ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ក្លាវ​ឌី​ជ ស្លុប​ង់​ ជាង​ដ៏​ល្បីល្បាញ​ម្នាក់ ​មកពី​អឺរ៉ុប ​មក​ណែនាំ ​និង​បង្រៀន​អ្នក​ថតរូប​វ័យក្មេង​កម្ពុជា​ជុំវិញ​ប្រធានបទ​ស្រមោល​ និង​ពន្លឺ​

ភ្នំពេញ ៖​ លោក ក្លាវ​ឌី​ជ ស្លុប​ង់ ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​ថតរូប​បារាំង​ដ៏​សំខាន់​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​ថតរូប​ជំនាន់​គាត់​។ ស្នាដៃ​របស់គាត់ ​ត្រូវបាន​តាំង​បង្ហាញ​នៅ ក្នុង​សារមន្ទីរ​ធំៗ​ និង មជ្ឈមណ្ឌល សិល្បៈ​អន្តរជាតិ​នានា​។ នៅ​ទីក្រុង​ភ្នំពេញ​ក្រោម​ការឧបត្ថម្ភ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា លោក​ស្លុប​ង់ បាន​ជ្រើស រើស​ធ្វើ​ការងារ​ការណែនាំ​ និង​បង្រៀន​អ្នក​ថតរូប​វ័យក្មេង​កម្ពុជា ដែល​មក ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង សិស្ស ​នៃ​ស្ទូឌីយូ​រូបភាព ជុំវិញ​ប្រធាន​បទ​ស្រមោល និង​ពន្លឺ លើ​ភាព អាថ៌កំបាំង នៃ​ទីកន្លែង​ និង​ភាព​អាថ៌កំបាំង​ នៃ​ស្ថានភាព​។​

លោក ក្លាវ​ឌី​ជ ស្លុប​ង់ ត្រូវ​បាន​គេ​ចាត់ទុកជា​ឯកច្ឆន្ទ​ថា ជាជាង​ថតរូប​ម្នាក់ ក្នុង​ចំណោម​ជាង​ថតរូប អឺរ៉ុប ដ៏​ល្បីៗ ក្នុង​ជំនាន់​របស់លោក​។ ស្នាដៃ​របស់​លោក​ត្រូវបាន​ដាក់តាំង​ជូន​ទស្សនា និង​រក្សា​ទុក​ជា​សមុច្ច័យ​នៅក្នុង​សារមន្ទីរ​ធំៗ ដូចជា នៅ Centre Georges Pompidou នាទី​ក្រុង​បារី​ស​, Millenium Museum for Art នៅ​ទីក្រុង​ប៉េកាំង​, Metropolitan Museum of Photography នាទី​ក្រុង​តូ​ក្យូ​, នៅ Harvard University, នៅ Cambridge, នៅ Maison Européenne de la Photographie នាទី​ក្រុង​បារី​ស​ជាដើម ព្រម​ទាំង​ដាក់តាំង​នៅក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជុំវិញ​រូបថត ដូចជា នៅ Rencontres d’Arles នៅ​ប្រទេស​បារាំង​, Photo Beijing នៅ​ប្រទេស​ចិន​, Photokina នៅ​ប្រទេស​អាល្លឺម៉ង់ ។​ល​។ ក្នុង​ពេលធ្វើ​ដំណើរ​កម្សាន្ត​ជាច្រើន ដូចជា​ទៅ​តំបន់​បាល់​កង់ សមុទ្រ​ខ្មៅ កា​រ៉ា​អ៊ី​ប ចិន រុស្ស៊ី ព្រមទាំង​តំបន់​ដទៃទៀត លោក ក្លាវ​ឌី​ជ ស្លុប​ង់ បាន​បង្កើត​ស្នាដៃ​ដ៏​ផ្ចិតផ្ចង់​មួយ ដែល តែងតែ​ដិតដាម​ទៅ​ដោយ​អត្ថន័យ​អក្សរសិល្ប៍ និង​កាត់ផ្ដាច់ ចេញ ពី បច្ចុប្បន្ន ភាព ដែល​កើតឡើង​ភ្លាមៗ។ នៅ​ក្នុង​រូបភាព​ដ៏​សោកសង្រេង បង្កប់​អាថ៌កំបាំង នាំមក​នូវ​ភាព​ក្ដុកក្ដួល ទស្សនិកជន ដែល​យកចិត្តទុកដាក់ នឹង​ប្រឈម​ចំពោះមុខ​ក្ដី​ស្រមៃ នៅក្នុង​ខួរក្បាល​វិចិត្រករ​មួយរូប​ដែល​ឯកោ និង​ឯករាជ្យ​។ មានតែ​ឆ្លង​កាត់​ការអាន​កំណាព្យ​ចំណី​ចក្ខុ​ដ៏​វែង​មួយ​ប៉ុណ្ណោះ នោះ​គឺ​ស្នាដៃ​ដែលមាន​ចំណងជើង​ថា នៅ​ចន្លោះ​ស្រមោល និង ពន្លឺ​ទើប​លោក​ទាញ​ចំណាប់អារម្មណ៍​យើង​នៅក្នុង​នោះ​មាននូវ​ភាព​លាយឡំ​គ្នា​រវាង​ចំណាកស្រុក​ដែល​កើតចេញពី​កំណើត​ដើម​របស់លោក​ជា​ជនជាតិ​ស្លូ​វេ​នី នេះហើយ​ជាហេតុ​ផល​ដែល​នាំ​លោក​ឱ្យ​ត្រឡប់​ទៅកាន់​តំបន់​បាល់​កង់​វិញ​ជា​ញឹកញាប់ និង ដំណើរ​ត្រាច់ចរ​ដែល​តំណាង​ដោយ​ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ​មាន​ពណ៌​ស្លេកស្លាំង​ឬ​ដោយ​រូបភាព​ដែល​លោក​ថត​ចេញពី​បង្អួច​រទេះភ្លើង ឬ​បង្អួច​ឡានក្រុង ដែល​លោក​ជិះ​ឆ្លងកាត់​ទាំង​ប្រទេស​រុស្ស៊ី និង​តំបន់​កា​រ៉ា​អ៊ី​ប​។

