ព័ត៍មានទាន់​ហេតុការណ៏
Search

អាកាសចរណ៍​Air New Zealand ជ្រើស​យក​ក្រុមហ៊ុន Boeing សម្រាប់​ការ​កុម្ម៉ង់​ទិញ​យន្តហោះ​ខ្នាត​ធំ

ប្រភព​មួយ​បានឱ្យដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ ក្រុមហ៊ុន Boeing Co បាន​យកឈ្នះ​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ដើម្បី​លក់​យន្តហោះ​ខ្នាត​ធំ​ទៅឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​Air New Zealand Ltd ដោយបាន​ផ្ដួល​ដៃគូ​ប្រកួត​គឺ​ក្រុមហ៊ុន Airbus របស់​អឺរ៉ុប​។​

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​ខាងលើ​ពេលនេះ​ធ្វើ​ប្រតិបត្តិការ​ដោយ​ប្រើតែ​យន្តហោះ Boeing ខ្នាត​ធំ (​យន្តហោះ​ដែលមាន​ចន្លោះ​ផ្លូវ​ដើរ​២) ប៉ុណ្ណោះ​សម្រាប់​ទិសដៅ​ហោះហើរ​ផ្លូវ​ឆ្ងាយ​និង​ប្រើ​យន្តហោះ Airbus ខ្នាតតូច (​យន្តហោះ​ដែលមាន​ចន្លោះ​ផ្លូវ​ដើរ​តែមួយ​) សម្រាប់​ទិសដៅ​ហោះហើរ​ផ្លូវ​ជិត​និង​បាន​បន្ថែម​ទម្ងន់​នៃ​ការ​កុម្ម៉ង់​ទិញ​យន្តហោះ​ខ្នាត​ធំថ្មីៗ​បន្ថែមទៀត​ដើម្បី​ជំនួស​យន្តហោះ Boeing 777-200ER ទាំង​៨​គ្រឿង​។​

ទាំង​ក្រុមហ៊ុន Air New Zealand, Boeing និង Airbus មិនទាន់​ឆ្លើយតប​ថា​យ៉ាងណា​នៅឡើយ​ចំពោះ​សំណើសុំ​ឱ្យធ្វើ​ការអធិប្បាយ​។​

ទោះយ៉ាងណា​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បានឱ្យដឹងថា​ខ្លួន​កំពុង​ពិនិត្យមើល​យន្តហោះ​ម៉ូ​ដែល Airbus A350 និង Boeing 777X ឬ 787 ក្នុង​គោលបំណង​បើក​ឱ្យមាន​ការហោះហើរ​ទិសដៅ​ឆ្ងាយៗ​ជាង​នេះ​ដូចជា​ពី​ទីក្រុង​Auckland​ទៅ New York និង​ពី​ក្រុង​Auckland​ទៅ Brazil ជាដើម​។​

នាយក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​លោក Jeff McDowall បាន​និយាយ​ក្នុង​សន្និសីទ​អ្នកវិភាគ​មួយ​កាលពី​ខែមីនា​ថា​ការសម្រេចចិត្ត​លើ​ការទិញ​យន្តហោះ​គួរតែ​ត្រូវបាន​ធ្វើឡើង​នៅ​ពីរ​បី​ខែក្រោយ​ប៉ុន្តែ​ថា​ក្រុមហ៊ុន​នេះ​នឹង​ត្រូវការ​យន្តហោះ​ជំនួស​តិចជាង​ការប៉ាន់ស្មាន​ពីដំបូង​ត្រឹម​ឆ្នាំ​២០២៣​ដោយសារ​មានការ​ប្រែប្រួល​បណ្ដាញ​ជាច្រើន​។​

ក្រុមហ៊ុន​អាកាសចរណ៍ Air New Zealand បាន​ដំណើរការ​កម្មវិធី​កាត់បន្ថយ​ចំណាយ​រយៈពេល​២​ឆ្នាំ​កាលពី​ខែមីនា​និង​បាន​ពន្យារពេល​នៃ​ការចំណាយ​ទុន​លើ​យន្តហោះ​ប្រហែល​៧៥០​លាន​ដុល្លារ​ញូ​វ​ហ្សេ​លេន (៤៩០,១​លាន​ដុល្លារ​អាមេរិក​)​សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការត្រួតពិនិត្យ​អាជីវកម្ម​ឡើងវិញ​។​

កាលពី​ខែកុម្ភៈ​ក្រុមហ៊ុន​នេះ​បាន​បញ្ចុះតម្លៃ​ការហោះហើរ​ក្នុងស្រុក​ដល់​ទៅ​៥០%​ក្នុងការ​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​កំណត់​តម្លៃ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ទីផ្សារ​ធ្វើដំណើរ​ដែល​កំពុង​ធ្លាក់ចុះ​នោះ​៕
REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114