ព័ត៍មានទាន់​ហេតុការណ៏
Search

សេដ្ឋកិច្ច​ជប៉ុន ​បង្ហាញ​ពី​ភាព​រីកចម្រើន​ខ្លាំង​ជាង​ការ​រំពឹងទុក​

ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ជប៉ុន​បាន​កើនឡើង​០,៥% ប្រសើរ​ជាង​ការរំពឹងទុក​ក្នុង​ត្រីមាស​ដំបូង​ដើម​ឆ្នាំនេះ​ថ្វីត្បិតតែ​ក្រុមអ្នកវិភាគ​បាន​ព្រមាន​ថា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ទី​៣​ក្នុង​ពិភពលោក​មួយ​នេះ​នៅតែ​ប្រឈម​មុខការ​បោកបក់​យ៉ាងណាក៏ដោយ​។​

នេះ​គឺជា​ការកើនឡើង​ទី​២​បន្ត​គ្នា​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​បន្ទាប់ពី​កើនឡើង​បាន​០,៤%​ក្នុង​រយៈពេល​ទាំង​៤​ត្រីមាស​កាលពី​ឆ្នាំទៅ​។​

លទ្ធផល​ទាំងនេះ​បាន​ជម្នះ​លើ​ការរំពឹងទុក​ដ៏​សៅហ្មង​របស់​ក្រុមអ្នកវិភាគ​ដែល​បាន​ព្យាករណ៍​ពី​ការធ្លាក់ចុះ​តិចតួច​នៅ​ដើមឆ្នាំ​២០១៩​នេះ​ប៉ុន្តែ​សេដ្ឋវិទូ​មួយចំនួន​បាន​ព្រមាន​ថា​សញ្ញា​នៃ​ភាពទន់ខ្សោយ​ស្ថិតនៅក្រោម​ខ្សែបន្ទាត់​វិជ្ជមាន​នៅឡើយ​។​

លោក Takeshi Minami ប្រធាន​ក្រុម​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ Norinchukin បាន​និយាយថា “​ខ្សែបន្ទាត់​តួលេខ​នេះ​គឺ​ពិតជា​ល្អ​លើសពី​ការរំពឹងទុក​មែន ប៉ុន្តែ​បើ​យើង​មើល​ឱ្យ​កាន់តែ​ជិត ទិន្នន័យ​នេះ​មិនទាន់​ដល់​អ្វីដែល​យើង​ត្រូវ​សប្បាយចិត្ត​នៅឡើយ​ទេ​!”

លោក​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន AFP បន្តទៀតថា “​ផ្ទុយទៅវិញ​ទិន្នន័យ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ចំណុចខ្សោយ​មួយចំនួន​នៃ​សេដ្ឋកិច្ច​ដែលមាន​ការប្រើប្រាស់​និង​ការវិនិយោគ​ក្រុមហ៊ុន​លើ​វិស័យ​រោងចក្រ​និង​បរិក្ខារ​មាន​កម្រិត​ទាប​នៅឡើយ​។​”

ទិន្នន័យ​ចុងក្រោយបង្អស់​ ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​បំផុត​ស្រប​ពេលដែល​មានការ​ស្ទាបស្ទង់​ថា​ការកើនឡើង​ដ៏​ទន់ខ្សោយ​នេះ​អាច​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe ពន្យារពេល​នៃ​ការដំឡើង​ពន្ធ​លើ​ការលក់​ជា​លើក​ទី​៣។

ជាមួយនឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ដែល​មិន​មានការ​ប្រាកដប្រជា​នេះ​អ្នកវិភាគ​ខ្លះ​បាន​សង្ស័យថា​លោក Abe នឹង​បោះបង់​គំនិត​នៃ​ការដំឡើង​ពន្ធ​លើ​ពន្ធអាករ​ពី​៨%​ទៅ​១០%​ដែល​បាន​រំពឹងទុក​កាលពី​ខែតុលា​កន្លងទៅ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114