ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ​បង្ហាញ​ពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល​ ដល់​សន្និបាត​លើក​ទី​៧២ នៃ​អង្គការ​សុខភាព​ពិភព​លោក​ នៅ​ប្រទេស​ស្វី​ស​

​ភ្នំពេញ​ ៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ឡើង​ថ្លែង​បទ​អន្តរាគមន៍​ ស្តីពី​វឌ្ឍនភាព​វិស័យ​សុខាភិបាល នៅ​កម្ពុជា​នៅ​ក្នុង​កិច្ចប្រជុំពេញអង្គ នៃ​សន្និបាត​លើក​ទី​៧២ នៃ​អង្គការ​សុខភាព​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស។​

នៅក្នុង​បទ​អន្តរាគមន៍​នោះ​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​កម្ពុ​ជាមាន​ការរីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ទាំង​នៅលើ​វិស័យ​អប់រំ វិស័យសេដ្ឋកិច្ច​សង្គម ស្ថិរភាព​សង្គម ការរីកចម្រើន​សេដ្ឋកិច្ច និង​ការ​កាត់បន្ថយ​ភាព ក្រីក្រ​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ការ​រីកចម្រើន​ទាំង​អស់​នេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ចំពោះ​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​រយៈពេល​៣​ទសវត្សរ៍​ចុងក្រោយ​។​

ទន្ទឹមនឹងនោះ ​លោក​រដ្ឋមន្ត្រី​ ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍន៍​ និង​រីកចម្រើន​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ ជាពិសេស​ការ​សម្រេចបាន​សូចនាករ​សុខភាព​សំខាន់ៗ ដូចជា​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​និង​ពង្រីក​ការ​គ្របដណ្ដប់ សុខាភិបាល​សាធារណៈ ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​គុណភាព​សេវា​សុខភាព ការពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ ការពង្រីក​យន្តការ​គាំពារ​សុខភាព​សង្គម​ដើម្បី​ជៀស​ផុត ពី​ហានិភ័យ​ហិរញ្ញវត្ថុ នៅពេល​មកប្រើប្រាស់​សេវា​ថែទាំ​សុខភាព ក្នុងចំណោម​កម្មករ​ទាំង​ក្នុង​ប្រព័ន្ធ​និង​ទាំង​ក្រៅ​ប្រព័ន្ធ មន្ត្រី​សាធារណៈ ជន​ពិការ ប្រជាជន​ក្រីក្រ និង​ប្រជាជន​ងាយ​រងគ្រោះ​។​

ក្នុងនោះ រាជរដ្ឋាភិបាល​កម្ពុជា​ សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​អនុវត្ត​គម្រោង​មូលនិធិ​សមធម៌ ដែល​បាន​និង​កំពុង​ផ្តល់នូវ​សេវា​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​ជូន​ដល់​ប្រជាជន​ក្រីក្រ​ជួប​ការ​លំបាក​ប្រមាណ​៣​លាន​ករណី​។​

លោក​រដ្ឋមន្ត្រី​បាន​រំលឹកថា​ចាប់ពី​ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់ឲ្យ​ដំណើរការ​ក្របខណ្ឌ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ ដើម្បី​សម្រេច​ឲ្យ​បានការ​គ្របដណ្ដប់​សុខភាព ជា​សាកល តាមរយៈ​ការអនុវត្ត​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ រួមមាន​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ ការអនុវត្ត​អង្គភាព​ថវិកា​ក្នុង​វិស័យ​សុខាភិបាល ការបង្កើន​ឯករាជ្យភាព​ក្នុង​ការ​វិភាជន៍​ថវិកា​ជាតិ ការផ្តល់​មូលនិធិ​បន្ថែម​ទៅ​ឲ្យ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ការ​ផ្តល់​សាច់​ប្រាក់​ផ្អែកលើ​ការប្រតិបត្តិ​ដោយ​មូលនិធិ​គាំទ្រ​សេវា និង​លើកកម្ពស់​ការ​វិនិយោគ​វិស័យ​សុខាភិបាល​ទាំង​ផ្នែក​សាធារណៈ ​ទាំង​ផ្នែក​ឯកជន​។​

ជាងនេះទៅទៀត​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​ បានដាក់​ឲ្យ​ដំណើរការ​គម្រោង​គាំពារ​ហិរញ្ញវត្ថុ​បន្ថែម​មួយទៀត ដើម្បី​គាំទ្រ​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ​។ កម្មវិធី​នេះ បាន​បង្កើន​ការប្រើប្រាស់​សេវា សុខាភិបាល​ប្រកបដោយ​គុណភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​រាជរដ្ឋាភិបាល​ផ្តល់ជូន​នូវ​សាច់ប្រាក់​ជូន​ដល់​ពួកគាត់​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ​រហូតដល់​កូន​មាន​អាយុ​២​ឆ្នាំ​។ គម្រោង​ថ្មី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញ​ធ្វើឲ្យ​​ប្រសើរឡើង​ស្ថានភាព​សុខភាព​របស់​ស្ត្រី​ និង​កុមារ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

នាឱកាស​ចូលរួម​ក្នុង​សន្និបាត​ខាងលើនេះ លោក ណី សំអុល ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ក៏បាន​ចូលរួម​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ផងដែរ​។ ជាមួយគ្នានេះ​ លោក​រដ្ឋមន្ត្រី​ ក៏បាន​ជួប​ជាមួយ​ឥស្សរជន​សំខាន់ៗ​មួយចំនួន​ដូចជា រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ ដែល​ត្រូវបានតែងតាំង​ជា​ប្រធាន​សន្និបាត​លើក​ទី​៧២​នេះ ជួប​ជា​មួយ​រដ្ឋមន្ត្រី សុខាភិបាល​សិង្ហបុរី នាយក​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​។​

គួរ​បញ្ជាក់ថា ​មុន​ចាប់ផ្ដើម​សន្និបាត​លើក​ទី​៧២ លោក​រដ្ឋមន្ត្រី​ ក៏បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ផង​ដែរ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114