ព័ត៍មានទាន់​ហេតុការណ៏
Search

ជួប​គ្នា​នៅ​សាលា ​ពេលយប់​ស្ងាត់ ត្រូវ​គេ​លប​ប្រហារ​ស្លាប់​១ ​របួស​១

កំពង់ចាម ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រលឹម ​កាលពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ​ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ សព​ស្ត្រី​​​ជា​គ្រូបង្រៀន​ភាសា​កូរ៉េ​ម្នាក់ ដេក​ស្លាប់​ក្បែរ​បុរស​ម្នាក់ទៀត ​ដែល​រង​របួស​ធ្ងន់​ ក្នុង​សភាព​សន្លប់​នៅ​ជិត​ម៉ូតូ​ ស្ថិត​ក្នុង​បរិវេណ​សាលាបឋមសិក្សា ហ៊ុន សែន ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​ជា​ករណី​ឃាតកម្ម ហើយ​ជនសង្ស័យ​មិនទាន់​ចាប់ខ្លួន​នៅឡើយ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី 21​ ខែ​ឧសភា ​ឆ្នាំ​2019 ​វេលា​ម៉ោង 05​និង​30​នាទី​ សមត្ថកិច្ច​ស្រុក​ស្ទឹងត្រង់​បាន​ទទួល ព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ក្នុង​សាលាបឋមសិក្សា​ហ៊ុន សែន ស្ទឹងត្រង់​ថា បាន​ឃើញ​មនុស្ស​ប្រុស​1​នាក់ បែក​ក្បាល​ ដេក​សន្លប់​នៅ​ជិត​ម៉ូតូ​1​គ្រឿង​។​ ភ្លាមនោះ ​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​យក​អ្នករបួស​ទៅ​មន្ទីរពេទ្យ។

បន្ទាប់មក ​សមត្ថកិច្ច​បាន​បន្ត​ពិនិត្យ​កន្លែង​កើតហេតុ បាន​ប្រទះឃើញ​សាកសព​ស្ត្រី​ម្នាក់ ដែល​គេ​ស្គាល់​ឈ្មោះ ហ៊ី ធា​វិ​ន​ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ មុខរបរ​ជា​គ្រូបង្រៀន​ភាសា​កូរ៉េ នៅ​ទីរួមស្រុក​ស្ទឹងត្រង់​។​

ប្រភព​ដដែល​បាន​បន្តថា​ នៅក្បែរ​សព​នារី​រងគ្រោះ​មាន​បុរស​ម្នាក់​ឈ្មោះ ម៉ៅ​ សុខ​មិញ​ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​ព្រែកកក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​មាន​របួស​ក្បាល​កំពុង​ដេក​សន្លប់​ ដោយមាន​សម្ភារៈ​របស់​ជ​ន​រងគ្រោះ​នៅក្បែរនោះ​ផងដែរ​។​

ប៉ូលិស​បាន​បន្តថា ​ក្រោយពី​បានទទួល​ព័ត៌មាន​ខាង​លើ​នេះ​ភ្លាម ​សមត្ថកិច្ច​ស្រុក បាន​សហការ​ជា​មួយ​មន្ត្រី​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ និង​ជំនាញ​ការិយាល័យ​ទ័ព​បច្ចេកទេស​របស់​ស្នងការ​នគរ​បាល​ខេត្ត​កំពង់ចាម​ ​​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត ​និង​សន្និដ្ឋាន​ជាបឋម​ថា​ ជា​ករណី​ឃាតកម្ម​។​
តែ​ប្រជាពលរដ្ឋ​ បាន​សន្និដ្ឋាន​ថា ​វា​ជា​រឿង​ស្នេហា​ត្រីកោណ​ច្រើនជាង​។​

ទោះបីយ៉ាងណា​ក៏ដោយ ការ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ មិនទាន់​បំភ្លឺ​បានទេ ព្រោះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត លោ​កថា​រង់ចាំ​ការស្រាវជ្រាវ​ចប់​សិន៕​

 ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114