ព័ត៍មានទាន់​ហេតុការណ៏
Search

ឧកញ៉ា​វ័យក្មេង ឡេង ណា​វ៉ា​ត្រា ប្រគល់​ផ្ទះ​អំណោយ​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន ចាន់ សម័យ

ភ្នំពេញ ​៖ ​តារា​ចម្រៀង​ម្ចាស់​បទ សុំ​មេមាន់​១ គឺ​លោក ចាន់ សម័យ ត្រូវបាន​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ ប្រគល់​ផ្ទះ​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូន នៅក្នុង​បុរី​ឡេង​ណា​វ៉ា​ត្រា ស្ថិតនៅ​ជិត​ផ្សារ​ទួល​ពង្រ​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩​។

​ពិធី​ប្រគល់​នេះ​ មិន​ត្រូវបាន​ធ្វើឡើង​អធិកអធម​នោះទេ​ ពោលគឺ​ដោយ​គ្រាន់តែ​មានការ​ចូលរួម​ប្រគល់ជូន​ដោយ​វត្តមាន​លោក ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង លោក ហេង ឡុង ស្ថាបនិក​សមាគម​មិត្ត​ស្ម័គ្រចិត្ត​សិល្បៈ​ជួយ​សង្គម​តែប៉ុណ្ណោះ​។​ ផ្ទះ​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទិញ​ឲ្យ​តារា​ចម្រៀង ចាន់ សម័យ​នោះ គឺជា​ប្រភេទ​វិឡារ​តឿ មាន​សល់​ដី​ជុំវិញ​ផ្ទះ និង​ជា​ប្រភេទ​ផ្ទះ​ដែលមាន​តម្លៃ​ខ្ពស់​នៅក្នុង​បុរី​ឡេង​ណា​វ៉ា​ត្រា​គម្រោង​ទី​៦​នោះ​។

​បើតាម​ការលើកឡើងរ​បស់​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ថ្លែងថា​ តារាចម្រៀង​លោក ចាន់ សម័យ ពិតជា​មានសំណាង​ណាស់ ដែល​បាន​សម្ដេច​ទាំងពីរ​អាណិតអាសូរ ហើយ​ទិញ​ផ្ទះ​ឲ្យ​នៅក្នុង​បុរី​របស់លោក ហើយ​លោក​ឧកញ៉ា​បញ្ជាក់ថា​ក៏​ជា​មោទនភាព និង​ជាម​ហា​កិត្តិយស​ផងដែរ​ដែល​សម្ដេច​ទាំងពីរ​បាន​ជ្រើស​ផ្ទះ​អោយ​លោក ចាន់ សម័យ នៅក្នុង​បុរី​ឡេង​ណា​វ៉ា​ត្រា​របស់លោក​។​

​តារាចម្រៀង​ប្រុស​លោក ចាន់ សម័យ រឹតតែ​បាន​សម្ដែង​អារម្មណ៍ ខណៈដែល​លោក​បញ្ជាក់ថា ក្រោយពេល​ធ្លាក់ខ្លួន លោក​មិនដែល​ស្រមៃ​សោះ ថា​នឹង​ផ្ទះ​រស់នៅ​ថ្លៃថ្នូរ​បែបនេះ​។ ម្ចាស់​បទ​”​សុំ​មេមាន់​មួយ​” លោក ចាន់ សម័យ បន្តថា ​លោក​មានតែ​ការ​អរគុណ ដល់​សម្ដេច​ទាំងពីរ​ប៉ុណ្ណោះ ដែលមាន​ទឹកចិត្ត​ប្រោសប្រណី​ដល់​រូបលោក និង​ក្រុមគ្រួសារ ដោយ​លោក​ប្រកាស​ថា ចាប់ពីពេលនេះ​តទៅ លោក​នឹង​ឈប់​រស់នៅ​ផ្ទះ​ជួល​ទៀតហើយ ព្រោះ​មាន​ផ្ទះ​សម្បែង​ផ្ទាល់ខ្លួន​រស់នៅ​នឹង​គេ។ លោក ចាន់ សម័យ ក៏បាន​សំពះ​ជូនពរ​សម្ដេច​ទាំងពីរ អោយបាន​សម្រេច​នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ជានិច្ចនិរន្តរ៍​តរៀង​ទៅ​។​

​សូម​បញ្ជាក់​ថា​ លោក ចាន់ សម័យ បាន​ប្រឡូក​លើ​វិស័យ​ចម្រៀង​ប្រមាណ​ជាង​១០​ឆ្នាំ​មកហើយ ប៉ុន្តែ​ដោយសារ​ការធ្លាក់ចុះ​ទីផ្សារ​និង​កើតមាន​ជំងឺរបេង​ឆ្អឹង​តាំងពី​អាយុ​១៤​ឆ្នាំ ​តែ​ទើប​ចាប់ផ្ដើម​ធ្វើទុក្ខ​ខ្លាំង​៥​ឆ្នាំ​ចុងក្រោយ ទើប​បណ្ដាលអោយ​លោក​ធ្លាក់ខ្លួន​ដុនដាប​។ លោក​ត្រូវគេ​ឃើញ​រស់នៅ​យ៉ាង​លំបាក​ក្នុង​ផ្ទះជួល​មួយកន្លែង នៅ​ខណ្ឌ​ជ្រោយចង្វារ ហើយ​បន្ទាប់ពី​មានការ​ចុះផ្សាយ​ព្រោងព្រាត លោក​ក៏​ទទួល​បានការ​អាណិត​ពី​សប្បុរសជន​។ ក្នុងនោះ​សម្ដេច​ទាំងពីរ ​ក៏បាន​ប្រកាស​ផ្ដល់​ផ្ទះ​ ដែល​ទើប​ប្រគល់​នេះ​ជូន​លោក​តែម្ដង។ បច្ចុប្បន្ន លោក​ចាប់ផ្ដើម​ហើប​ទីផ្សារ​ចម្រៀង​វិញ​ហើយ ដោយ​ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏​ទទួល​អោយ​លោក​ច្រៀង​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114