ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង​ទំនាស់​ដីធ្លី ជំរុញ​អោយ​ភាគី​ចាញ់​ក្តី​ទាំង​ប្តី ទាំង​ប្រពន្ធ ក្លាយខ្លួនជា​ចោរ

បាត់ដំបង ៖ ជនសង្ស័យ​ពីរ​នាក់​ប្តី ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​បញ្ជូនទៅ​តុលាការ បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួច​គាស់​មើម​ដំឡូង​មី​របស់​គូបដិបក្ខ រាប់​សិប​ការុង ដោយ​គ្មាន​ខ្លាចរអា​ ហើយក៏​ត្រូវ​ម្ចាស់​ដី​ប្តឹង​តែម្តង។

ការឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម​នេះ គឺ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២០ ខែ ឧសភា​ ឆ្នាំ ២០១៩ វេលា​ម៉ោង ៣ និង ៣០ នាទី រសៀល នៅ​ចំណុច​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​ចម្ការ​ឈ្មោះ ម៉ា ឡា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ​រស់នៅ​ភូមិ​ទួល​បា​ល្ល័​ង្គ ឃុំ​គាស់ក្រឡ ស្រុក​គាស់ក្រឡ។

ជនសង្ស័យ​មានឈ្មោះ ហៃ សិលា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់ក្រឡ រីឯ​ប្រពន្ធ​ត្រូវបាន​សមត្ថកិច្ច​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ​ដោយ​ផ្អែកទៅលើ​កូនតូច​នៅក្នុង​ដៃ រួម​ជាមួយនឹង​វត្ថុតាង គឺ គោយន្ត​ច្នៃ​មួយ​គ្រឿង និង​ដំឡូង​មី​ចំនួន ៣៣​ការុង។

​យោងតាម​ការស្រាវជ្រាវ​ពី​ប្រភព​មួយចំនួន​បានអោយដឹងថា កាលពីមុន​ជនសង្ស័យ ជាមួយ​ម្ចាស់​ដី​ដែលជា​មន្ត្រី​យោធា​ម្នាក់ គឺជា​គូបដិបក្ខ​នឹង​គ្នា​ក្នុង​រឿង​ទំនាស់​ដីធ្លី ប៉ុន្តែ​ក្រោយមក​តុលាការ​បានចេញ​ដីកា រក្សា​ការពារ​អោយ​ទៅ​ភាគី​យោធា ទើប​ម្ចាស់​ដី​មាន​សិទ្ធិ​ជួល​ដី​ចម្ការ​នេះ​អោយ​ទៅ​ម្ចាស់​នាពេល​បច្ចុប្បន្ន ព្រមទាំង​បាន​ដាំ​នូវ​ដំឡូង​មី រយៈពេល​ប្រមាណ ១ ឆ្នាំ មកហើយ។

នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ​ជនសង្ស័យ​ទាំង ២ នាក់ នាំគ្នា​ចូល​ទៅក្នុង​ចម្ការ​ដំឡូង ព្រមទាំង​បានធ្វើ​សកម្មភាព​ដក​ដើម​ដំឡូង​ប្រមូល​យក​មើម​ច្រក​កា​រុង​ដាក់​ឡើងលើ​រថយន្ត ច្នៃ​យ៉ាង​ព្រងើយ បើទោះបី​ជាមាន​អ្នក​មក​សាកសួរ​ក៏ដោយ​ក៏​គេ​បាន​និយាយ​ថា ជា​ចម្ការ​របស់​ខ្លួន ហើយ​ខ្លួន​ជា​អ្នក​ដាំ​ដើម​ដំឡូង​នេះ។

បន្ទាប់ពី​សមត្ថកិច្ច​បា​ន ធ្វើការ​ឃាត់ខ្លួន​រួចមក បច្ចុប្បន្ន ករណីនេះ​កម្លាំង​ផ្នែក​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ​ ដើម្បី​ចាត់វិធានការ​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114