈ្នះ​ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ​, វាយ​ចាញ់​ឡៅ ចិ​ត្រា ក្លិប​កងពល​តូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ ហើយ​ចុង​ក្រោយនេះ គេ​វាយ​ឈ្នះ​ផល សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ ដែល​ការ​ឈ្នះ ​ផល ​សោ​ភ័​ណ្ឌ​ នេះ បញ្ជាក់ថា ​យុគ​ផេ​ត គេ​មិនធម្មតា​នោះឡើយ។​

យ៉ាងណា ការជួបគ្នា​រវាង​យ៉េន​ឌី​ណា និង យុគ ផេ​ត នេះ មិនអាច​ទាយ​មុន​បានទេ ព្រោះថា​ឌី​ណា បើ​គេ​មានការ​ហ្វឹកហាត់​ដិតដល់​ជាប់​លាប់ គឺ​យុគ ផេ​ត​ ពិបាក​យកឈ្នះ​ដែរ តែ​យ៉ាងណា​ឌី​ណា រាង​យ៉ាប់​ជាមួយ​យុគ​ផេ​ត​ហើយ ត្បិត​យុគ​ផេ​ត​នេះ គេ​ខ្លាំង​ដោយ​វាយ​ឈ្នះ ​ផល ​សោ​ភ័​ណ្ឌ ​ទៀត​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114