ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ឡ​កែច្នៃ​ចម្រាញ់​ប្រេង​ខ្មៅ​១​កន្លែង ​នៅ​ស្រុក​ភ្នំស្រួច ​ខូចខាត​រថយន្ត​១​គ្រឿង​ និង​សម្ភារៈ​ជាច្រើន​ទៀត

ភ្នំពេញ ៖​ ឡ​កែច្នៃ​ប្រេងម៉ាស៊ីន​ចាស់ៗ​(​ប្រេង​ខ្មៅ​) ខុស​បច្ចេកទេស​មួយកន្លែង​ បាន​ផ្ទុះ​ឆេះ​រង​ការ​ខូច​ខាត​ទាំងស្រុង​ ប៉ុន្តែ​សំណាងល្អ​ មិន​បណ្ដាលឲ្យ​រីក​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ និង​គ្មាន​មនុស្ស​ណា​ម្នាក់​រងរបួស ​ឬ​ស្លាប់​ ក្នុង​ហេតុការណ៍​ឆេះ​ទីតាំង​ផលិត​កែច្នៃ​ប្រេង​ខ្មៅ ស្ល​ជា​ប្រេងម៉ាស៊ូត​នេះ​ទេ។

ហេតុការណ៍​ផ្ទុះ​ឆេះ​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ​នេះ​ កើតឡើង​វេលា​ម៉ោង​១៥និង​៤៥​នាទី នា​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូង​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​កម្លាំង​នគរបាល​ផ្នែក​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ប្រើ​រយៈពេល​ជាច្រើន​ម៉ោង​ ដើម្បី​ប្រតិបត្តិការ​បាញ់​ទឹក​ពន្លត់ ​និង​ទប់​ស្កាត់​មិន​ឲ្យ​រីក​រាលដាល​បន្ត​ទៀត​។​

មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បាន​រាយការណ៍​ឲ្យ​ដឹងថា ​ម្ចាស់​ទីតាំង​សិប្បកម្ម​ឡ​កែច្នៃ​ប្រេង​ខ្មៅ​ដែល​ត្រូវ​ផ្ទុះ​ឆេះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ​ថន ​សេង​លី ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​។

អ្នក​ឃើញ​ហេតុការណ៍​ដំបូង​បានឲ្យ​ដឹងថា​ មុនដំបូង​អគ្គិភ័យ​នេះ​ផ្តើមឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី​ រួច​ក៏​ឆេះ​រាលដាល​កាន់តែ​ធំ​បែបនេះ​ ព្រោះ​ទីតាំង​នេះ​មាន​ស្តុក​ប្រេង​រាប់​ម៉ឺន​លីត្រ​ផងដែរ​។​

នគរបាល​និយាយ​ថា ​ក្នុង​ករណី​ឆេះ​ឡ​ចម្រាញ់​ប្រេងម៉ាស៊ីន​ចាស់ៗ ​ឬ​ហៅថា​ប្រេង​ខ្មៅ​នេះ ​ជាក់ស្ដែង​បណ្ដាលឲ្យ​ខូចខាត​រថយន្ត​ដឹក​ប្រេង​០១​គ្រឿង​ ម៉ាស៊ីន​ចម្រាញ់​០៧​គ្រឿង​ ស៊ីទែន​ផ្ទុក​ប្រេង​ចំនួន​០៦ ធុង​ជ័រ​២៤​ធុង និង​ប្រេងម៉ាស៊ូត​ចម្រាញ់​រួច​ចំនួន​៦៧.០០០​លីត្រ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន បាន​បញ្ជាក់​ថា «​ក្នុង​ប្រតិ​បត្តិការ​ខាងលើ​ កងកម្លាំង​នគរបាល​ផ្នែក​បង្ការ​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​ខេត្ត ​រួម​សហការ​ជា​មួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន​០៤​គ្រឿង​»​។​

លោកស្នងការ​បាន​បន្ត​ទៀត​ថា ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​០៤​គ្រឿង​ ដែល​ចេញ​ប្រតិបត្តិការ​រួមមាន ​៖​រថយន្ត​អធិការដ្ឋាន​០១​គ្រឿង​, រថយន្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​០២​គ្រឿង​, រថយន្ត​សាលា​នគរ​បាល​មិត្តភាព​កម្ពុជា វៀតណាម​០១​គ្រឿង ​ប្រើប្រាស់​ទឹក​ធម្មតា លាយ​សាប៊ូ​០៧ រថយន្ត ដែល​ប្រើ​រយៈពេល​ប្រមាណ​ជាង​៣​ម៉ោង រហូតដល់​វេលា​ម៉ោង​១៨​និង​០០​នាទី ទើប​ស្ថានភាព​អគ្គិភ័យ​ត្រូវ​បាន​គ្រប់គ្រង​បាន ​និង​រលត់​ទាំងស្រុង​។​

មន្ត្រី​ជំនាញ​ផ្នែក​អគ្គិភ័យ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ គ្រោះ​អគ្គិភ័យ​ផ្ទុះ​ឆេះ​ឡ​ចម្រាញ់​ប្រេង​ខ្មៅ​នៅ​ឃុំ​ដំបូក​រូង​ ស្រុក​ភ្នំស្រួច ​អាច​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី​។​

នគរបាល ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ប្រព័ន្ធ​ខ្សែ​បណ្ដាញ​អគ្គិសនី ​ដែល​ត​ចូល​ផ្ទះ​ ធ្វើឲ្យ​ល្អ​ ដើម្បី​សុវត្ថិភាព​ផ្ទះ​របស់​ខ្លួន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114