ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងជើង​ ស្តីបន្ទោស​លោក ប៊ី​ដេ​ន ដោយសារ​ការរិះគន់​មេដឹកនាំ គីម ជុង​អ៊ុន

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង​នៅ​ថ្ងៃ​ពុធ​បាន​រិះគន់​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក ចូ ប៊ី​ដេ​ន ថា​ជា “​មនុស្ស​ល្ងីល្ងើ​” និង​ជា “​មនុស្ស​មាន​កម្រិត IQ ទាប​បំផុត​” បន្ទាប់ពី​លោក​បាន​រិះគន់​មេដឹកនាំ គីម ជុង​អ៊ុន។

លោក ប៊ី​ដេ​ន ដែល​កាន់តំណែង​ពីរ​អាណត្តិ​ជា​អនុ​ប្រធានាធិបតី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចាប់តាំងពី​បានប្រកាស​កាលពី​ខែ​មុន​អំពី​បេក្ខភាព​របស់លោក​សម្រាប់​ការតែងតាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០។

ហើយ​មតិយោបល់​មួយចំនួន​របស់លោក​អំ​ពី​មេដឹកនាំ​កូរ៉េខាងជើង​ក្នុងអំឡុង​យុទ្ធនា​ការឃោសនា​ហាក់ដូចជា​បានធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​មានការ​ខឹងសម្បា​យ៉ាងខ្លាំង​ដែល​នាំ​ឲ្យ​មានការ​អត្ថាធិប្បាយដោយ​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ KCNA ។​

ភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​ចោទប្រកាន់​លោក ប៊ី​ដេ​ន ថា​បាន​និយាយ​បង្កាច់បង្ខូច​មេដឹកនាំ​កំពូល​របស់​ប្រទេស​កូរ៉េខាងជើង​ហើយ​បាន​និយាយថា អតីត​ព្រឹទ្ធសមាជិក​រូបនេះ​បានក្លាយ​ទៅជា​នុស្ស “​គ្មាន​ចេះ​ប្រយ័ត្នប្រយែង​និង​គ្មាន​គំនិត​” ។​

ទោះបីជា​យ៉ាងណាក៏ដោយ KCNA មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​ប៉ុន្តែ​នៅឯ​បាតុកម្ម​មួយ​ក្នុង​ទីក្រុង Philadelphia កាលពី​ថ្ងៃ​សៅរ៍ លោក ប៊ី​ដេ​ន បាន​រិះគន់​វិធីសាស្ត្រ​របស់លោក​ដូ​ណា​ល់​ត្រាំ​ចំពោះ​មេដឹកនាំ​កូរ៉េខាងជើង​និង​រុស្ស៊ី​ដោយ​ចោទប្រកាន់​លោក​ប្រធានាធិបតី​ថា​កំពុង​ឱបក្រសោប​ឧក្រិដ្ឋជន​ដូចជា​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​និង​លោក​គីម​ជុង​អ៊ុន​។​

លោក ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​កំពុងកាន់​តំណែង​ដំបូង​គេ​ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នៅពេល​អ្នក​ទាំង​ពីរបាន​ជួបគ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​ហើយ​គាត់​បានលើកឡើង​ម្តង​ហើយ​ម្តងទៀត​អំពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ៏​ល្អ​របស់គាត់​ជាមួយ​លោក​គីម​។​

បច្ចុប្បន្ន​លោក​ប៊ី​ដេ​ន​ជា​បេក្ខជន​ឈានមុខ​ហើយ​មនុស្ស​ជាច្រើន​នៅក្នុង​គណបក្ស​របស់គាត់​ជឿថា​គាត់​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុងការ​ទម្លាក់​លោក​ត្រាំ​ចេញពី​សេត​វិមាន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114