ព័ត៍មានទាន់​ហេតុការណ៏
Search

ព័ត៌មាន​ក្លែងក្លាយ​នៅតែ​បន្ត​រីក​រាលដាល​ បន្ទាប់ពី​ការវាយប្រហារ​នៅ​ស្រីលង្កា​ថ្វីបើ​មាន​បម្រាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម

ក្រុម​អ្នកជំនាញ​បាន​និយាយថា បណ្តាញ​សង្គម​របស់​ប្រទេស​ស្រីលង្កា​ បាន​ជួបប្រទះ​នូវ​ការកើនឡើង​នៃ​ព័ត៌មាន​ក្លែងក្លាយ ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​អំឡុង​ថ្ងៃបុណ្យ Easter កាលពី​ខែ​មុន​ បើទោះបីជា​មានការ​ហាមប្រាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏ដោយ​។ អ្នកជំនាញ​និយាយថា នេះ​បាន​គូសបញ្ជាក់​អំពី​ភាព​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត​។​

បម្រាម​រយៈពេល​៩​ថ្ងៃ​លើ​បណ្តាញ​សង្គម​ដូចជា Facebook, Twitter, YouTube, Instagram និង WhatsApp ត្រូវបាន​ណែនាំ​បន្ទាប់ពី​ការវាយប្រហារ​អះអាង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​លើ​ព្រះវិហារ​និង​សណ្ឋាគារ​កាលពី​ថ្ងៃទី​២១​ខែមេសា​ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៥៨​នាក់​និង​រងរបួស​ជិត​៥០០​នាក់​។​

អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយចំនួន​ដែលមាន​ការធុញទ្រាន់​បាន​ងាក​ទៅរក​បណ្តាញ​ឯកជន (VPNs) ឬ​បណ្តាញ TOR ដើម្បី​ចៀសវាង​បម្រាម​ហើយ​រក្សា​ការសន្ទនា​ដោយ​បើកទូលាយ​ជាមួយ​មិត្តភក្តិ​និង​សាច់ញាតិ​នៅពេល​ទំហំ​នៃ​ការសម្លាប់​រង្គាល​បាន​លាតត្រដាង​យ៉ាងច្បាស់​។​

ប៉ុន្តែ​សម្រាប់​អ្នកដទៃ ឧបករណ៍​ទាំងនេះ​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ពង្រីក​ការភ័ន្តច្រឡំ​និង​និយាយ​មិន​ពិត​នៅពេល​ប្រទេស​កោះ​មួយ​នេះ​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ចំពោះ​ការវាយប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។​

លោក Sanjana Hattotuwa ដែលជា​អ្នកឃ្លាំមើល​បណ្តាញ​សង្គម​សម្រាប់​ព័ត៌មាន​ក្លែងក្លាយ​នៅ​មជ្ឈមណ្ឌល Centre for Policy Alternatives ក្នុង​ទីក្រុង Colombo បាន​និយាយថា រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុងការ​ទប់ស្កាត់​ការចូលរួម ការផលិត ការចែករំលែក​និង​ការពិភាក្សា​អំពី​មាតិកា Facebook ហើយ​ថា គាត់​បាន​មើលឃើញ​ពី​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​របាយការណ៍​មិន​ពិត​។​

ទន្ទឹម​នោះ ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញ​ផ្សាយ​នូវ​ការ​ពិនិត្យមើល​ជាក់ស្តែង​ជាច្រើន​ដែល​បង្ហាញ​ពី​ការអះអាង​មិន​ពិត​ដែល​ត្រូវបាន​ធ្វើឡើង​នៅលើ Facebook និង Twitter បន្ទាប់ពី​ការវាយប្រហារ​អំឡុង​ពិធីបុណ្យ Easter​។​

អ្នកខ្លះ​បាន​សើរើ​រូបភាព​មឈូស​និង​ពិធី​បុណ្យសព​កាលពី​សម័យ​សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍​របស់​ប្រទេស​ស្រីលង្កា​ហើយ​អះអាងថា ពួកគេ​បានបង្ហាញ​អំពី​ជនរងគ្រោះ​នៃ​ការផ្ទុះ​គ្រាប់បែក​។​
​អ្នកផ្សេង​ទៀត​បាន​ប្រើប្រាស់​រូបថត​កាលពី​ប្រាំ​ឆ្នាំមុន​មកពី​ប្រទេស​ឥណ្ឌា​ដែល​បង្ហាញ​បុរស​ពាក់​អាវយឺត​ជាមួយ​អក្សរ “ISIS” ដើម្បី​អះអាងថា មាន​ក្រុម IS សកម្ម​នៅ​ភាគ​ខាងកើត​ប្រទេស​ស្រីលង្កា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114