ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាការិនី Caster Semenya រួមការ​រត់ប្រណាំង​ចម្ងាយ​៣​ពាន់​ម៉ែត្រ​នៅ Diamond League Prefontaine Classic

​ជើង​ឯ​កីឡា​អូឡាំពិក​២​សម័យកាល Caster Semenya នឹងចូលរួម​ការរត់​ប្រណាំង​ចម្ងាយ​៣​ពាន់​ម៉ែត្រ​នៅ​ព្រឹ​ត្តិ​ការណ៍ Diamond League Prefontaine Classic នា​ថ្ងៃទី​៣០ ខែមិថុនា​ខាងមុខនេះ គឺជា​ចម្ងាយ​មួយ​ដែល​នាង​អាច​ចូលរួម​ប្រកួត​បាន​ដោយ​មិនចាំបាច់​បញ្ចុះ​កម្រិត​តេ​ស្តូ​ស្តេ​រ៉ូ​ន​របស់​នាង​នោះទេ​។

កីឡាការិនី​អាហ្វ្រិក​ខាងត្បូង​ម្នាក់នេះ បានឈ្នះ​មេដាយមាស​កីឡា​អូឡាំពិក​២​គ្រឿង​នៅ​ការរត់​ប្រណាំង​ចម្ងាយ​៨០០​ម៉ែត្រ ហើយ​នាង​បាន​និយាយ​យ៉ាង​ទ​ទូច​ថា នាង​នឹង​មិន​លេបថ្នាំ​ដើម្បី​អនុ​ឡោម​តាម​បទបញ្ជា​គ្រប់គ្រង​ក​ម្រិ​ង​តេ​ស្តូ​ស្តេ​រ៉ូ​ន​លើ​អត្ត​ព​លិ​ក​នារី​របស់​សហព័ន្ធ​អត្តពលកម្ម​នៃ​សមាគម​អន្តរជាតិ​(IAAF)​នោះ​ទេ ដែល​នឹង​ចូល​សុពលភាព​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ខាងមុខនេះ​។

បទបញ្ជា​ថ្មី​នេះ គឺ​តម្រូវ​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​នារី ដែលមាន​កម្រិត​អ័រម៉ូន​ខ្ពស់​ខុស​ពី​ធម្មតា ត្រូវតែ​បញ្ចុះ​កម្រិត​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​រាងកាយ​របស់​ពួកគេ បើសិនជា​ពួកគេ​ចង់​ចូលរួម​ការរត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ជាង​៤០០​ម៉ែត្រ រហូតដល់​១​ម៉ៃ​ល៍​។

កីឡាការិនី Semenya ទើបតែ​ឈ្នះ​ការ​រត់​ប្រណាំង​នៅ​ព្រឹ​ត្តិ​ការណ៍ Doha Diamond League ក្នុង​ខែ​នេះ ដែល​ជា​ការ​រត់​ប្រណាំង​លើកដំបូង​របស់​នាង ចាប់តាំងពី​ចាញ់​បណ្តឹងឧទ្ធរណ៍​របស់​នា​ង​នៅ​តុលាការ​ម​ជ្ឈ​ត្ត​កម្ម​កីឡា​(CAS) ពាក់ព័ន្ធ​នឹង​បញ្ជា​ជម្លោះ​មួយ​នេះ​។

ដោយឡែក អាហ្វ្រិក​ខាងត្បូង បាន​និយាយ​រួចហើយ​ថា​ ពួកគេ​នឹង​បន្ត​ប្តឹង​សាលក្រម​សម្រេច​របស់ CAS ទៅកាន់​សាលា​ក្តី​សហព័ន្ធ​ស្វី​ស ដោយ​ពួកគេ​បានលើកឡើង​ពី​កង្វះខាត នីតិ​វិធី​នៃ​ការអនុវត្តន៍​បទបញ្ជា​ថ្មី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114