ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ដូន​កែវ ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ពី​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​យ៉ាង​ច្រើន​កុះករ​

តាកែវ ៖ ឆ្នាំនេះ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ ដែលជា​ព្រះរាជ​ប្រវេណី​ខ្មែរ​ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ពុធ​៤​រោច ឆ្នាំកុរ ខែ​ពិសាខ ឯកស័ក ព​.​ស ២៦៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទី​ព្រះ​ស្រែ ស្ថិតក្នុង​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះរាជ​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពីស​ម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុ​ជា មន្ត្រី​អង្គទូត​ នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋ​ជាច្រើន​កុះករ​ផងដែរ​។ ​​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​សព្វព្រះរាជហឫទ័យ​រាជា​នុញ្ញាត​ឲ្យ​ធ្វើជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២ ជា​តំណាង​ព្រះអង្គ និង​ភរិយា​លោក​អភិបាលខេត្ត​ជា​ព្រះ​មេ​ហួ​។​

​ក្រោយ​ពិធី​ច្រត់ព្រះនង្គ័ល​ចប់​តាម​វារៈ​បី​ជុំ​នៅ​ទី​ព្រះ​ស្រែ ដល់​វេលា​ដែល​ត្រូវ​ផ្សង​តាម​ការ​បរិភោគ​របស់​គោ​ឧសភរាជ ក្នុងនោះ បានបង្ហាញ​ឲ្យ​ដឹងថា ការបង្កបង្កើន​ផល​នៅ​ឆ្នាំ​២០១៩​នេះ ស្រូវ ពោត និង​សណ្តែក ទទួលបាន​ផល​ល្អប្រសើរ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះឡើយ​។ លទ្ធផល​នៃ​ការ​ផ្សង​នេះ គឺ​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨​ផងដែរ ដែល​កាលនោះ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114