ព័ត៍មានទាន់​ហេតុការណ៏
Search

សាលារៀន​ដ៏​ល្បី​មួយ​នៅ​ចិន ​នឹង​ជួយ​បង្រៀន​ពី​វិធីសាស្ត្រ​ នៃ​ការ​រៀន​ និង​បង្រៀន​បែប​ទំនើប ​ដល់​គ្រូ​ និង​សិស្ស​កម្ពុជា​

​ភ្នំពេញ​ ៖​ សាលារៀន​ដ៏​ល្បី​មួយ​នៅ​ចិន​ នឹង​ជួយ​បង្រៀន​ពី​វិធីសាស្ត្រ​ នៃ​ការ​បង្រៀន​ និង​ការរៀន​តាម​បែប​ទំនើប​ដល់​គ្រូ​ និង​សិស្ស​នៅ​កម្ពុជា ​ដើម្បី​ឆ្លើយតប​ទៅតាម​ស្តង់ដារ​អប់រំ​កម្រិត​អន្តរជាតិ​។​

លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​មានប្រសាសន៍ថា​ សាលា​បឋម​សិ ក្សា ឆុង​ឈី​ង​បា​ស៊ូ ​នៃ​ប្រទេស​ចិន ​នឹង​ចែករំលែក​បទពិសោធន៍​ពី​របៀប ​នៃ​ការបង្រៀន​ និង​ការ​រៀន​ថ្មីៗ​តាមបែប​ទំនើប​ដល់​គ្រូ​ និង​សិស្ស​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម ​ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូ​ និង​សិស្ស​ឲ្យ​ស្របតាម​ការ​រីកចម្រើន​របស់​ពិភពលោក​។​

ថ្លែង​ក្រោយ​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សាលាបឋមសិក្សា​ព្រះ​នរោត្តម​ជាមួយ​សាលា​បឋមសិក្សា​ឆុង​ឈី​ង​បា​ស៊ូ​ នៃ​ប្រទេស​ចិន​កាលពី​រសៀល​ថ្ងៃទី​២១​ ខែ​ឧសភា ​ឆ្នាំ​២០១៩ នៅ​សាលា​បឋមសិក្សា​ព្រះ​នរោត្តម លោក​ជា ​ជាតិ បាន​បន្តថា ​ការផ្តល់​បទពិសោធន៍​ការរៀន ​និង​បង្រៀន​នេះ​ធ្វើឡើង​តាមរយៈ​កា​រ​បញ្ជូន​គ្រូ​ និង​សិស្ស​ធ្វើ​ទស្សនកិច្ច​ទៅវិញទៅមក​ និង​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​អន​ឡាញ​ ដែល​បង្ហាញ​ពី​សកម្មភាព​ នៃ​សាលា​នីមួយៗ​រួមមាន​ដូចជា​ ការ​បង្រៀន ការ​រៀន​របស់​សិស្ស ការ​គោរព​ទង់ជាតិ កីឡា សិល្បៈ វប្បធម៌ ភាសា​ប្រពៃណី​ និង​បរិស្ថាន​សាលា​ជាដើម​។

លោក​បាន​បន្ថែមថា ​«​ដូច្នេះ​ការចុះ​អឹម​អូ​យូ​ថ្ងៃនេះ​ គឺជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ការ​រៀនសូត្រ​របស់​សិស្ស​យើង​ឲ្យ​មើល​ឃើញ​ពិភពលោក​ដែល​ចំពោះ​មុខ​នេះ​សាលាបឋមសិក្សា​ឆុង​ឈី​ង​បា​ស៊ូ​ ឲ្យ​បាន​ឃើញថា ​សាលា​នោះ​គេ​ធ្វើ​ខ្លះ​ដូចជា​របៀប​រៀន សិល្បៈ កីឡា ការអប់រំ​បរិស្ថាន​យ៉ាង​ណា​គ្រូបង្រៀន​សិស្ស​យ៉ាង​ណា ​គឺ​យើង​មើល​ដែល​ទាំងនេះ​ស្របតាម​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ក្នុង​ការ​លើកកម្ពស់​គុណភាព​ការរៀន​ និង​ការបង្រៀន​»។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​កាលណា​គ្រូ ​និង​សិស្ស​នៅ​សាលា​ព្រះ​នរោត្តម​នេះ​បានឃើញ​ នឹង​ដឹង​ពី​លំហ​ការអប់រំ​ដើម្បី​ឈានឆ្ពោះ​ទៅរក​ពិភពលោក​ជា​សាកល​ភាវូបនីយកម្ម​មួយ​បើ​យើង​មិន​បើក​ទូលាយ​ការអប់រំ​ទេ​ យើង​មិនអាច​ដើរ​តាម​ទាន់​ពិភពលោក​នោះទេ។​

