ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​កែប នៅតែ​បន្ត​អនុវត្ត​ច្បាប់ ប៉ុន្តែ​មាន​ករណី​ប្រទង់ប្រទាញ​ខ្លះៗ ខណៈ​ម្ចាស់​យានយន្ត​មួយចំនួន​មិន​យល់​ច្បាប់​

​កែប ៖ នៅ​រសៀល​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ នៃ​ខេត្ត​កែប បាន​ដាក់​គោលដៅ​ចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ ដែល​កំពុង​ចរាចរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុង​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​ក្រម​ការងារ​បាន​ឲ្យ​ដឹង​ថា ក្នុងទិសដៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​រសៀល​នេះ ក្រុម​ការងារ​បាន​ឃាត់​រថយន្ត​មក​ត្រួតពិនិត្យបាន​ចំនួន​៣០​គ្រឿង ក្នុងចំណោម​នោះ​រថយន្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​មាន​២៣​គ្រឿង និង​មាន​០៧​គ្រឿង​ ដែលជា​រថយន្ត​ល្មើស ដូចជា ​៖ រថយន្ត​ខ្វះ​ឯកសារ​ចំនួន​០៣​គ្រឿង រថយន្ត​តរាន​ទៅ​ក្រោយ​ចំនួន​០៣​គ្រឿង និង​រថយន្ត​ដឹក​សំពីងសំពោង​មាន​០១​គ្រឿង​។​

​ក្រុមការងារ​ត្រួតពិនិត្យបាន​បញ្ជាក់ថា ចំពោះ​ការអនុវត្ត​នេះ​ការ​ដោះ​រាន​ចេញ​ក្នុងចំណោម​រថយន្ត​បី​គ្រឿង ក៏មាន​ភាព​ប្រទង់ប្រទាញ​ខ្លះ ដោយសារ​មាន​រថយន្ត​ប្រភេទ​ទួរីស​ដឹក​អ្នកដំណើរ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2I-8784 ដែល​តរាន​មក​ក្រោយ​ខុស​ទ្រង់ទ្រាយ​បច្ចេកទេស​មិន​ព្រម​ដោះ​រាន​ចេញ​តាម​សម្រួល​ឡើយ ថែមទាំង​ទូរស័ព្ទ​ហៅ​អ្នកកាសែត​ឲ្យ​មក​ជួយ​អន្តរាគមន៍​រថយន្ត​រ​បស់​ខ្លួន​ទៀតផង​។​

​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត ដែលមាន​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​កែប បានបញ្ជាក់​ផងដែរ​ថា ចំពោះ​ការ​រឹងរូស​មិន​ព្រម​ឲ្យ​ក្រុមការងារ​ជំនាញ​អនុវត្ត​តាម​គោលការណ៍​ច្បាប់ ដែល​កំពុង​អនុវត្ត​ទូទាំងប្រទេស​នេះ គឺ​ត្រូវតែ​ដោះ​រាន​ក្រោយ​ចេញ ហើយ​ប្រគល់​ឲ្យ​ផែន​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​កែប ផាកពិន័យ​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នានេះ ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​កែប សំណូមពរ​ដល់​ម្ចាស់​រថយន្ត​ល្មើស​ដែល​កំពុង​ហៅ​អ្នកកាសែត​មកជួយ​អន្តរាគមន៍​ខាងលើ សូម​ងាក​មក​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា សូមកុំ​រឹងរូស ដោយ​សំអាង​លើ​អន្តរាគមន៍​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​បែបនេះ​ឲ្យ​សោះ ព្រោះ​ក្រុមការងារ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់​ដែល​បាននិងកំពុង​ពង្រឹង​នៅ​ទូទាំងប្រទេស​។​

​សូមជម្រាបថា ​៖ យោង​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លងមក បានដាក់​ឱសានវាទ​ចាប់ពីពេលនេះ​តទៅ ដោយ​គ្មាន​វត្តមាន ឡាន​ត​ទ្រុង ឬ​រថយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បើកបរ​នៅលើ​ដងផ្លូវ​ទៀតឡើយ​។​ បើ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត ក្រុង​នោះ​ជា​អ្នកទទួលខុសត្រូវ​។ ​បើ​នរណា​មក​តវ៉ា ឬ​កាង ទោះ​ជា​ឋានៈ​ណាក៏ដោយ​ ក៏ត្រូវ​តែ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114