ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឥណ្ឌូនេស៊ី ​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​២០​នាក់​ក្នុង​អំពើហិង្សា​ ក្រោយ​ការបោះឆ្នោត

អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​២០​នាក់​ ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​កុបកម្ម​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ​បន្ទាប់ពី​លទ្ធផល​ផ្លូវការ​បង្ហាញថា លោក​ប្រធានាធិបតី Joko Widodo បាន​ជាប់ឆ្នោត​ជាថ្មី​។​

វីដេអូ​ក្នុង​ទូរទស្សន៍​នៅ​ថ្ងៃ​ពុធ​បានបង្ហាញ​ផ្សែងហុយ​ចេញពី​បាតុករ​រាប់សិប​នាក់​ដែល​កំពុង​រាំ​នៅតាម​ផ្លូវ​ក្នុង​សង្កាត់ Tanah Abang កណ្តាល​រដ្ឋធានី​ហ្សា​ការ​តា​។​

សាក្សី​រ៉​យ​ទ័​រ​បាន​និយាយថា ហ្វូងមនុស្ស​ដាច់ដោយឡែក​នៅមុខ​អង្គភាព​គ្រប់គ្រង​ការបោះឆ្នោត​បាន​គប់​ដុំថ្ម​ដាក់​ប៉ូលិស​។​

គណៈកម្មាធិការ​បោះឆ្នោត​ទូទៅ (KPU) កាលពី​ថ្ងៃ​អង្គារ​បានបញ្ជាក់​ពី​ការរាប់​សន្លឹកឆ្នោត​មិន​ផ្លូវការ​ដោយ​ក្រុម​ស្ទង់​មតិ​ឯកជន​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​១៧​ខែមេសា​ដែល​បានផ្តល់​ឲ្យ​លោក Widodo នូវ​សន្លឹកឆ្នោត​៥៥,៥​ភាគរយ​ទល់នឹង​៤៤,៥​ភាគរយ​លើ​គូប្រជែង​របស់គាត់​គឺ​អតីត​ឧ​ត្ត​ម​សេនីយ៍ Prabowo Subianto ។​

លោក Widodo បានឈ្នះ​ជាង​៨៥​លាន​សន្លឹក​នៃ​ចំនួន​សរុប​១៥៤​លាន​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​លំដាប់​ទី​បី​របស់​ពិភពលោក​មួយ​នេះ​ប៉ុន្តែ​លោក Prabowo បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា លោក​ជឿជាក់ថា​មានការ​ក្លែងបន្លំ​ជាទូទៅ​ហើយ​អ្នកគាំទ្រ​ប្រហែល​១,០០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ទីក្រុង​ហ្សា​ការ​តា​នៅ​មួយថ្ងៃ​មុននេះ​។​

កាលពី​ថ្ងៃ​ចន្ទ ភ្នាក់ងារ​ត្រួតពិនិត្យ​ការបោះឆ្នោត​បាន​ច្រានចោល​ពាក្យបណ្តឹង​នៃ​ការលួចបន្លំ​ជា​ប្រព័ន្ធ​ដោយ​លើកឡើង​ពី​កង្វះ​ភស្តុតាង​។​

ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្យ​បាន​និយាយថា ការបោះឆ្នោត​នេះ​មាន​លក្ខណៈ​សេរី​និង​យុត្តិធម៌​។​
​ការតវ៉ា​ដែល​បានចាប់ផ្តើម​ដោយ​សន្តិភាព​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រែជា​អំពើហិង្សា​នៅពេល​ល្ងាច​ដែលជា​ហេតុ​បង្ខំ​ឲ្យ​ប៉ូលិស​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ហ្វូងមនុស្ស​។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា រថយន្ត​ដែល​ចត​នៅ​ជិត​ទីតាំង​របស់​កង​ប៉ូលិស​ចល័ត​ត្រូវបាន​ដុត​ឆេះ​។​

អ្នកនាំពាក្យ​ប៉ូលិស​លោក Dedi Prasetyo បាន​និយាយថា “​មកដល់ពេលនេះ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជាង​២០​នាក់​ដែល​យើង​គិតថា​ជា​ជនបង្ក​ហេតុ​ហើយ​ពួកគេ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​”​។​

លោក Prasetyo បាន​និយាយថា ប៉ូលិស​កំពុង​ត្រួត​ពិនិត្យមើល​របាយការណ៍​នៃ​ការស្លាប់​និង​របួស​ប៉ុន្តែ​បាន​សង្កត់ធ្ងន់ថា មន្ដ្រី​សន្តិសុខ​ដែល​រួមបញ្ចូល​ទាំង​បុគ្គលិក​យោធា​ផងដែរ​នោះ​គឺ​មិន​ត្រូវបាន​បំពាក់​ដោយ​កាំភ្លើង​បាញ់​គ្រាប់​ពិត​នោះទេ​។​

អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​និយាយថា ប៉ូលិស​និង​បុគ្គលិក​យោធា​ចំនួន​៤០,០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​រដ្ឋធានី​ហ្សា​ការ​តា​ដើម្បី​ធានា​សន្តិសុខ​៕ REUETERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114