ព័ត៍មានទាន់​ហេតុការណ៏
Search

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ប្រកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​ក្រមសីលធម៌​ដល់​មន្ត្រី​ខ្លួន​

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​ជា​ផ្លូវ​ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​បច្ចេកទេស និង​ក្រមសីលធម៌​ដល់​មន្ត្រី​បច្ចេកទេស គណៈកម្មការ អាជ្ញាកណ្ដាល ចៅក្រម និង​មន្ត្រី​ជំនាញ​ទាំងអស់​របស់​ខ្លួន​ចំនួន​២​វគ្គ ដែល​មួយ​បើក​វគ្គ​នៅ​ខេត្ត​បាត់ដំបង សម្រាប់​ក្រុម​បម្រើ​ការងារ​នៅ​សង្វៀន​ឯក​ភ្នំ​ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​១ និង​ទី​២ ​ខែ​មិថុនា និង​វគ្គ​មួយទៀត សម្រាប់​មន្ត្រី​បច្ចេក​ទេស គណៈកម្មការ អាជ្ញាកណ្ដាល ចៅក្រម និង​មន្ត្រី​ជំនាញ នៅ​ភ្នំពេញ នា​ថ្ងៃ​ទី​៥ និង​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៩ ខាងមុខនេះ។​

បើតាម​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ឲ្យ​ដឹង​នោះ​ថា ការសម្រេច​បើក​វគ្គ​សិក្សា​ពង្រឹង​បច្ចេកទេស និង​ក្រមសីលធម៌ រយៈពេល​២​ថ្ងៃ​ នៅ​ភ្នំពេញ ថ្ងៃ​ទី​៥ និង ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ មន្ត្រី​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅ​រាជធានី​ភ្នំពេញ​រួសរាន់​មក​ចុះឈ្មោះ​នៅ​ទីស្នាក់​ការ​សហព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ច័ន្ទ ​ទី​២០​ ខែ​ឧសភា ​ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃ​ទី​០៣ ខែ មិថុនា ឆ្នាំ​២០១៩ មុន​បើក​វគ្គ​បី​ថ្ងៃ។​

ដោយឡែក​មន្ត្រី​សហព័ន្ធ​ដែល​កំពុង​បម្រើ​ការងារ​នៅ​សង្វៀន​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​ទាំងអស់ ​ត្រូវ​ប្រមូល​ផ្តុំ​សិក្សា​វគ្គ​នេះ នៅ​ថ្ងៃ​ទី​១ និង​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០១៩ នៅ​ខេត្ត​បាត់ដំបង​ផ្ទាល់​តែម្តង ដែល​មាន​គ្រូឧទ្ទេស​របស់​សហព័ន្ធ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ឯក ​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដោយ​ផ្ទាល់​។​

​វគ្គ​នេះ សហព័ន្ធ​មាន​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ជូន ហើយ​សូម​បញ្ជាក់​ថា បើ​មន្ត្រី​ណា​ដែល​មិន​បាន​មក​សិក្សា ​ឬ​មិន​បាន​ទទួល​វិញ្ញាបនបត្រ​ទេ សហព័ន្ធ​មិន​ទទួលខុសត្រូវ​ក្នុង​ការ​បម្រើ​ការងារ​ជា​មន្ត្រី​របស់​សហព័ន្ធ​ឡើយ អាស្រ័យហេតុនេះ​សូម​អញ្ជើញ​មក​ចុះឈ្មោះ និង​ចូល​សិក្សា​តាម​ពេល​វេលា​កំណត់​ខាងលើ​ឲ្យ​បាន​គ្រប់ៗ​គ្នា សូម​ស្នងការ​ប្រកួត​តាម​បណ្តា​ស្ថានីយ​ផ្សព្វផ្សាយ​បន្ថែម៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114