ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​វប្បធម៌​ ចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​រក​សិល្បករ​ចាប៉ីដងវែង​ នៅ​ទូទាំង​ប្រទេស​

​ភ្នំពេញ ​៖ ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​សិល្បករ​ចាប៉ី​ដងវែង​នៅ​ទូទាំងប្រទេស ​ក្នុង​គោល​បំណង​ ដើម្បី​ឲ្យ​ដឹង​ពី​ស្ថានភាព​ នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ក៏ដូចជា​ចង់ដឹង​ពី​ប្រវត្តិ​សិក្សា​របស់​សិល្បករ​ផ្នែក​នេះ​ឲ្យ​កាន់តែច្បាស់​ថែមទៀត​។​
​ ​
ចាប៉ីដងវែង ជា​សិល្បៈ​ប្រពៃណី​បែប​ប្រជាប្រិយ​មួយ​នៅក្នុង​សង្គម​ខ្មែរ ដែល​ក្នុងនោះ​រាប់បញ្ចូល​ទាំង​ឧបករណ៍​ភ្លេង​ចាប៉ី និង​ចម្រៀង​ផង ដោយ​សិល្បករ​ផ្នែក​នេះ​អាច​លេង​ម្នាក់ឯង​ក៏បាន ឬ​ជា​ក្រុម​ក៏​បាន តាមបែប​រឿងនិទាន កំណាព្យកាព្យឃ្លោង ការអប់រំ និង​បញ្ហា​សង្គម នៅ​ពិធី​សំខាន់ៗ​ដូចជា ​៖ កិច្ច​ជាវ​ខាន់ស្លា​ក្នុង​ពិធី​មង្គលការ ពិធី​កោរ​ជុក ពិធី​បំបួស បុណ្យកឋិន ជាដើម​។​

លោក ហាប់ ទូច អគ្គនាយក បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹងថា ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សិល្បករ​ចាប៉ីដងវែង​នៅ​ទូទាំងប្រទេស​នេះ ក្នុង​គោលបំណង ដើម្បី​ឲ្យ​ដឹង​ពី ​នៃ​ស្ថានភាព​ នៃ​ការរស់នៅ និង​ជីវភាព ក៏ដូចជា​ចង់​ដឹង​ពី​ប្រវត្តិ​សិក្សា​របស់​សិល្បករ​ផ្នែក​នេះ​ឲ្យ​កាន់តែច្បាស់ ​ខណៈ​សិល្បៈ​នេះ កម្រ​មាន​មនុស្ស​ចាប់អារម្មណ៍​ក្នុង​ការ​រៀន​សូត្រ​ ហើយ​អ្នកមាន​ទេពកោសល្យ​លើ​ផ្នែក​នេះ​ មាន​ចំនួន​កាន់តែ​តិចតួចៗ​។​

លោក​បាន​បន្តថា ​ការ​ធ្វើជំរឿន​នេះ ​ក៏​ជាការ​លើកទឹកចិត្ត​ដល់​សិល្បករ និង​យុវជន​ជំនាន់​ក្រោយ​ខិតខំ​រៀន​សូត្រ​នូវ​ទម្រង់​សិល្បៈ​មួយ​នេះ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ប្រយោជន៍​លើកស្ទួយ និង​អភិរក្ស​សិល្បៈ​ចាប៉ីដងវែង​ខ្មែរ​ឲ្យ​ស្ថិតស្ថេរ​ជា​អង្វែង​តទៅ​។

លោក​បន្ថែមទៀតថា ​ក្រោយ​ដឹង​ពី​បច្ចុប្បន្ន​ភាព ​អ្នក​សិល្បៈ​ទាំងនេះ ក្រសួង​នឹង​រៀបចំ​ឲ្យ​មាន​ជា​មហោស្រព​សម្រាប់​ឲ្យ​ពួកគាត់​សម្តែង​ ដើម្បី​បាន​ប្រាក់​ចំណូល និង​រៀបចំ​ឲ្យ​មាន​ជា​វេទិកា​ដើម្បី​ជា​ថ្នាល​បណ្ដុះបណ្ដាល​បន្ត​ដល់​អ្នក​ស្រលាញ់​ចូលចិត្ត​នឹង​អាជីព​សិល្បៈ​នេះ​។ ​ប៉ុន្តែ​បច្ចុប្បន្ននេះ ​អ្នក​ដែល​ចូលរៀន​លើ​ផ្នែក​ចាប៉ី​នេះ​មាន​ចំនួន​តិចតួច​បំផុត ​ដោយសារតែ​ខ្វះ​ការគាំទ្រ មិន​មាន​ទីផ្សារ​ហើយ​ម្យ៉ាងទៀត​អ្នក​ដែលមាន​ជំនាញ​នេះ ​កាន់តែ​ចាស់ជរា​ទៅៗ​ និង​ខ្លះទៀត​បានទទួល​មរណភាព​។​

របាយការណ៍​បឋម​ពី​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​បង្ហាញ​ថា សិល្បករ​ចាប៉ី​ដងវែង ដែល​ត្រូវបាន​ស្រាវជ្រាវ​រក​ឃើញ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ មាន​ចំនួន​ជាង​១០០​នាក់ ដោយ​អ្នក​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី​១៥ ទៅ​៨០​ឆ្នាំ ក្នុង​នោះ​នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង មាន​ជាង​១០​នាក់ ​ដែល​ស្ថិតក្នុង​វ័យ​ចំណាស់​មាន​អាយុ​ចាប់ពី​ជាង​៥០​ឆ្នាំ​ឡើងទៅ​។​

ក្នុងនោះ​រួមមាន​ ១.លោកតា អិន សា​រ៉េ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​។ ​២.លោកពូ ប៊ុន បឿ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្ថិតនៅ​ក្នុង ភូមិ​ទួល​វិហារ ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជុំ ខេត្ត​ស្វាយរៀង។ ​៣.លោកតា អ៊ិន សារុន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ត្រពាំង​រុនទី​២ ឃុំ​ច​ន្ត្រី ស្រុក​រមាសហែក ខេត្តស្វាយរៀង។​ ៤.​លោកតា ឱក អាង ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​តា​គោ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។ ​៥.​លោក​ អ៊ុ នេត្រ ប៉េ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​សង្កែ​ចុង ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្ដេច​ខេត្តព្រៃវែង​។ ​៦.​លោកពូ ព្រុំ អឿន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​ទួល​ការ ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។ ៧.​អ្នកស្រី ស៊ិន សួយ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ស្ថិតនៅក្នុង ភូមិប​ល្ល័​ង្គ ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។ ​៨.​លោកពូ ឯ យិន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ស្ថិតនៅ​ក្នុង ភូមិ​ប្រហួ​ត ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​ ៩.​លោកតា ម៉ម ឆុន ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ ស្ថិតនៅក្នុង ភូមិ​កន្សោម​អក ឃុំ​កន្សោម​អក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។ ​១០.​លោក​ អ៊ុ ប៊ុន គឿន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​ចំរេះ ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង និង​ ១១.​លោកតា នូ ផន ឈ្មោះ​ក្នុង​សិល្បៈ នូ សុរ៉ា​ផន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ស្ថិត​នៅ​ក្នុង ភូមិ​ចាន់​រ៉ា​២ ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​

គួរ​បញ្ជាក់​ថា ​ចាប៉ី​ដងវែង​ដែលជា​សិល្បៈ​អ​រូបិយ​របស់​កម្ពុ​ជាមួយ​នេះ ត្រូវ​បាន​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​ នៃ​មនុស្សជាតិ កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114