ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល ថ្លែងអំណរគុណ ប្រធានាធិបតី​ចិន ដែល​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​

​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ថ្លែងអំណរគុណ​ទៅដល់ លោក ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស៊ី ជី​ង​ពីង (Xi Jinping) ដែល​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម នាពេល​ថ្មីៗ​នេះ​ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ​។​

លោក ស៊ី ជិន​ពីង បានរៀបចំ​ពិធី ចម្រើន​ព្រះ​ជន្មាយុ ថ្វាយ​ព្រះមហាក្សត្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី នា​រាត្រី ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នា​វិមាន​សភា​ប្រជាជន​ចិន​។​

យោងតាម​សេចក្ដីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា “​សូម​គោរព​ថ្លែងអំណរគុណ ដល់​ប្រជាជន និង ​ឯកឧត្ដម​ប្រធានាធិបតី ​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន ស៊ី ជី​ង​ពីង ដែល​បាន​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម​នា​ពេល​ថ្មីៗ​នេះ​ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ។ នេះ​ជាម​ហា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល ជា​ការ​បញ្ជាក់​សាជាថ្មី​នូវ​ភាព​រឹងមាំ មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ជិតស្និទ្ធ ដែល​ពុំ​អាច​បំបែក​បាន​ឡើយ​”​។​

ជាងនេះទៅទៀត អ្នកនាំពាក្យ ក៏​រំលឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា ក៏​ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល បានទទួល​មហា​កិត្តិយស ពី​ឱកាស​នៃ ការ​ប្រារព្ធ​អបអរសាទរ​ថ្ងៃកំណើត​របស់ សម្ដេច ដែល​រៀបចំ​ដោយ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន ហ្ស៊ូ​អា​បេ (Shinzo Abe) កាលពី​ឆ្នាំ​២០១៧ នៅ​ទីក្រុង​តូ​ក្យូ​។ សម្ដេច​តេ​ជោ ក៏បាន​លើកឡើង​នៅក្នុង​ពិធី​ខួបកំណើត​នោះ​ថា “​ខ្ញុំ​នឹងមិន​អាច​ភ្លេច ថ្ងៃ​ដ៏​ស្រស់​បវរ​នេះ​បានឡើយ​”​។​

អ្នកនាំពាក្យ សូម​គោរព​ដល់​ជនរួមជាតិ​ទាំងអស់​ជាទី​មេត្រី អំពី​ដំណើរការ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា ដែល​បានបង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​មិន​យក​ប្រជាជាតិ​ណាមួយ​ជាស​ត្រូវ ក៏ប៉ុន្ដែ​ចាត់​ទុក​ប្រជាជាតិ​ទាំងនោះ​ជា​ដៃគូ​ទៅវិញ ដើម្បី​បន្ដ​រក្សា​បាន​សន្តិភាព ស្ថិរភាព និង​ការ​រីកចម្រើន​។​

កម្ពុជា​បាន​និង​កំពុង​ដើរតួ​យ៉ាង​សំខាន់បំផុត ក្នុង​កិច្ច​ចូលរួម​រក្សា​សន្ដិភាព និង​កិច្ចពិភាក្សា​ផ្សេងៗ​នៅក្នុង​វេទិកា​តំបន់ និង​អន្ដរជាតិ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម ឬ​វិវាទ​នានា​។ កម្ពុជា បាន​និង​កំពុង​ចូលរួម​យ៉ាងសកម្ម នៅក្នុង​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង​ផ្លូវ (BRI) នាំមុខ​ដោយ ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង។ កម្ពុជា​ដែលជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ពេញលេញ ក៏បាន​ជួយ​គាំទ្រ “​យុទ្ធសាស្ត្រ​សេរី និង​ចំហ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” នាំមុខ​ដោយ​មិត្ត​ជប៉ុន​ផងដែរ​។​

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បញ្ជាក់​សាជាថ្មី​ថា គោលជំហរ​ដូច​បាន​ជម្រាបជូន​ខាងលើ គឺជា​នយោ​បាយ​ការបរទេស​កម្ពុជា ដើម្បី​បន្ដ​រ​ក្សា​ឲ្យ​មាន សម្ព័ន្ធមិត្ត​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដោយ​មិន​រើស​អើង​ពណ៌​សម្បុរ នយោបាយ ដើម្បីឲ្យ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ភូមិសាស្ត្រ​សេដ្ឋកិច្ច​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114