ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួន​មេការ​សំណង់​ម្នាក់ ពីបទ​រំលោភ​ទំនុកចិត្ត ​មិន​សង​ប្រា​ក់​ជាង​៥​ពាន់​ដុល្លារ​ តាម​កិច្ចសន្យា​

​ភ្នំពេញ ​៖ សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​បណ្តឹង​របស់​ជនរងគ្រោះ ចោទប្រកាន់​ពីបទ​រំលោភ​ទំនុកចិត្ត ពាក់ព័ន្ធ​ករណី​គេចខ្លួន​មិន​ព្រម​សង​ប្រាក់​ចំនួន​ជាង​៥​ពាន់​ដុល្លារ ដែល​បាន​ជំពាក់​ថ្លៃ​ទំនិញ​ជាច្រើន​ខែ​កន្លង​មក។​

​ជន​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ ​និង​ចាប់​ឃាត់ខ្លួន​ខាងលើ ឈ្មោះ ណុ​ច ម៉េង​ស្រ៊ាង ហៅ​ម៉ៅ អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​មេការ​សំណង់ មាន​ទីលំនៅ ម្តុំ​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំ​ពេញ​។​

លោក ព្រំ ថេ​ម អាយុ​៣៨​ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​ទីផ្សារ​នៅ​ក្រុមហ៊ុន ដ្រា​ហ្គ​ន​(​អាជីវកម្ម លាយ​បេតុង​) មាន​ទីលំនៅ​ផ្ទះជួល​នៅ ភូមិ​ម័​រ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ ដែលជា​ដើមបណ្ដឹង បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ​៖ កន្លងមក​ឈ្មោះ ណុ​ច ម៉េង​ស្រ៊ាង បាន​មក​ទិញ​បេតុង​នៅ​ក្រុមហ៊ុន​របស់​លោក កាលពី​ថ្ងៃ​ទី​០៩ ខែមីនា​ ឆ្នាំ​២០១៩ ដោយ​នៅ​ជំពាក់​ប្រាក់​ចំនួន​៥.៣០០​ដុល្លារ​អាមេរិក​ទៀត​ ពុំ​ព្រម​សង​តាម​ការសន្យា​ និង​បាន​ផ្ដាច់ការ​ទំនាក់ទំនង​គេចខ្លួនបាត់​រហូតមក​។​

​ជន​រង​គ្រោះ​បាន​បន្តថា ក្រោយមក​មាន​រាយការណ៍​ ឈ្មោះ ណុ​ច ម៉េង​ស្រ៊ាង បាន​កំពុង​តែ​ទិញ​បេតុង​នៅ​ក្រុមហ៊ុន​ផ្សេង​យក​ទៅ​សាងសង់​អគារ​មួយ​ម៉ៅការ​សំណង់​ឲ្យ​គេ​ ទើប​លោក​បាន​ទៅតាម​រក​ឃើញ​ហើយ​បាន​ចាប់​ខ្លួន​យកមក​ប្រគល់អោយ​ខាង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​តែម្តង​។​

​ភាគី​ខាង​ជនជាប់ចោទ​បាន​សារភាព​ថា ពិតជា​បាន​ជំពាក់​ថ្លៃ​ទិញ​បេតុង​នោះ​មែន​ ប៉ុន្តែ​មិនមែន​ថា មិន​សង​ឯណា គ្រាន់តែ​ពន្យារ​ពេល​រកលុយ​សង​ប៉ុណ្ណោះ បែរជា​មក​ចាប់ខ្លួន​ប្រគល់ឲ្យ​ប៉ូលិស​ប្តឹង​ពីបទ​រំលោភ​ទំនុកចិត្ត អីចឹង​ទៅវិញ​ឆ្កុយ​។​ ហើយ​ភាគី​ខាង​ជនជាប់ចោទ​ក៏​កំពុងតែ​ចរចា​គ្នា​ទៅតាម​ផ្លូវច្បាប់​ដែរ​។​

​បញ្ហា​ខាងលើ​ ត្រូវបាន​គេ​មានជំនឿថា អ្វីដែល​ចំណេញ​នោះ ​គឺ​ខាង​តុលាការ ព្រោះ​ឲ្យ​តែមាន​បណ្តឹង​ដឹង​តែមាន​ទោស ព្រោះ​កន្លង​មកឲ្យ​តែមាន​ជម្លោះ​មាន​ជនរងគ្រោះ​ប្តឹង ទោះបី​ជនជាប់ចោទ​បាន​ដោះស្រាយ​សម្របសម្រួល​ជាមួយ​ជន​ដើមចោទ​ដើម្បី​បញ្ចប់រឿង​យ៉ាងណា​ក៏​តុលាការ​នៅតែ​លើក​យក​ហេតុផល​មួយ​ទៀត​មក​ចោទ​ជន​សង្ស័យថា ជាប់​បណ្តឹង​អាជ្ញា​មួយ​ករណី​ទៀត ​ត្រូវ​ដោះស្រាយ​ជាមួយ​តុលាការ ហើយ​ជួនកាល​អស់​លុយ​ច្រើនជាង​សង​មក​ខាងដើម​ចោទ​ទៀត​
​ផង​ ដើម្បី​រំលត់​បណ្តឹង​អាជ្ញា​នោះ​ ករណីនេះ​មាន​ច្រើន​មក​ហើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114