ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ដឹក​ដី ​បើក​លឿន​ជ្រុល​បុក​យុវជន​ពីរ​នាក់​ កំពុង​ជិះ​ម៉ូតូ​បណ្តាល​អោយ​ស្លាប់​ម្នាក់ ​និង​រង​របួស​ធ្ងន់​ម្នាក់

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង ចំណែក​ម្នាក់​ទៀត​រង​របួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នា​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ត​ខាងមុខ ស្រប​ពេល​ដែល​រថយន្ត​ហ៊ីយ៉ាន់​ដាយ យី​ឌុប​ដឹក​ដី បើក​ស្រប​ទិស​ជាន់​ហ្វ្រាំង​មិន​ទាន់ ​បុក​ពីក្រោយ​កិន​ស្លាប់​ម្នាក់ រង​របួស​ធ្ងន់​ម្នាក់ កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ញរ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ។

សមត្ថកិច្ច​បញ្ជាក់​ថា អ្នកស្លាប់​ឈ្មោះ ជា សា​រួន ភេទ​ប្រុស អាយុ​១៤ ឆ្នាំ មុខរបរ​សិស្ស និង​អ្នករបួស​ឈ្មោះ គឹម ម៉ៅ អាយុ​២៣​ឆ្នាំ អ្នក​ទាំងពីរ​ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ២​នាក់​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-4228 ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ពី​ត្បូង​ទៅ​ជើង ល្បឿន​លឿន ដល់​ចំណុចកើតហេតុ វ៉ា​ជែង​រថយន្ត​ខាងមុខ តែ​ជា​អកុសល ស្រប​ពេលដែល​រថយន្ត ម៉ាក​ហ៊ី​យ៉ាន់​ដាយ យី​ឌុប ដឹក​ដី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0583 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ក្នុង​ល្បឿន​លឿន ពី​ត្បូង​ទៅ​ជើង​ស្រប​ទិស​គ្នា ដោយ​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​ជ្រុល​បុក​ពីក្រោយ និង​កិន​អូស​យុវជន​ម្នា​ក់ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹង​កន្លែង​កើតហេតុ និង​យុវជន​ម្នាក់ទៀត​បាន រងរបួស​ធ្ងន់​​ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ បាន​ចុះ​រត់​គេច​ខ្លួន​បាត់។

ក្រោយ​កើតហេតុ ​អ្នក​រង​របួស ​ត្រូវ​បាន​រថយន្ត សង្គ្រោះ​របស់​មណ្ឌល​សុខភាព​ពងទឹក ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក​សព​យុវជន​ខាងលើ ​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​ រួច​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ដោយឡែក​វត្ថុតាង រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​ក្រុង ដើម្បី​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114