ព័ត៍មានទាន់​ហេតុការណ៏
Search

ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​នាពេល​បច្ចុប្បន្ន​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២

អ្នកជំនាញ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ហានិភ័យ​នៃ​អាវុធ​នុយក្លេអ៊ែរ​ ដែល​កំ​ពុង​ត្រូវបាន​ប្រើប្រាស់​គឺ​ឈានដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​មក​។ រឿងនេះ​ត្រូវបាន​អ្នកជំនាញ​ហៅថា​ជា​បញ្ហា​បន្ទាន់​មួយ​ដែល​ពិភពលោក​គួរ​យកចិត្តទុកដាក់​ប​ន្ថែ​ម​។​

លោកស្រី Renata Dwan នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ការកាត់បន្ថយ​សព្វាវុធ​របស់​អង្គការសហប្រជាជាតិ (UNIDIR) បាន​និយាយថា រដ្ឋ​ទាំងអស់​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​គឺ​កំពុងដំណើរការ​កម្មវិធី​ទំនើបកម្ម​នុយក្លេអ៊ែរ​ហើយ​ការគ្រប់គ្រង​អាវុធ​ត្រូវបាន​ផ្លាស់ប្តូរ​មួយផ្នែក​ដោយសារតែ​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​។​

លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា ការរៀបចំ​ការគ្រប់គ្រង​អាវុធ​តាម​ប្រពៃណី​ក៏​កំពុង​ត្រូវបាន​បំផ្លាញ​ផងដែរ​ដោយសារតែ​ការលេចឡើង​នៃ​ប្រភេទ​សង្គ្រាម​ថ្មីៗ​, ដោយ​ការកើនឡើង​នៃ​ក្រុម​ប្រដាប់អាវុធ​និង​កងកម្លាំង​វិស័យ​ឯកជន​និង​បច្ចេកវិទ្យា​ថ្មីៗ​។​

លោកស្រី​បាន​និយាយទៀតថា ខណៈ​ការចរចា​អំពី​ការរំសាយ​អាវុធ​ត្រូវ​ជាប់គាំង​សម្រាប់​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមក​នេះនោះ ប្រទេស​ចំនួន​១២២​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ដើម្បី​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។​

លោកស្រី​បន្តថា “​ខ្ញុំ​គិតថា​វា​ជាការ​អំពាវនាវ​ពិតប្រាកដ​មួយ​ដើម្បី​ឲ្យ​ទទួលស្គាល់ថា​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​គឺមាន​កម្រិត​ខ្ពស់​នាពេល​នេះហើយ​ហានិភ័យ​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ចំពោះ​កត្តា​មួយចំនួន​ដូចដែល​ខ្ញុំ​បានលើកឡើង​គឺ​ខ្ពស់ជាង​ពេលណា​ទាំងអស់​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​ពីរ​មក​”​។​

សន្ធិសញ្ញា​ហាមប្រាម​នុយក្លេអ៊ែរ​ដែល​គេ​ហៅ​ជា​ផ្លូវការ​ថា Treaty for the Prohibition of Nuclear Weapons គឺ​ត្រូវបាន​គាំទ្រ​ដោយ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ (ICAN) ដែល​បានឈ្នះ​ពានរង្វាន់​ណូបែល​សន្តិភាព​នៅក្នុង​ឆ្នាំ​២០១៧​។​

រហូតមកដល់​ពេលនេះ សន្ធិសញ្ញា​នេះ​បាន​ប្រមូលផ្តុំ​ការផ្តល់​សច្ចាប័ន​ចំនួន​២៣​ក្នុងចំណោម​៥០​ដែល​វា​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ចូល​ជា​ធរមាន​ដោយ​រួមទាំង​ប្រទេស​អាហ្វ្រិក​ខាងត្បូង អូទ្រីស ថៃ វៀតណាម​និង​ម៉ិ​ក​ស៊ិ​ក​ផងដែរ​។ ប៉ុន្តែ​វា​ត្រូវបាន​ជំទាស់​យ៉ាងខ្លាំង​ដោយ​សហរដ្ឋអាមេរិក រុស្ស៊ី​និង​រដ្ឋ​ដទៃទៀត​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114