ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ឆ្លងកាត់​ឧបសគ្គ​តំបន់​ជម្រក​សត្វព្រៃ​”​ព្រៃ​ឡង់​” Khmer Rally Raid បាន​បញ្ចប់​ដោយ​ជោគជ័យ

ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ក្នុង​តំបន់​ដែន​ជម្រកសត្វព្រៃ​ “​ព្រៃ​ឡង់​” ​ក្រោម​ប្រធានបទ ​«​រួមគ្នា​ថែរក្សា​បរិស្ថាន​ និង​ធនធានធម្មជាតិ​» ​ឬ Khmer Rally Raid ២០១៩ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Kara សហការ​ជាមួយនឹង​ក្រសួងបរិស្ថាន និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា បានបញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​ធ្វើការ​ប្រណាំង​រយៈពេល​៣​ថ្ងៃ ឆ្លងកាត់​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ធំ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប លើ​ចម្ងាយ​ផ្លូវ​សរុប​៦២៤​គីឡូម៉ែត្រ។​

លោក ហូ សិទ្ធិគុណ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រណាំង​យានយន្ត​កម្ពុជា និង​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ Khmer Rally Raid បាន​វាយតម្លៃថា កម្មវិធី​នេះ​ទទួល​បាន​ជោគជ័យ ដោយមាន​ការគាំទ្រ​ពី​បណ្ដា​ខេត្ត​ទាំង​៣ ជាពិសេស​ការចូលរួម​យ៉ាង​ច្រើន​ពី​កីឡាករ កីឡា​ការិនី​ជាតិ និង​អន្តរជាតិ មកពី​ជាង​១០​ប្រទេស។

លោក​បន្តថា ចំពោះ​ស្ថានភាព​ផ្លូវ​ប្រណាំង​រយៈ​៣​ថ្ងៃនេះ គឺ​ពិបាក ដោយ​ឆ្លង​កាត់ទឹក ភក់ ជង្ហុក​ធំៗ ចំការ និង​ព្រៃ​ក្រាស់ៗ តែ​ពួកគាត់​បាន​ប្រើ​កម្លាំង​អត់ធន់ បច្ចេកទេស​ប្រណាំង និង​ការ​មើល​សៀវភៅ​ផែនទី​រហូត​ដល់ទី​ព្រ័ត្រ។​

អ្នក​រៀបចំ​រូបនេះ បន្ថែមថា កីឡា​យានយន្ត គឺជា​កីឡា​មួយ​ដែល​កំពុង​មានការ​ផុសផុល និង​គាំទ្រ​ខ្លាំង ដូច្នេះហើយ​ការបង្កើត​ព្រឹត្តិការណ៍​ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​ទៅតាម​ទី​ដាច់ស្រយាល ជា​ពិសេស​តាម​តំបន់​អភិរក្ស​ធនធានធម្មជាតិ វា​ជា​ចំណែក​មួយ​ជួយ​ដាស់តឿន​សាធារណជន​ចូលរួម​ការពារ ស្រឡាញ់ និង​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ ដូច្នេះ​ហើយ​បានជា​ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid ដោយ​បាន​ជួយ​ផ្សព្វផ្សាយ​តំបន់​អភិរក្ស​ធនធានធម្មជាតិ និង​តំបន់​អេកូ​ទេសចរ​បែប​ធម្មជាតិ​ផងដែរ។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ Khmer Rally Raid 2019 ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧​ ដល់ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ ឆ្លងកាត់​ខេត្ត​ចំនួន​៣ រួមមាន ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្តសៀមរាប លើ​ចម្ងាយ​ផ្លូវ​សរុប​ប្រមាណ​ជាង​៦២៤​គីឡូម៉ែត្រ ដោយមាន​ក្រុម​ម៉ូតូ​ប្រណាំង​ចំនួន​២០​គ្រឿង ក្រុម​រថយន្ត ចំនួន​២៨​គ្រឿង និង​រថយន្ត Service ចំនួន ១៥ គ្រឿង​នោះ បានធ្វើ​ពិធី​បិទ​ជា​ផ្លូវការ នៅ Pub Street ខេត្តសៀមរាប ក្រោម​វត្តមាន​ លោក នេត្រ ភ​ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ដែល​បាន​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ​ជូន​កីឡាករ កីឡា​ការិនី​ជ័យ​លាភី​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114