ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Duterte ពង្រឹង​ការក្តោបក្តាប់​អំណាច​ក្រោយ​ឈ្នះ​ការបោះឆ្នោត​ហ្វីលីពីន​

លទ្ធផល​ចុងក្រោយ​បានបង្ហាញ​នៅ​ថ្ងៃ​ពុធ​ថា សម្ព័ន្ធភាព​របស់លោក​ប្រធានាធិបតី Rodrigo Duterte បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​។​

សម្ព័ន្ធមិត្ត​របស់លោក​បានឈ្នះ​នៅក្នុង​សភា​ទាំងពីរ​ដែល​នេះ​ជាការ​យកឈ្នះ​លើ​បេក្ខជន​គណបក្សប្រឆាំង​ទាំងអស់​នៅក្នុង​ព្រឹទ្ធសភា​ដែល​តែងតែ​ប្រឆាំងនឹង​ផែនការ​ដ៏​ចម្រូងចម្រាស់​របស់លោក Duterte​។​

លទ្ធផល​នេះ​បាន​បើកផ្លូវ​ឲ្យ​លោក Duterte សម្រេចបាន​នូវ​ការអំពាវនាវ​របស់លោក​ក្នុង​ការនាំ​យកទោស​ប្រហារជីវិត​មក​ប្រើ​វិញ​និង​ជំរុញ​គម្រោង​របស់លោក​សម្រាប់​ការសរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​។​

លោក Ramon Casiple អ្នកវិភាគ​នយោបាយ​បាន​ប្រាប់ AFP ថា “​វា​ជាស​ញ្ញា​ច្បាស់​មួយ​ដែលថា ប្រជាជន​នឹង​គាំទ្រ​គាត់​នៅពេលដែល​គាត់​ជំរុញ​សេចក្តីព្រាងច្បាប់​និង​ដំណើរ​នានា​”​។​

លទ្ធផល​ពី​អាជ្ញាធរ​បានបង្ហាញ​ថា ដោយមាន​អ្នកគាំទ្រ​លោក Duterte ចំនួន​៩​រូប​និង​អ្នកនយោបាយ​ដែល​មិនមាន​ការតែងតាំង​ចំនួន​បី​រូប​ទទួលបាន​អាសនៈ​ចំនួន​១២​នៅក្នុង​ព្រឹទ្ធសភា​ដែលមាន​សមាជិក​២៤​រូបនោះ​, មានតែ​សមាជិក​គណបក្សប្រឆាំង​ចំនួន​បួនរូប​ប៉ុណ្ណោះ​ដែល​នៅតែ​រក្សា​អាសនៈ​។​

សម្ព័ន្ធមិត្ត​របស់លោក Duterte បាន​រក្សា​ការត្រួតត្រា​សភា​ជាន់​ទាប​ដែល​បានអនុម័ត​ច្បាប់​ដើម្បី​នាំយក​មកវិញ​នូវ​ទោស​ប្រហារជីវិត​និង​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ចាប់តាំងពី​ការជាប់ឆ្នោត​ឆ្នាំ​២០១៦​របស់លោក Duterte ។​

ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ថ្មីៗ​គឺមាន​អតីត​ស្នងការ​ប៉ូលិស​ជាតិ​លោក Ronald dela Rosa ដែលជា​អ្នកអនុវត្ត​ដំបូង​គេ​បង្អស់​នៃ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោក Duterte ដែល​បានសម្លាប់​មនុស្ស​ជាង​៥,៣០០​នាក់​។​

កៅអី​ព្រឹទ្ធសភា​ក៏បាន​ទៅ​លោក Christopher “Bong” Go ដែលជា​ទីប្រឹក្សា​យូរអង្វែង​របស់លោក Duterte និង​លោកស្រី Imee Marcos ផងដែរ​ដែលជា​កូនស្រី​របស់​មេដឹកនាំ​ផ្ដាច់ការ Ferdinand Marcos ដែល​ត្រូវបាន​បណ្តេញចេញ​នៅក្នុង​ការបះបោរ​មួយ​នៅ​ឆ្នាំ​១៩៨៦៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114