ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​Carabao​ជុំ​ទី​២ ៖ ​វៀត ប៊ុន​ឌឿ​ន ជួប ភុ​ត ភេត​ណ​យ ឯ សុខ សា​វិ​ន ជួប ខាន ថេប

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Carabao ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEATV នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៥ ខែ​ឧសភា ឆ្នាំ​​២០១៩​នេះ ជា​ការ​ប្រកួត​សប្ដាហ៍​ទី​៣ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា​វៀត ប៊ុន​ឌឿ​ន សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​អ្នក​ប្រដាល់​ថៃ​ភុ​ត ភេត​ណ​យ ( Phat Phat Noy) ហើយ​អ្នក​ប្រដាល់​កម្ពុជា​សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ជួប​អ្នក​ប្រដាល់​ថៃ​ខាន ថេ​ន​(Khan Thep)។​

វៀត ប៊ុន​ឌឿ​ន និង ភុ​ត ភេត​ណ​យ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ​តែ​យ៉ាងណា​ប៊ុន​ឌឿ​ន និង ភេត​ណ​យ នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ទេ ហើយ​មាន​មាឌ​ប្រហែល​គ្នា គ្រាន់តែ​ខុស​កម្ពស់​គ្នា​បន្តិច​ប៉ុណ្ណោះ គឺ​ប៊ុន​ឌឿ​ន​១,៦៧​ម៉ែត្រ​ ឯ​ភេត​ណ​យ​១,៧០​ម៉ែត្រ ប៉ុន្តែ​ភេ​តណ​យ​ចាញ់​បទពិសោធន៍​ និង​កំណត់ត្រា ​ប៊ុន​ឌឿ​ន។​

​ភុ​ត ភេត​ណ​យ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​តែ​៦៧​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៥៩​លើក ចាញ់​០៧​លើក និង​ស្មើ​០១​លើក។ ចំណែក វៀត ប៊ុន​ឌឿ​ន គេ​មាន​កំណត់ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៦៣​លើក ចាញ់​១៤​លើក និង​ស្មើ​០២​លើក។​ ប៊ុន​ឌឿ​ន គេ​ប្រកួត​ជុំ​ទី​១ (១១​ឧសភា​២០១៩) គេ​វាយ​ឈ្នះ​ខាន ថេប ក្នុង​ទឹក​ទី​១ ដែល​ធ្វើ​ឲ្យ​គេ​បាន​៣​ពិន្ទុ​ហើយ សម្រាប់​ការប្រកួត​ជម្រុះ​នេះ។ ចំណែក​ការ​ប្រកួត​ជុំ​ទី​១ របស់​ភុ​ត ភេត​ណ​យ (១១​ឧសភា​២០១៩) គឺ​គេ​បាន​បោះបង់ចោល​ការប្រកួត ដោយ​ពុំ​បាន​មក​ប្រកួត​នោះ​ទេ ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​ចាញ់​ដោយ​ស្វ័យប្រវត្តិ គឺ​០​ពិន្ទុ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​រវាង​វៀត ប៊ុន​ឌឿ​ន និង ភុ​ត ភេត​ណ​យ ​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។ ចាំមើល តើន​រណា​ដែល​រកបាន​៣​ពិន្ទុ​នោះ​?។​

ចំពោះ​ការជួបគ្នា​រវាង​សុខ សា​វិ​ន និង​ខាន់ ថេប វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​ប៉ុន្មាន​ទេ ព្រោះ​សុខ​ សា​វិ​ន គេ​មាន​ផ្លែ​ល្អ​ជាង​វៀត​ប៊ុន​ឌឿ​ន ​ទៅទៀត ហើយ​ប៊ុន​ឌឿ​ន ​ឈ្នះ​ខាន់​ថេប​ហើយ​នោះ រឿង​អី​ដែល​សុខ ​សា​វិ​ន​ មិនអាច​យកឈ្នះ​ខាន់​ថេប​បាន​នោះ​?។​

កាលពី​ប្រកួត​ក្នុង​ជុំ​ទី​១ សុខ សា​វិ​ន គេ​បាន​៣​ពិន្ទុ​ដោយ​មិនបាច់​បញ្ចេញ​កម្លាំង​នោះ​ឡើយ ដោយ​សារ​ដៃគូ​(​ភុ​ត ភេត​ណ​យ​) បាន​បោះបង់ចោល​ការប្រកួត​នោះ ។ សុខ សា​វិ​ន គេ​មាន​ផ្លែ​ល្អ​ណាស់។

សុខ សា​វិ​ន អ្នក​ប្រដាល់​កម្ពុជា​យើង​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​១០៤​លើក ឈ្នះ​៧១​លើក ចាញ់​២៧​លើក និង ស្មើ​០៦​លើក។ ឯ ខាន់ ថេប​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៤​លើក ឈ្នះ​៥៤​លើក ចាញ់​១០​លើក មិនដែល​ស្មើ។ យ៉ាងណា​សម្រាប់​ការប្រកួត​ជុំ​ទី​២​នេះ គេ​រំពឹងថា សុខ សា​វិ​ន នឹង​រកបាន​៣​ពិន្ទុ​បន្ថែម​មិន​ខាន ក្នុង​ការជួប​ខាន់ ថេប នេះ។​

ខាន់ ថេប កាលពី​ប្រកួត​ក្នុង​ជុំ​ដំបូង គេ​វាយ​ចាញ់​វៀត ប៊ុន​ឌឿ​ន សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ​ដោយ​ពិន្ទុ បាន​១​ពិន្ទុ​ប៉ុណ្ណោះ ឯ សុខ សា​វិ​ន កាលពី​ប្រកួត​ជុំ​ទី​១ គេ​បាន​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ បាន​៣​ពិន្ទុ​ក្នុង​ដៃ​រួចទៅហើយ។

សូមបញ្ជាក់ថា ការប្រកួត​ជើងឯក​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៩ ទម្ងន់​៦០​គីឡូក្រាម​លើក​នេះ មាន​អ្នក​ប្រដាល់​ខ្លាំងៗ​ចំនួន ៨រូប ចូលរួម​ប្រកួត គឺ​ខ្មែរ​៤​នាក់ ថៃ​៤​នាក់។ អ្នក​ប្រដាល់​ខ្មែរ​ទាំង​៤​នាក់​នោះ រួមមាន វៀត ប៊ុន​ឌឿ​ន សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, សុខ សា​វិ​ន ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ​, ចាន់ សំអាត ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ។ ឯ អ្នក​ប្រដាល់​ថៃ ៤ នាក់​វិញ មាន ខាន់​ថេប​( Khan Thep) , ភុ​ត ភេត​ណ​យ​(Phut Phat Noy), ភិ​ច ង៉ា​ម ( Phich Ngam) និង ឌេ​ន សា​យ៉ា​ម (Den Sayam)។​

ចំពោះ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍។ សម្រាប់​ការ​ជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​រំពឹងថា មាស សុជាតិ អាច​វាយ​ឈ្នះ ធា នុ​រាជ នោះ​ឡើយ ? ព្រោះ​ធា នុ​រាជ មាន​បទពិសោធន៍​ និង​កលល្បិច​ច្រើនជាង និង មាន​ផ្លែ​ល្អ​ជាង​មាស សុជាតិ ។​

ហេង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង ខេត្ត​បាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួប​គ្នា​ទេ​កន្លងមក។ ​ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។ ចាំ​មើល រវាង ហេង សុ​ភ័​ក្រ និង អេ​រ៉ា​វ៉ាន់ ចាន់​រាជ នេះ តើន​រណា​ឈ្នះ ?៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114