ព័ត៍មានទាន់​ហេតុការណ៏
Search

Google និង Android​ ចាប់ផ្ដើម​ផ្ដាច់ចំណង​ជាមួយ Huawei

ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​យក្ស​របស់​អា​មេ​រិ​ក Google ដែលជា​អ្នក​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិការ Android គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​ក្នុង​ពិភពលោក​នោះ បាន​និយាយថា​ខ្លួន​ចាប់ផ្ដើម​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ទូរ​ស័ព្ទ​ចិន Huawei ហើយ​ដោយសារ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាត់ទុកថា​ជាការ​គំរាមកំហែង​សន្តិសុខ​ជាតិ​។​

ប្រភព​ដែល​ជិតស្និទ្ធ​នឹង​បញ្ហា​នេះ​ បាន​ប្រាប់​មក​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ​ការផ្លាស់ប្ដូរ​នេះ​អាចមាន​ផលប៉ះពាល់​ខ្លាំង​ដល់​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់ Huawei ដោយសារ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​មួយ​នេះ​ នឹង​លែង​អាច​ប្រើ​សេវាកម្ម​ទាំងឡាយ​ដែលជា​កម្មសិទ្ធិ​របស់ Google​បាន​ទៀតហើយ​រួមទាំង Gmail និង Google Maps ផងដែរ​។​

ទាំង​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ប៉េកាំង​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​មិន​ឱ្យ​ទាក់ទង​ឬ​ធ្វើ​ពាណិជ្ជ​កម្មវិស័យ​ទូរគមនាគមន៍​ជាមួយ​ក្រុមហ៊ុន​បរទេស​ដាច់ខាត​ដោយ​និយាយ​ថា ​វា​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អាមេរិក​ទាំងមូល​។​

គេ​ឃើញ​ថា ​វិធានការ​នេះ​ផ្ដោត​គោលដៅ​ទៅលើ​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​លំដាប់​ទី​២​ក្នុង​ពិភពលោក​និង​ដែល​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ចាត់​ចូល​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​អាច​រកស៊ី​ជាមួយ​ក្រុមហ៊ុន​អាមេរិក​បាន​លុះត្រាតែ​មានការ​បើកភ្លើង​បៃតង​ពី​រដ្ឋាភិបាល​អាមេរិក​ជាមុនសិន​។​

ក្រុមហ៊ុន Google ក៏ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃទៀត​ដែរ​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ទាំងអស់​ដោយផ្ទាល់​ដើម្បី​ប្រាកដថា​ប្រព័ន្ធ​របស់ខ្លួន​អាច​ដំណើរការ​ស្រួល​លើ​ទូរ​សព្ទ​ទាំងអស់នោះ​។​

យោងតាម​ការហាមឃាត់​នេះ​ក្រុមហ៊ុន Google នឹងត្រូវ​បញ្ឈប់​សកម្មភាព​ពាណិជ្ជ​កម្ម​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​ការផ្ទេរ Hardware, Software និង​សេវាកម្ម​បច្ចេកទេស​ផ្សេងៗ​ដែល​មិនមាន​ជា​សាធារណៈ​ជាមួយ​ក្រុមហ៊ុន Huawei​។ បានន័យថា Huawei នឹង​ប្រើ​បានតែ​ជំនាន់​ដែល​បើកចំហ​ឬ​ជា​សាធារណៈ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android តែប៉ុណ្ណោះ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114