ព័ត៍មានទាន់​ហេតុការណ៏
Search

ចាងហ្វាង​កាសែត​ម្នាក់ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ ករណី​បណ្តឹង​របស់​អាជ្ញាធរ​សង្កាត់​ជ្រាវ

សៀមរាប ​៖ ​លោក​ផ្លុ​ង រ៉េត ចាងហ្វាង​កាសែត​និង​គេហទំព័រ កម្ពុជា​សុវណ្ណ​ភូមិ នៅ​ព្រឹក​ថ្ងៃ​ទី២១ ​ខែឧសភា​ ឆ្នាំ​២០១៩​នេះ បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ហើយ បន្ទាប់ពី​មាន​ដីកាកោះ ជុំវិញ​បណ្តឹង​របស់​អាជ្ញាធរ​ស​ង្កា​ត់​ជ្រាវ ចោទ​ប្រកាន់​ថា បាន​ផ្សាយ​ព័ត៌មាន​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​។

លោក​ផ្លុ​ង រ៉េត បាន​ថ្លែង​តាម​ទូរ​ស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២១ ​ខែឧសភា​នេះ​ថា លោក​ពិតជា​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​រួចហើយ តាម​កាលកំណត់​នៅ​ក្នុង​ដីកា​។ ជាមួយគ្នា​នោះ តំណាង​អយ្យការ ក៏បាន​ឲ្យ​រូបលោក​ប្រមូល​ឯកសារ​ដែល​ពាក់​ព័ន្ធ មក​បង្ហាញ​ផង​ដែរ​។ ក្នុង​ការ​ឆ្លើយ​បំភ្លឺ លោក​បាន​បញ្ជាក់​ថា រាល់​ព័ត៌មាន​ដែល​រូបលោក​បាន​ចុះផ្សាយ​កន្លងមក គឺ​សុទ្ធ​សឹង​មាន​ឯកសារ​ទាំងអស់ ដូច​ជាការ​ឈូសឆាយ​ព្រៃ​លិច​ទឹក និង​ការ​ជីក​ដី​ក្នុង​បាត​បារាយណ៍​សិប្បនិម្មិត​ក្នុង​សង្កាត់​ជ្រាវ​ជាដើម​។ ចំណែក​ឯ​បទ​ដែល​ចោទ​ថា ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ លោក​បញ្ជាក់​ថា រូបលោក​ពុំ​ធ្លាប់​ទៅ​បង្គាប់ ​ឬ ផ្សាយ​ព័ត៌មាន​ឲ្យ​នរណា​ម្នាក់​ទៅ​សម្លាប់​គេ​នោះឡើយ​។​ ចឹ​ង​ទេ​បណ្តឹង​របស់​អាជ្ញាធរ​សង្កាត់​ជ្រាវ ដែល​បាន​ប្តឹង​រូបលោក​ទៅ​តុលាការ​នេះ គឺ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ទាំងអស់។

លោក​ផ្លុ​ង រ៉េត បញ្ជាក់​ថា បន្ទាប់ពី​បាន​ឆ្លើយ​នៅ​ចំពោះ​មុខ​អយ្យការ លោក​ក៏បាន​ស្នើសុំ​ឲ្យ​លើកលែង​ការចោទប្រកាន់​ទាំងអស់ ត្បិត​រូបលោក​ពុំបាន​ប្រព្រឹត្តិ​ដូច​ក្នុង​បណ្តឹង​នោះឡើយ​។

ចៅសង្កាត់​ជ្រាវ លោក​ក្អោ​ប រ៉​ន បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ផង​ដែរ​ថា រូបលោក​ជា​ចៅសង្កាត់​ជ្រាវ រួម​ទាំង​លោក​គង់ មង្គល ប្រធាន​សហគមន៍​ទេសចរណ៍​បឹង​ពារាំង ពិតជា​បាន​ប្តឹង​លោក​ផ្លុ​ង រ៉េត ទៅ​តុលាការ​ប្រាកដ​មែន ។ ចំពោះ​ដំណើររឿង គឺ​ទុក​ឲ្យ​ខាង​តុលាការ ជា​អ្នកសម្រេច​។ លោក​បន្ត​ថា ក្នុង​ករណី​នេះ បើ​ទោះ​មានការ​សម្របសម្រួល​យ៉ាងណា​នោះ ក៏​លោក​មិន​ដក​ពាក្យ​បណ្តឹង​វិញ​នោះដែរ​។ ជុំវិញ​ករណី​នេះ លោក​យិន ស្រាង អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្ត​សៀមរាប បាន​ថ្លែង​តាម​ទូរ​ស័ព្ទ​ថា រឿង​នេះ​កំពុង​ស្ថិត​ក្នុងដំណាក់កាល​អយ្យការ ចឹ​ង​ទេ​លោ​កនៅ​មិនអាច​ទាន់​ឆ្លើយ​នោះទេ​។

ចំណែក​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប បាន​មានប្រសាសន៍​តាម​ទូរ​ស័ព្ទ​ថា ករណី​នេះ​លោក​ផ្លុ​ង រ៉េត បាន​ចូលខ្លួន​មក​ឆ្លើយ​បំភ្លឺ​រួចហើយ​។ ប៉ុន្តែ​សំណួរ​ដែល​សួរ​ថា តើ​អាច​លើកលែង​ការចោទប្រកាន់​បាន​ដែរ​ឬទេ​? លោក​សុំ​មិនទាន់​ឆ្លើយ​នោះ​ទេ។

លោក​បន្ត​ថា ការចោទប្រកាន់ ​ឬ ​មិន​ចោទ​នោះ គឺ​ស្ថិត​លើ​ការស៊ើបអង្កេត​ជាបឋម​សិន​។ បើ​រក​ឃើញ​ថា មាន​បទល្មើស នោះ​អាច​នឹង​មាន​ការចោទប្រកាន់​។ ​ប៉ុន្តែ​ប្រសិនបើ​រក​មិន​ឃើញ ក៏​មិន​អាច​ចោទ​បាន​នោះដែរ​។ ចឹ​ង​ទេ​រឿង​នេះ​ កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​នៅឡើយ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤​ ខែមីនា ​ឆ្នាំ​២០១៩ លោក​ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ និង​លោក​គង់ មង្គល ប្រធាន​សហគមន៍​ទេសចរណ៍​បឹង​ពារាំង បាន​ប្តឹង​លោក​ផ្លុ​ង រ៉េត ទៅ​តុលាការ ដោយ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ទី​១​បរិហារកេរ្តិ៍ និង​ទី​២ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ នៅក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

នៅ​ដំណើរ​រឿងនេះ បើ​ទោះ​បី​លោក​ផ្លុ​ង រ៉េត បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ហើយ​ក្តី ប៉ុន្តែ​ក្រុម​អ្នក​កាសែត​ជាច្រើន​នៅ​ខេត្ត​សៀមរាប បាន​សម្តែង​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​យ៉ាងខ្លាំង ចំពោះ​ផ្លូវ​តុលាការ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114