ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម​Bologna​បន្ត​ការរស់រាន​របស់​ពួកគេ​នៅ​ក្របខណ្ឌ​កំពូល Serie A​ក្រោយ​ស្មើ​៣-៣​ជាមួយ​ក្រុម Lazio

​គ្រូបង្វឹក​របស់​ក្រុម Bologna​លោក Sinisa Mihajlovic បាន​ស្ងើចសរសើរ​យ៉ាងខ្លាំង​ដល់​ក្រុម​របស់គាត់ សម្រាប់​ការបង្កើត​អព្ភូតហេតុ​ដើម្បី​រក្សា​បាន​ការរស់រាន​របស់​ពួកគេ​នៅ​ក្របខណ្ឌ​កំពូល ជាមួយនឹង​លទ្ធផល​ស្មើ​៣-៣​ជាមួយ​ក្រុម Lazio កាលពី​ថ្ងៃ​ចន្ទ ដែល​វា​ល្មម​គ្រប់គ្រាន់​ក្នុង​ការបន្ត​ឈរជើង​នៅ​ក្របខណ្ឌ Serie A​នា​រដូវ​កាល​ក្រោយ​ទៀត​។

វា​គឺជា​ពិន្ទុ​ដ៏​ចាំបាច់​មួយ​សម្រាប់​ក្រុម Bologna​ដែល​បាន​ប្រែ​មុខមាត់​របស់​ពួកគេ ចាប់តាំងពី​ការមកដល់​របស់​គ្រូបង្វឹក​សញ្ជាតិ​ស៊ែ​ប៊ី Mihajlovic បន្តវេន​ពី​លោក Filippo Inzaghi ដែល​ត្រូវជា​ប្អូនប្រុស​របស់លោក Simone គ្រូបង្វឹក​បច្ចុប្បន្ន​រប​ស់​ក្រុម Lazio កាលពី​ខែ​កុ​ម្ភៈ​កន្លងទៅ​។

លោក Mihajlovic ដែលជា​អតីត​ក្រុម​ជម្រើសជាតិ​យូ​ហ្គោ​ស្លា​វី​នោះ បាន​និយាយថា គ្មាន​នរណាម្នាក់​ជឿថា យើង​អាច​បន្ត​ឈរជើង​បែប​ហ្នឹង​បាន​នោះទេ​។

លោក​បន្តទៀតថា បច្ចុប្បន្ន​យើង​មាន​គោលដៅ​មួយទៀត ដើម្បី​យកឈ្នះ​ក្រុម Napoli នា​ថ្ងៃ​សៅរ៍​ខាងមុខនេះ ដើម្បី​ឡើងឈរ​នៅ​លេខ​រៀង​ទី​១០​។

សូម​បញ្ជាក់​ថា ក្លិប​Bologna​បាន​ឈរ​នៅ​លេខ​រៀង​ទី​១៨ ពោល​គឺ​រក​បាន​តែ​ជ័យជំនះ​២​លើក​គត់ ពី​២១​ប្រកួត ពេល​ដែល​លោក Mihajlovic គឺជា​អតីត​គ្រូប​ង្វឹក​របស់​ក្រុម​ជ្រើស​ជាតិ​ស៊ែ​ប៊ី ក្រុម AC Milan និង​ក្រុម Torino បានមក​ដល់ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក ពួកគេ​បានឈ្នះ​៨​ប្រកួត ក្នុងចំណោម​១៦​ប្រកួត ហើយ​បច្ចុប្បន្ន ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​១២​។

ក្រុម Lazio បាន​ឡើងទៅ Europa League​រួចទៅហើយ ក្រោយពី​ពួកគេ​ឈ្នះ​ជើងឯក Coppa Italia លើ​ក្រុម Atalanta កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅក្នុង​ទីក្រុង​រ៉ូម ហើយ​ពួកគេ​លែង​ត្រូវ​ការលេង​ដើម្បី​អ្វី​ទៀតហើយ ពេលដែល​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៨​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114