ព័ត៍មានទាន់​ហេតុការណ៏
Search

លុច​ស៊ីស​ផ្ដាច់​ព្រលឹង ព្រលះ​គូទ​រថយន្ត​ធំ​ ក្រឡាប់​ផ្ងារ​ជើង ​ផ្ដាច់​ព្រលឹង​ចិន​២​នាក់

​បន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​ ​ ​​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ ឆ្ពោះទៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​បុក​គូ​រថយន្ត​១​គ្រឿង​ទៀត​ដែល​ដឹក​ទូ បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​២​នាក់ ,​ខ្មែរ​២​នាក់ ​របួសធ្ងន់ ស្រាល​ម្នាក់ ​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​ ថ្ងៃទី​២១​ ខែ​ឧសភា ​ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ​ចំណុច​ភូមិ​ខៃ​ដន ​ឃុំ​កូប​ ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អូរជ្រៅ​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​៣៣០ ពណ៌​ផ្សែង​បារី​ ពាក់​ស្លាក​លេខ​២B ១៤០១ បាត់ដំបង​​ ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ពី​ព្រលានយន្តហោះ​សៀមរាប ​មក​ក្រុង​ប៉ោយប៉ែត បើក​ពី​ទិស​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ឡើង​ជែង​រថយន្ត​ផ្សេង​ទៀត រួច​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពណ៌​ខៀវ​ដឹក​ទូ បណ្តាល​ឲ្យ​រួញ ហើយ​ក្រឡាប់​នៅនឹងកន្លែង​កើតហេតុ ខាង​ផ្នែក​រថយន្ត​ឡិច​ស៊ី​ស គេ​ឃើញ​បុរស​ម្នាក់ ស្ត្រី​ម្នាក់ ជា​ជន​ជាតិ​ចិន​បាន​ស្លាប់​កៀប​ជាប់​ក្នុង​ឡាន។ ចំណែក អ្នកបើកបរ​រថយន្ត​ឡុ​ច​ស៊ី​ស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ បាត់ដំបង 2B.1401 ​ឈ្មោះ លាន ពៅ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ប្រជា​ធម្ម សង្កាត់ ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់។​

រី​ឯ​ផ្នែក​រថយន្ត​ដឹក​ទូ​វិញ​ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស្ករ​ ស្លាក​លេខ ប៉ៃលិន 3A.0205 អ្នកបើកបរ​ឈ្មោះ​នង សុខ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ​រង​របួស​ស្រាល។​ តែ​ស្ត្រី​ជា​ប្រពន្ធ ដែល​រួម​ដំណើរ​លក់ដូរ​ បាន​រង​របួស​ធ្ងន់​បាក់ជើង​ម្ខាង។

មន្ត្រីនគរបាល​បន្តថា​ មកទល់ពេលនេះ សមត្ថកិច្ច​បាន​និង​កំពុង​ដឹកជញ្ជូន​សព​ទៅ​រក្សាទុក​នៅ​វត្ត។​ឯ អ្នករបួស ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គល​បូរី។ ក្រៅពី​នោះ​បាន​សម្អាត និង​សម្រួល​ចរាចរណ៍​ទី​គ្រោះថ្នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114