តែ​យ៉ាណា​ក៏ដោយ​ លោក​ជា​ ជាតិ បាន​ស្នើ​ឲ្យ​សាលាបឋមសិក្សា​ឆុង​ឈី​ង បា​ស៊ូ​ បន្ត​ពង្រីក​ការងារ​នេះ​ជាមួយ​សាលា​ប​ឋម​សិក្សា​ផ្សេងៗ​ទៀត​ ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​
​លោក មាស ឆ​ព័ន្ធ នាយក​សាលាបឋមសិក្សា​ព្រះ​នរោត្តម​សង្ឃឹមថា​តាមរយៈ​កិច្ចសហការ​ជាមួយ​សាលាបឋមសិក្សា​ឆុង​ឈី​ង​បា​ស៊ូ​នេះ​ នឹង​ជួយ​លើកកម្ពស់​គុណភាព​ការបង្រៀន​ និង​ការ​រៀន​របស់​គ្រូ​ និង​សិស្ស​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។​

លោក​បាន​បន្តថា​ ទន្ទឹមនឹងនេះ ​សាលា ​នឹង​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​គ្រូ​លើ​ផ្នែក​ភាសា​អង់គ្លេស ចិន​និង​ជំនាញ​បច្ចេកវិទ្យា​ថ្មីៗ​បន្ថែមទៀត​ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់​ទំនងជា​មួយ​សាលា​បឋមសិក្សា​ឆុង​ឈី​ង​បា​ស៊ូ​។​

ចំណែក លោក លី​ជា នាយក​សាលាបឋមសិក្សា​ឆុង​ឈី​ង​បា​ស៊ូ មានប្រសាសន៍ថា​ សាលា​នឹង​ធ្វើ​ការ​ចែករំលែក​នូវ​បទពិសោធន៍​បង្រៀន​ និង​ការ​រៀន​ល្អៗ​ដល់​សាលាបឋមសិក្សា​ព្រះ​នរោត្តម​ ដើម្បី​ឲ្យ​ពួកគេ​មាន​ភាពក្លាហាន ចេះ​បញ្ចេញ​មតិយោបល់ ចេះ​រៀន​ដោយ​ខ្លួនឯង​ និង​បង្រៀន​ឲ្យ​សិស្ស​ចេះ​អនុវត្ត​ជាក់ស្តែង​នៅក្នុង​ថ្នាក់​តែម្ដង ​តាមរយៈ​ការ​បញ្ចាំង​ស្លាយ ​និង​សម្ភារៈ​ឧបទេស​ផ្សេងៗ ដើម្បី​ឲ្យ​សិស្ស​ឆាប់​យល់ ​និង​ចាប់បាន​មេរៀន​។​

លោក​បាន​បន្តថា ​ចំណែក​សាលា​របស់លោក​វិញ​ ក៏​ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​ពី​ការបង្រៀន​ និង​ការ​រៀន ​ក៏ដូចជា​វប្បធម៌​ប្រពៃណី​ និង​ទំនៀម​ទម្លាប់​ពី​កម្ពុជា​ផង​ដែរ​។​

គួរ​បញ្ជាក់ថា ​សាលាបឋមសិក្សា​ព្រះ​នរោត្តម ​គឺជា​សាលា​ទី​១០​ ហើយ ​នៅលើ​ពិភពលោក​ដែល​បាន​ចង​សម្ពន្ធភាព​ជាមួយ​សាលាបឋមសិក្សា​ឆុង​ឈី​ង​បា​ស៊ូ​ នៃ​ប្រទេស​ចិន​ ខណៈ​បច្ចុប្បន្ននេះ​មាន​សិស្សា​នុសិស្ស​ចិន​ចូលរៀន​ចំនួន​៥.០០០​នាក់ ​និង​មាន​គ្រូបង្រៀន​ចំនួន​៣៧០​នាក់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114