ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ជើងឯក TV5 លើក​ចុង​ក្រោយ​ នៃ​ជុំ​ទី​២ ៖​ សេក សារ៉ាន់ ជួប លី តក់ , គីន ខ្លឹម​ជួប​លីន សេង​ហុង​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្តើម​ពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series By K.cement ទម្ងន់​៥៤​គីឡូក្រាម លើស​ង្វៀន TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ ជាការ​ប្រកួត​លើក​ចុងក្រោយ​ក្នុង​ជម្រុះ​ជុំ​ទី​២ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដែល​ឆ្លង​ផុតពី​ដំណាក់​កាល​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​៣ ដែលជា​វគ្គ​១​ភាគ​៤(៨​នាក់​ចុងក្រោយ​)​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ​នោះ​។​

សម្រាប់​ការប្រកួត​លើកចុងក្រោយ​ក្នុង​ជុំ​ទី​២ ដែលមាន​២​គូ​នោះ គឺ សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ លី តក់ ក្លិប​តា​ព្រហ្ម​មានជ័យ ហើយ គីន ខ្លឹម ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ លីន សេងហុង ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។​

សេក សារ៉ាន់ និង លី តក់ នេះ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា។ កាលពី​ក្នុង​ដំណាក់កាល​ទី​១ សេក សារ៉ាន់ គេ​វាយ​ឈ្នះ​ ម៉ៅ ប៉ោក ក្លិប​រាជសីហ៍​ខេត្តរតនគិរី ដោយ​ពិន្ទុ។ ឯ លី តក់ គេ​វាយ​ឈ្នះ​ខ្នើយ ណាន ក្លិប​មោង​ឫស្សី​ម​រត​គុន​ខ្មែរ ក្នុង​ទឹក​ទី​៣។​

សម្រាប់​ការជួបគ្នា​រវាង​សេក សារ៉ាន់ និង​លី តក់ នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា សេក សារ៉ាន់ ទំនងជា​មិន​ឈ្នះ​លី តក់ នោះឡើយ។ ព្រោះ​លី តក់ គេ​រឹងមាំ ​និង​មាន​ផ្លែ​ល្អ​ជាង និយាយ​រួម​លី តក់ មានប្រៀប​ឈ្នះ​ច្រើនជាង​សេក សារ៉ាន់។ ចាំមើល តើ​លី តក់ អាច​យកឈ្នះ​សេក សារ៉ាន់ បាន​ឬ​អត់? ។​

សូមបញ្ជាក់ថា ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ ក៏​ប្រកួត​តែ​បី​ទឹក​ដូច​ក្នុង​ជុំ​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង គីន ខ្លឹម អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង លីន សេងហុង អ្នក​ប្រដាល់​បូរី​រាជសីហ៍​មាន​រិ​ទ្ធ។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា លីន សេងហុង គេ​មានប្រៀប​ខាង​កម្ពស់​និង​មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើនជាង​គីន ខ្លឹម។ ប៉ុន្តែ សេងហុង ក៏​មិនអាច​ធ្វេសប្រហែស ​ឬ​មើលស្រាល គីន ខ្លឹម បាន​ដែរ ព្រោះ អ្នក​ប្រដាល់​គីន ខ្លឹម​នេះ គេ​ក៏​វាយ​ល្អ​និង​ខ្លាំង​ដែរ។

និយាយ​រួម ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ។​

កាលពី​ប្រកួត​ក្នុង​ជុំ​ទី​១​នោះ គីន ខ្លឹម វាយ​ឈ្នះ​ញឹម សំរិទ្ធ ក្លិប​អា​រុណ​រះ​កីឡា ដោយ​ពិន្ទុ ឯ លីន សេងហុង គេ​បាន​វាយ​ឈ្នះ​ម៉ាក់ សាមុត ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ។ ចាំមើល ក្នុង​ជុំ​ទី​២ រវាង គីន ខ្លឹម និង លីន សេងហុង តើន​រណា​ឈ្នះ នរណា​ចាញ់​ដើរ​ចេញពី​ការប្រកួត​នេះ ? ។​

មកដល់ពេលនេះ គឺមាន​អ្នក​ប្រដាល់​ចំនួន​៦​រូប​ហើយ ដែល​បាន​កក់​កៅអី​សម្រាប់​ជុំ​ទី​៣ គឺ ចាន់ សាន់ ក្លិប​តា​ព្រហ្ម​មានជ័យ , ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ត​កីឡា , ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​, ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ,​សូត្រ វាសនា ក្លិប​បក្សី​ស្លាប​ដែក និង ជី ឆៃលី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114