ព័ត៍មានទាន់​ហេតុការណ៏
Search

តាម​ការ​ផ្សង​ ប្រផ្នូល​ឆ្នាំនេះ ស្រូវ ពោត សណ្ដែក នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ​

តាកែវ​ ៖ តាម​ការ​ផ្សង​ប្រផ្នូល ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ទៅតាម​ក្បួនច្បាប់​ប្រពៃណី​ពី​បុរាណ​ថា ឆ្នាំនេះ​ដំណាំ ស្រូវ ពោត សណ្ដែក នឹង​ទទួល​បាន​ផល​ល្អប្រសើរ​។​

ការ​ផ្សង​ប្រផ្នូល​នេះ ធ្វើឡើង​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល បន្ទាប់ពី​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​បាន​ប្រព្រឹត្ត​ទៅ​៣​ជុំ នៅលើ​ទីលាន​ព្រះ​ស្រែ​រួចមក ព្រាហ្មណ៍​ព្រះ​រាជគ្រូ​ប្រោះព្រំ​ទឹក​ស័ង្ខ​ជ័យ​លើ​គោ​ឧសភរាជ ដើម្បី​ផ្សង​ប្រផ្នូល ដែលមាន​ភ្នាក់ងារ​ក្រុម​ថែរក្សា​ព្រះ​គោ ដោះ​លែង​គោ​ឧសភរាជឲ្យ​​បរិភោគ​អាហារ​ទាំង​៧​មុខ ដែល​រួមមាន ​៖ ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ទឹក ស្រា ដែល​បាន​តម្កល់​លើ​តុ​កណ្តាល​ទីលាន​ព្រះ​ស្រែ ដែលជា​កិច្ច​ផ្សង​ប្រផ្នូល​តាម​បវេណី​។ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះនង្គ័ល​ឆ្នាំនេះ លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា សព្វ​ព្រះរាជ​ហឫទ័យ​រាជានុញ្ញាត​ឲ្យ​ធ្វើជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២ តំណាង​របស់​ព្រះអង្គ និង​លោកជំទាវ ស្រី ប៉ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ​។ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះ​រាជប្បវេណី​ដ៏​សំខាន់ ចាត់ទុកជា​វប្បមង្គល​មួយ ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន តាំងពី​បុរាណកាល​រៀងមក ដែលជា​ការប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​នៅតាម​ស្រុកស្រែ​ចម្ការ​ថា ជាការ​ចាប់ផ្ដើម​រដូវ​វស្សា​មានមក​ដល់​ហើយ​។​

តាម​ប្រវត្តិ ​នៃ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ជា​ព្រះរាជប្បវេណី​ដ៏​សំខាន់​ចាត់ទុកជា​វប្បមង្គល​មួយ ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ មហាក្សត្រ​ ព្រះអង្គ​ តែងតែ​ដឹកនាំ​ធ្វើ​ពុំដែល​ខាន​ តាំងពី​បុរាណកាល​រៀងមក​។ ព្រះរាជ​ពិធី​នេះ​ កាលដើមឡើយ​ តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​វាល​ព្រះមេរុ នៅ​ជិត​ព្រះបរមរាជវាំង តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ព្រះរាជ​ពិធី​ ត្រូវ​ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង ព្រះ​រាជានុញ្ញាត​ឲ្យ​ធ្វើ​នៅតាម​ខេត្ត​វិញ​ម្តង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម​ក្នុង​ព្រះរាជ​បវេណី​ដ៏​សំខាន់​មួយ​នេះ​។ កាលពី​ឆ្នាំ​២០១៨ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ក្រុង​ស្វាយ​រៀង ខេត្ត​ស្វាយរៀង ហើយ​តាម​ការ​ផ្សង​គោ​ឧសភរាជ​ទាំងពីរ​ទៅតាម​ក្បួនច្បាប់​ប្រពៃណី​ពី​បុរាណ បាន​បង្ហាញ​ថា ដំណាំ ស្រូវ ពោត សណ្ដែក ទទួល​បាន​ផល​ល្អ​ប្រសើរ ក្នុងនោះ​គោ​ឧសភរាជ​ទាំងពីរ​បាន​បរិភោគ ស្រូវ​បាន​ប្រមាណ​៩៥​ភាគរយ ពោត បាន​ប្រមាណ​៩៥​ភាគរយ និង​សណ្ដែក​បាន​ប្រមាណ​៨០​ភាគរយ ក្នុងចំណោម​អាហារ​ទាំង​ប្រាំពីរ​មុខ រួមមាន ស្រូវ​, ពោត​, ល្ង​, សណ្ដែក​, ទឹក​, ស្រា និង​ស្មៅ ដែល​ដាក់​ឲ្យ​ផ្សង​ប្រផ្នូល​នោះ​។​

សូមបញ្ជាក់ថា ការ​ផ្សង​ប្រផ្នូល​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ក្រោម​ការរៀបចំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​ដោយមាន​ការ​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​បំផុត របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​ខេត្ត​តាកែវ ដែល​ពិធី​នេះ​ក៏មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ អញ្ជើញ​ចូលរួម​ផង​ដែរ ក្នុងនោះ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​ចៅ​វា​ហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​វត្តមាន​របស់​ព្រះរាជវង្សានុវង្ស ឧ​ត្ត​ម​ប្រឹក្សា​ព្រះមហាក្សត្រ ឯកឧត្ដម លោក​ជំទាវ ជា​សមាជិក​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្ដម លោកជំទាវ ជា​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114