ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្លិប Brighton​បានតែងតាំង​លោក Graham Potter ជា​អ្នកចាត់ការ​ថ្មី​ដើម្បី​ជំនួស​តំណែង​លោក Hughton

​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ក្លិប Brighton​បានតែងតាំង​លោក Graham Potter ជា​អ្នកចាត់ការ​ថ្មី​របស់​ពួកគេ​នៅលើ​កិច្ចព្រមព្រៀង​រយៈពេល​៤​ឆ្នាំ​។

​លោក Graham Potter វ័យ​៤៤​ឆ្នាំ នឹង​ចាក​ចេញពី​ក្លិប Swansea City​នៅ​ក្រប​ខណ្ឌ Championship ហើយ​និង​មក​បន្តវេន​ពី​លោក Chris Hughton ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​កាលពី​សប្តាហ៍​មុន ក្រោយ​ក្រុម​របស់​លោក​ឈរ​នៅ​លេខ​រៀង​ទី​១៧​នៅលើ​តារាង Premier League​។​
​គួរ​ឲ្យ​ដឹងថា លោក Potter បាន​ផ្ទេរ​មក​ដឹកនាំ​ក្លិប Swansea City​ពី​ក្លិប​ស្វី​ស Ostersunds FK កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ហើយ​និង​បាន​ដឹកនាំ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​១០​។

លោក Tony Bloom គឺជា​ប្រធាន​ក្លិប Brighton​បាន​និយាយថា លោក​មានជំនឿថា លោក Potter​គឺ​ស័ក្តិសម​បំផុត​ជាមួយនឹង​ក្លិប​របស់​ពួកយើង​។

លោក​បន្ត​ថា ពួក​យើង​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​ដណ្តើម​បាន​សេវាកម្ម​ដឹកនាំ​របស់​គ្រូបង្វឹក​វ័យក្មេង​ដ៏​អស្ចារ្យ​របស់​អង់គ្លេស​។ លោក Graham Potter មាន​ប្រវត្តិ​អភិវឌ្ឍន៍​ក្រុម​ល្អ ជាមួយនឹង​ស្ទីល​លេង​ប្រយុទ្ធ ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ឆន្ទៈ​សមូហភាព​ខ្លាំងក្លា​។

ខណៈ​នោះ​ដែរ លោក Potter បាន​និយាយប្រាប់​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​សប្បាយចិត្ត​ណាស់​ដែល​បានមក​កាន់​ទីនេះ​នៅ​ថ្ងៃ​ខួបកំណើត​របស់លោក​។ វា​គឺជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​រូបលោក ហើយ​លោក​ពិតជា​រំភើបចិត្ត និង​មាន​មោទនភាព​ខ្លាំង​ណាស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114