នៅ​កម្ពុជា លោក ក្លាវ​ឌី​ជ ស្លុប​ង់ ដឹកនាំ​ការងារ​មួយ ដែលមាន​និស្សិត​ចូលរួម​ធ្វើ​លំ​ហាត់​ដ៏​សំខាន់​មួយ​នេះ គឺ​ធ្វើ​ការថតរូប​ប្រៀបដូចជា ការ​តាក់តែង បែប​សំណេរ ពីព្រោះថា ក្រោយពី​បាន​ឆ្លងកាត់​អស់​រាប់​ទសវត្សរ៍​ នៃ​ការថតរូប និង​រូបភាព រាប់លាន ប៉ុស្តិ៍​ដែល​សាកល្បង​បកស្រាយ​ពី​តថភាព​នោះមក​តើ​នៅមាន​សល់​អ្វី​ទៀត​ពី​តថភាព​ក្រៅពី​រូបថត​ផ្ទាល់ ដែលជា​ឧបករណ៍​បញ្ចេញ ឲ្យ​ដឹងពី​ខ្លួន​ឯង​។

និស្សិត​ទាំងអស់គ្នា ម្នាក់ៗ​ទៅតាម​ចំណង់​ចំណូលចិត្ត និង​ឧបនិស្ស័យ​របស់​ខ្លួន ចេះ​រក​វិញ្ញាសា មួយ​ឬ​ច្រើន​តាមរយៈ​ប្រធានបទ​ទូទៅ​ នៃ​ពិព័រណ៍ ដែល​រំលេចឲ្យ​ឃើញ​នូវ​ក្ដី​ស្រមៃ​របស់​ពួកគេ​រៀងខ្លួន ហើយ ដែល​ពួកគេ​បង្ហាញ​ផងដែរ​ប្រៀបដូចជា ​ខណៈពេល​ណាមួយ​ដែល​អ្វីៗ​នៅ​ជុំវិញខ្លួន​យើង​សុខ​ចិត្ត​បង្ហាញខ្លួន​ឱ្យ​យើង​ទស្សនា​។​

ការចូលរួម​ទស្សនា​ដោយ​សេរី​ជាមួយនឹង​ទទួលទាន​ស្រា​ដោយ​ឥតគិតថ្លៃ​ក្នុង​ថ្ងៃ​សម្ពោធ​ពិព័រណ៍៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114