ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះសង្ឃ និង​សីលវតី​ចំនួន​២០០​អង្គ​/​នាក់ បាន​ត្រាច់ចរ​បិណ្ឌបាត ទូទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ផ្សព្វ​ផ្សាយ និង​ធ្វើការ​បញ្ជ្រាប​ដល់​យុវជន យុវនារី​ខ្មែរ ឲ្យ​ស្គាល់​តម្លៃ​នៃ​ទ្រឹស្ដី​អប់រំ​របស់​ព្រះពុទ្ធសាសនា​

​​ប៉ៃលិន ​៖ រយៈពេល​៥​​ថ្ងៃ​ជាប់ៗ​គ្នា គេ​សង្កេតឃើញ​ព្រះសង្ឃ និង​សីលវតី​ចំនួន​២០០​អង្គ​/​នាក់ បាន​ចេញ​ដំណើរ​ត្រាច់ចរ​បិណ្ឌបាត តាមផ្លូវ​នានា​ទូទាំង​ខេត្ត​ប៉ៃលិន ដើម្បី​ផ្សព្វផ្សាយ​ពី​វិស័យ​ព្រះពុទ្ធ​សាសនា និង​ដើម្បី​បញ្ជ្រាប​ដល់​យុវជន យុវនារី​ខ្មែរ​ឲ្យ​ស្គាល់​តម្លៃ​ នៃ​ទ្រឹស្ដី​អប់រំ របស់​ព្រះពុទ្ធ​សាសនា ដែលជា​សាសនា​របស់​ជាតិ។ នេះ​បើ​តាម​​​​​ព្រះគ្រូ អ៊ា សុ​ផន ព្រះ​មេគណ​ខេត្ត​ប៉ៃលិន និង​ជា​ព្រះចៅអធិការ​វត្ត​ប៉ា​ហ៊ី។​ ជាក់ស្ដែង​​ នៅ​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ព្រះសង្ឃ និង​សីលវតី​ចំនួន​២០០​អង្គ​/​នាក់ បាន​ទ្រង់​បិណ្ឌបាត នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

បើតាម ​លោកជំទាវ ស៊ុំ ហៀ​ង ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ដែល​ចូលរួម​ក្នុង​ការ​រាប់បាត្រ​ព្រះសង្ឃ​ និង​សីលវតី ខាងលើ មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ឧសភា នេះ​ថា ​៖ ការ​រាប់​បាត្រ​មាន​អត្ថន័យ​ធំធេង​បំផុត ជាការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ផង និង​ដើម្បី​ឲ្យ​ព្រះសង្ឃ​ឧទ្ទិស​កុសល​មគ្គផល ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញាតិកា​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរិ​លោក​ខាងមុខ​ផង​។

ជាមួយគ្នានេះ ​ក្នុងនាម​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ដែល​គេ​ហៅថា​ជា​ពុទ្ធសាសនិក ក៏​មានចិត្ត​សប្បាយ ជ្រះថ្លា ឧទ្ទិស​កុសល ក្នុងការ​រាប់បាត្រ​ប្រគេន ដល់​ព្រះសង្ឃ​ផងដែរ​។

លោកជំទាវ ក៏បាន​បញ្ជាក់ដែរថា ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់ ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​នាំមក​នូវ​សុខសន្តិភាព ពេញ​ផ្ទៃ​ប្រទេស ហើយ បើ​គ្មាន​សន្តិភាព គ្មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន នោះទេ យើង​ពិតជា​មិនមាន​អ្វីៗ​ដូច​ពេល​នេះដែរ ដូច្នោះ​យើង​ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​នេះ ឲ្យ​បានយូរ​អង្វែង​ផងដែរ​។​

ព្រះគ្រូ អ៊ា សុ​ផន ព្រះ​មេគណ​ខេត្ត​ប៉ៃលិន និង​ជា​អ្នកដឹកនាំ​ព្រះសង្ឃ និង​សីលវតី រាប់បាត្រ បាន​មាន​ថេរៈ​ដីកា​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ឆ្នាំនេះ​ សាលា​​​គណៈមហានិកាយ​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​វត្ត​សាមគ្គី​គិរី​សំរឹទ្ធ ហៅ​វត្ត​សាលា​ក្រៅ រៀបចំ​ពិធី​បំបួស​កុលបុត្រ​ខ្មែរ ជា​សាមណេរ និង​សីល​វតី ចំនួន​២០០​អង្គ​/​នាក់ រយៈពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​នៅ​ថ្ងៃ​នេះ មាន​រយៈពេល​៥​ថ្ងៃ​ហើយ​ដែរ ចំពោះ​ការ​ត្រាច់ចរ​បិណ្ឌបាត ​គឺមាន​ការធ្វើ​រាល់ថ្ងៃ ក្នុង​គោលបំណង ដើម្បី​អប់រំ​ផ្លូវចិត្ត ធ្វើ​ឲ្យ​មនុស្ស​មានការ​យល់ដឹង​កាន់តែ​ប្រសើរ យល់ដឹង​អំពី​បាប​បុណ្យ អំពើ​ជា​កុសល និង​មានធម៌​ខន្តី​យោគយល់​អនុគ្រោះ ដល់​មនុស្ស​ផង​គ្នា ដោយ​ប្រកាន់ខ្ជាប់​តាម​ពុទ្ធឱវាទ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ជាពិសេស ដើម្បី​បំពេញ​បំណង ដល់​កូនចៅ​ដែល​ចង់​តបស្នង​សងគុណ​មាតាបិតា​របស់​ខ្លួន ជាពិសេស ដើម្បី​បញ្ជ្រាប​ដល់​យុវជន យុវនារី​ខ្មែរ ឲ្យ​ស្គាល់​តម្លៃ​ នៃ​ទ្រឹស្ដី​អប់រំ​របស់​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​ជាតិ​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114